អានតួអត្ថបទ
ឥណ្ឌូណេស៊ី

តើ​អាស៊ី​អាគ្នេយ៍​​កំពុង​ប្រឈម​នឹង​បញ្ហា​លំហូរ​ជនអន្តោប្រវេសន៍​តាម​ទូក ដូច​អឺរ៉ុប?

អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​បាន​អំពាវនាវ​នៅថ្ងៃ​អង្គារ​ទី ១២ ឧសភា ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ឲ្យ​ជួយ​សង្រ្គោះ​ជនអន្តោប្រវេសន៍ ដែល​កំពុង​អណ្តែត​ត្រសែត​តាមទូក នៅក្នុង​សមុទ្រ ចន្លោះ​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។ តាំង​ពីថ្ងៃ​អាទិត្យ ជនអន្តោប្រវេសន៍​ប្រមាណ ២ពាន់​នាក់ ដែលនៅ​ក្នុង​នោះ​មានជនជាតិ​រ៉ូហ៊ីងយ៉ា និង​បង់ក្លាដែស​ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ស្រោចស្រង់​ចេញពី​ទឹកសមុទ្រ។ ប្រឈម​នឹង​លំហូរ​ក្រុម​ជន​អន្តោប្រវេសន៍​ខុសច្បាប់ ប្រទេស​ពាក់ព័ន្ធ ថៃ ម៉ាឡេស៊ី ភូមា និង​ឥណ្ឌូណេស៊ី បាន​រុញច្រាន​បញ្ហា​ឲ្យ​គ្នា​ទៅវិញ ទៅមក។  

ប្រជាជន​បង់ក្លាដែស និង​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ភូមា​បាន​រត់គេច​ពី​ភាពអត់ឃ្លាន និង​អំពើហិង្សា ដោយ​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​ប្រទេស​ម៉ាឡេស៊ី
ប្រជាជន​បង់ក្លាដែស និង​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ភូមា​បាន​រត់គេច​ពី​ភាពអត់ឃ្លាន និង​អំពើហិង្សា ដោយ​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​ប្រទេស​ម៉ាឡេស៊ី REUTERS/Roni Bintang
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌូណេស៊ី នៅថ្ងៃ​អង្គារ ទើប​បាន​បញ្ជាក់ថា ខ្លួន​បាន​បញ្ជូន​ចេញ ទូក​ដែល​ដឹក​ជនអន្តោប្រវេសន៍​ប្រមាណ ៤០០​នាក់ ចេញ​ពី​ដែន​សមុទ្រ​របស់ខ្លួន កាលពី​យប់​ថ្ងៃ​ចន្ទ។ នៅ​ថ្ងៃ​អាទិត្យ ឥណ្ឌូណេស៊ី​បាន​ជួយ​ស្រោចស្រង់​ជន​អន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា និង​បង់ក្លាដែស ជិត​៦០០​នាក់ ចេញពី​ក្នុង​ទឹក​សមុទ្រ និង​យក​ទៅ​ដាក់​នៅលើ​កោះ អាឈេ។ នៅ​ថ្ងៃ​ចន្ទ នាវា​ល្បាត​ឥណ្ឌូណេស៊ី រកឃើញ​ទូក​ដឹក​ជនអន្តោប្រវេសន៍ មួយគ្រឿង ដែល​ក្រវែល​ចង់​ចូល​ឆ្នេរ​ខេត្ត​អាឈេ។

 

​ម៉ាណាហាន ស៊ីម៉ូរង់គៀរ អ្នកនាំពាក្យ​របស់​កងទ័ព​ជើងទឹក​ឥណ្ឌូណេស៊ី ​បាន​និយាយ​ថា គេ​បាន​ចាក់សាំង​បំពេញ ឲ្យ​ទូក និង​ផ្តល់ស្បៀងអាហារ ថ្នាំសង្កូវ​ដល់​អ្នកដំណើរ​ប្រមាណ ៤០០​នាក់ នៅលើ​ទូក មុន​នឹង​បញ្ជូន​ទូក​ដឹក​ជនអន្តោរប្រវេសន៍ ចេញ​ពី​ដែន​ទឹក​ឥណ្ឌូណេស៊ី។ នៅក្រោយ​ការបញ្ជូន​ចេញ​របស់​ឥណ្ឌូណេស៊ី គេ​នៅ​មិនទាន់ដឹង​ទិសដៅ​បន្ទាប់ របស់​ទូក​ដឹក​ជនអន្តោប្រវេសន៍ នោះទេ។ គេ​គ្រាន់តែ​ដឹងថា ទូក​ស្ថិតនៅ​ច្រក​ទឹកសមុទ្រ ម៉ាឡាកា ចន្លោះ​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។

 
“ឥណ្ឌូណេស៊ី​មិន​បាន​ចាប់បង្ខំ ឲ្យ​ទូក​បែរ​ក្បាល​សំដៅ ម៉ាឡេស៊ី ឬ​អូស្ត្រាលី​ទេ។ នោះ​មិនមែន​ជា​បញ្ហា​របស់​ឥណ្ឌូណេស៊ី។បញ្ហា​របស់​ឥណ្ឌូណេស៊ី គឺ​ទូក​នោះ​មិន​ត្រូវ​ចូល​ក្នុង​ដែន​ទឹក​របស់​ឥណ្ឌូណេស៊ី ព្រោះ​ឥណ្ឌូណេស៊ី មិនមែន​ជា​គោលដៅ ចូលចត​របស់​ទូក​ដឹកជនអន្តោប្រវេសន៍។” នេះ​ជា​ការអះអាង​របស់​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី។

សមាគម​អារ៉ាកាន ដើម្បី​ការពារ​សិទ្ធិ​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​បាន​ដកស្រង់​សំដី​របស់​ជន​អន្តោប្រវេសន៍ ដែល​រួចរស់​ជីវិត បាន​បង្ហាញថា ជាទូទៅ អ្នក​នៅ​លើ​ទូក​ប្រឈម​នឹង​ការខ្វះ​ចំណី​អាហារ និង​ជម្ងឺ បន្ទាប់​ពី​នៅ​ជាប់គាំង អស់​រាប់​អាទិត្យ នៅក្នុង​សមុទ្រ​នោះ។

តាម​សក្ខីកម្ម​របស់អ្នក​ដែល​ត្រូវ​បាន​គេ​ស្រោចស្រង់​ពីទឹក កាលពីថ្ងៃ​អាទិត្យ អ្នកធ្វើដំណើរ​តាម​ទូក ជួបប្រទះ​នឹង​ការខ្វះ​ស្បៀង ដោយសារ​តែ​ទូក​ត្រូវ​មេឈ្មួញ ចត​យូរ នៅលើ​សមុទ្រ អស់​រាប់សប្តាហ៍ ដើម្បី​រក​ដីគោក​ចូលចត។ អ្នកដំណើរ​ខ្លះ បាន​ស្លាប់​នៅ​តាម​ផ្លូវ ដោយសារ​តែ​ខ្វះអាហារ ឬ​ជម្ងឺ ដែល​បណ្តាល​មកពី​ខ្វះ​មីតាមីន។

អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ បង្ហាញ​ការតក់ស្លុត​ដែល​លឺ​ថា ឥណ្ឌូណេស៊ី​បញ្ជូន​ចេញ​ទូក​ដឹកជនអន្តោប្រវេសន៍​ចេញ​ពី​ដែនទឹក​របស់ខ្លួន។ តាម​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ បើទោះបី​ឥណ្ឌូណេស៊ី​អាច​មិនមែន​ជា​គោលដៅ​របស់​ទូក​ជនអន្តោប្រវេសន៍ ប៉ុន្តែ អាជ្ញាធរ​ឥណ្ឌូណេស៊ី មិន​គួរ​បញ្ជូន​ចេញ​ទូក​ដឹក​ជនអន្តោប្រវេសន៍ ដែល​តាមពិត​កំពុង​ត្រូវការ​ចូល​ចត រក​កន្លែងជួយ​សង្រ្គោះ​នោះ​ទេ។

ឥណ្ឌូណេស៊ី​កំពុង​ធ្វើ ដូច​អូស្ត្រាលី ដែល​មាន​នយោបាយ​ដាច់ណាត់ មិន​ស្វាគម​ទូក​ដឹក​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់។ អ្វី​ដែល​ខុសគ្នា គឺ​អូស្ត្រាលី ចូល​ស្ទាក់​ចាំមុន នៅក្នុង​សមុទ្រ​អន្តរជាតិ ដើម្បី​កុំ​ឲ្យ​ទូកដឹក​ជនអន្តោប្រវេសន៍​ចូល​ក្នុង​ដែន​សមុទ្រ​របស់ខ្លួន​ទាន់។ ចំណែក​ទូក​ជន​អន្តោប្រវេសន៍ ​ដែល​បាន​ឆ្លង​ចូល​ក្នុង​ដែន​សមុទ្រ​របស់អូស្ត្រាលី​រួចហើយ ត្រូវ​អូស្ត្រាលី នាំ​យកទៅ​ដាក់​លើ​ដី​កោះ ដែល​ខ្លួន​ជួល ដូចជា​កោះ​ណូរុ​ជា​ដើម ប៉ុន្តែ មិន​បញ្ជូន​ចេញ ពី​ដែនទឹក ​ដូច​ដែល​ឥណ្ឌូណេស៊ី​បាន​ធ្វើ​នោះទេ។

យុទ្ធនាការ​បង្រ្កាប​ក្រុមជួញដូរ​មនុស្ស​នៅ​ថៃ ជាហេតុផល​ចំបង​ដែល​ធ្វើ​ឲ្យ​ជនអន្តោប្រវេសន៍​ធ្វើដំណើរ​ច្រើន​តាម​ទូក​ចូល​ទៅ​ម៉ាឡេស៊ី
ជន​អន្តោប្រវេសន៍​ដែល​ធ្វើដំណើរ​តាម​ទូក នៅ​អាស៊ី​អាគ្នេយ៍ ភាគច្រើន​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា និង​ប្រជាជន​បង់ក្លាដែស ដែល​ប្រថុយជីវិត លើ​សមុទ្រ ដើម្បី​គេចចេញ​ពី​អំពើហិង្សា នៅភូមា និង​ភាពក្រីក្រ នៅ​បង់ក្លាដែស។ ពួកគេ​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម ធ្វើដំណើរ តាមទូក ចេញ​ពី​ភូមា និង​បង់ក្លាដែស ដើម្បី​សំដៅ​ម៉ាឡេស៊ី ប្រទេស​អ៊ីស្លាម និង​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់ មាន​ធូធារ សំបូរ​ការងារ​ធ្វើ។ តាម​ទម្លាប់​កន្លងមក ទូក​ដឹក​ជនអន្តោប្រវេសន៍​ចេញ​ពី​ភូមា ឬ​បង់ក្លាដែស ត្រូវ​ចូលចត​ក្នុងឆ្នេរ នៅ​ភាគខាងត្បូង​ប្រទេស​ថៃ។ បន្ទាប់មក ជនអន្តោប្រវេសន៍ ត្រូវ​ធ្វើដំណើរ​តាម​ដីគោក​ចូល​ក្នុង​ទឹកដី​ម៉ាឡេស៊ី ដែល​ជាប់ព្រំដែន​ជាមួយ​ថៃ។

ប៉ុន្តែ តាម​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ ការបង្រ្កាប​ក្រុមជួញដូរ​មនុស្ស នៅ​ប្រទេស​ថៃ នៅ​មួយរយៈ​ចុងក្រោយនេះ បាន​ធ្វើ​ឲ្យ​ក្រុមឈ្មួញ ដឹកមនុស្ស​ផ្លាស់ប្តូរ​ផ្លូវ​ធ្វើដំណើរ របស់ខ្លួន ដោយ​ឈប់​ឆ្លង​កាត់​តាម​ដីគោក​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ ធ្វើដំណើរ​តាមទូក សំដៅ​ម៉ាឡេស៊ី​ទៅវិញ។ នាយករដ្ឋមន្រ្តី​ថៃ លោក​ប្រាយុទ្ធ ចាន់អូចា ទើប​បាន​បញ្ជា ឲ្យ​មាន​ការបង្រ្កាប បោសសម្អាត​បណ្តាញ​ជួញដូរ​មនុស្ស នៅ​ប៉ុន្មាន​ថ្ងៃ​នេះ បន្ទាប់​ពី​ទាហាន​រកឃើញ រណ្តៅ​កប់​សាកសព​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅក្នុង​ព្រៃ នៅភាគខាងត្បូង​ថៃ។

តាម​សមាគម​អារ៉ាការ មាន​មនុស្ស​ប្រមាណ ៨ពាន់​នាក់​កំពុង​នៅ​ជាប់​គាំង​ក្នុង​សមុទ្រ ដោយសារ​តែទូក​របស់ពួកគេ​ត្រូវ​មេឈ្មួញ​យក​ទៅធ្វើ​ជា​កន្លែង​លាក់ខ្លួន ឆ្ងាយ​ពី​ភ្នែក​របស់​អាជ្ញាធរ​ថៃ ឬ​ដោយសារតែ​មេឈ្មួញ​រង់ចាំ​ឱកាស​ល្អ​ដើម្ប​បើក​ចូលក្នុង​ទឹកដី​ម៉ាឡេស៊ី។

នាយករដ្ឋមន្រ្តី​ថៃ​បាន​ស្នើ​ឲ្យ​មាន​ការប្រជុំ​ត្រីភាគី​ជាមួយ​ប្រទេស​ពាក់ព័ន្ធ គឺ​ម៉ាឡេស៊ី និង​ភូមា​ដើម្បី ទប់ស្កាត់​ការជួញដូរ​មនុស្ស​ក្នុង​តំបន់។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​ថៃ ការបង្រ្កាប​បណ្តាញ​ជួញដូរ​មនុស្ស ជា​រឿងសំខាន់ ប៉ុន្តែ ដោះស្រាយ​បញ្ហា ដែលធ្វើ​ឲ្យ​មនុស្ស​ធ្វើ​ចំណាកស្រុក ប្រថុយជីវិត​ក្នុង​ដៃ​របស់​ឈ្មួញ ក៏​ជា​រឿង​សំខាន់​មួយដែរ។ ភូមា​វិញ បាន​ប្រកាស​រួចហើយ​ថា ខ្លួន​មិន​ទទួល​ស្គាល់​ជនជាតិ​រ៉ូហ៊ីងយ៉ា ថា ជាជនជាតិ​របស់ខ្លួនទេ។ ជោគវាសនា​របស់​ជនអន្តោប្រវេសន៍ នៅពេលនេះ គឺ​មិនខុស​អី ពី​គ្រាប់​បាល់​ដែល​ប្រទេស​នៅ​អាស៊ី អាគ្នេយ៍ បោះទៅ បោះមក មិនចង់​ទទួល​យក​មក​ទុក​ក្នុង​ដៃ​យ៉ាង​ដូច្នោះដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ