អានតួអត្ថបទ
ចិន

បុរស​​ចិន​ម្នាក់​ទាមទារ​សំណងជម្ងឺចិត្ត ជាង​២​លាន​ដុល្លារ សម្រាប់​ការផ្តន្ទាទោស​ច្រលំ​របស់​តុលាការ

នៅប្រទេស​ចិន បុរស​ម្នាក់​ដែល​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ច្រលំ ឲ្យ​ជាប់គុក ៨​ឆ្នាំ បាន​ទាមទារ​សំណង​ជម្ងឺចិត្ត​យ៉ាងច្រើន​មហាសាល​ពី​រដ្ឋាភិបាល។ នេះ​បើតាម​ការចុះ​ផ្សាយ​របស់​កាសែត​ចិន នៅថ្ងៃ​សុក្រទី ២៦​ធ្នូ។ ការសម្រេច​ផ្តន្ទាទោស​ឲ្យ​ដាក់​គុក ឬ​ប្រហារ​ជីវិត​មនុស្ស​ច្រលំ ដោយ​តុលាការ ឧស្សាហ៍​កើតមាន​នៅ​ចិន និង​កំពុង​រង​ការរិះគន់​កាន់តែ​ខ្លាំង​ពី​សំណាក់​ប្រជាជន​ចិន។  

តុលាការ​ចិនទើប​បាន​​ទទួល​ស្គាល់​កំហុសកាលពីខែ​ធ្នូ​ថា បាន​កាត់ទោស​ប្រហារ​ជីវិត​ច្រលំ​ទៅលើ​យុវជនHugjiltu​ក្នុង​តំបន់​ម៉ុងហ្គោលី​ខាងក្នុង
តុលាការ​ចិនទើប​បាន​​ទទួល​ស្គាល់​កំហុសកាលពីខែ​ធ្នូ​ថា បាន​កាត់ទោស​ប្រហារ​ជីវិត​ច្រលំ​ទៅលើ​យុវជនHugjiltu​ក្នុង​តំបន់​ម៉ុងហ្គោលី​ខាងក្នុង
ផ្សាយពាណិជ្ជកម្ម

លោក​Nian Bin ជា​ម្ចាស់​ហាង​អាហារ ដែល​ត្រូវតុលាការខេត្ត​ហ្វូជៀន​កាត់ទោស ប្រហារ​ជីវិត​ពីបទបំពុល​អាហារ សម្លាប់​កុមារ​ពីរនាក់ កាលពី​ឆ្នាំ ២០០៨។ ប៉ុន្តែ បន្ទាប់ពី​ការតវ៉ា បណ្តឹង​ឧទ្ធរណ៍​ជាច្រើនដង និង​ដោយសារ​ខ្វះ​ភស្តុតាង​ដាក់បន្ទុក លោក​ Nian Bin ក៏​ត្រូវ​បាន​តុលាការ​ចិន​សម្រេច​ដោះលែង ឲ្យ​រួចពីការចោទ​ប្រកាន់​ទាំងឡាយ កាលពីខែ សីហា​កន្លងទៅ។

 
នៅក្នុង​សវនាការ​កន្លងមក Nian Bin អាយុ ៣៨​ឆ្នាំ​បាន​និយាយ​នៅក្នុង​តុលាការ​ថា រូបគាត់​ត្រូវ​ប៉ូលិស​វាយ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ រហូត​ដល់​គាត់​យល់ព្រម​សារភាព​ទៅតាម​ការចង់​បាន​របស់ប៉ូលិស។ ជាប់ឃុំ​ខ្លួន អស់រយៈ​ពេល​៦​ឆ្នាំ និង​ត្រូវ​ប្រឈម​នឹង​ការដាក់ទោស​ប្រហារ​ជីវិត​ដល់​ទៅ ៣ដង នៅក្នុង​ពេល​ដែល​ខ្លួន​គ្មាន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដូចការ​ចោទប្រកាន់​របស់​តុលាការ​ទាល់​តែ​សោះ។ ដោយសារ​តែ​មូលហេតុ​នេះ​ហើយ ទើប​កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​ Nian Bin​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​សំណង​ជម្ងឺចិត្ត ១៥​លាន​យ័ន ស្មើ​នឹង ២លាន ៤​សែន​ដុល្លារ ពី​រដ្ឋអំណាច​ចិន។ លើស​ពីនោះ លោក​ Nian Bin​នៅ​បាន​ទាមទារ​ឲ្យ​តុលាការ​ខេត្ត ហ្វូជៀន​ធ្វើការ​សុំទោស​ជា​សាធារណៈ នៅក្នុង​ប្រព័ន្ធ​ចុះផ្សាយ​របស់​ចិន។

ការកាត់ទោស​ផ្តន្ទាទោស​មនុស្ស​ច្រលំ ឧស្សាហ៍​កើតមាន នៅក្នុង​ប្រព័ន្ធ​តុលាការ​ចិន ដែល​ជាញឹកញយ ជនជាប់សង្ស័យ​មិន​បាន​ទទួល​សេវា​ការពារ​ពី​មេធាវី។ តាម​ស្ថិតិ​ផ្តល់​ដោយ​ប៉ូលិស​ចិន ជនជាប់​សង្ស័យ ជាង​៩៩ភាគរយ​ដែល​ប៉ូលិស​ចាប់បាន ត្រូវ​បាន​ទទួល​ការផ្តន្ទាទោស​ទាំងអស់ នៅ​តុលាការ។ ប៉ុន្តែ ការសើរើ ទទួល​ស្គាល់​កំហុស​ឆ្គង នៅ​តុលាការ និង​យល់ព្រម​ដោះលែង​អ្នកទោស ដែល​មិន​បាន​ប្រព្រឹត្ត​កំហុស ដូច​ករណី​លោក​ Nian Bin គឺ​ជា​រឿង​កម្រ​នៅ​ប្រទេស​ចិន។

កាលពី​ពេលថ្មីៗនេះ បុរស​ម្នាក់​ទើប​បាន​ទទួល​សំណង​ផ្លូវចិត្ត​ពីរដ្ឋ​ប្រមាណ ជាង ២​សែន​ដុល្លារ បន្ទាប់ពី​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដោយ​ច្រលំ ឲ្យ​ជាប់គុក អស់​១៨​ឆ្នាំ។ ជាទូទៅ តុលាការ​សម្រេច​សើរើ​រឿង​ក្តី និង​យល់ព្រម​ដោះលែង​ជនជាប់​សង្ស័យ បន្ទាប់​ពី​ ពិត​ជា​គ្មាន​ភស្តុតាង​អ្វី​សោះដើម្បី​ដាក់​បន្ទុក ឬ​ក៏​ក្រោយពី ឧក្រិដ្ឋជន​ពិតប្រាកដ ត្រូវ​ចាប់ខ្លួន និង​ចេញ មុខ​សារភាព។ ជាក់ស្តែង កាលពី​ដើម​ខែ​ធ្នូនេះ តុលាការ​នៅ​​តំបន់​ម៉ុងហ្គោលី​ខាងក្នុង ទើប​បាន​សម្រេច​ថា យុវជន​អាយុ​១៨​ឆ្នាំ ដែល​ត្រូវ​តុលាការ​កាត់ទោស​ប្រហារ​ជីវិត​ពីបទ​រំលោភ និង​សម្លាប់​មនុស្ស និង​ដែល​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​រួចហើយ កាលពី​១៨​ឆ្នាំ មុន​នោះ ជា​មនុស្ស​ស្អាតស្អំ។ តុលាការ​សម្រេច​យ៉ាងដូច្នេះ បន្ទាប់​ពី​ជនល្មើស​ពិតប្រាកដ​បាន​ចេញមុខ​សារភាព​ទទួល​ស្គាល់​បទឧក្រិដ្ឋ កាលពី​ឆ្នាំ ២០០៥៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ