អានតួអត្ថបទ
ចិន-អាហ្វហ្កានីស្ថាន

នៅ​រុស្ស៊ី ប្រធានាធិបតី​ចិន​នឹង​លើកនិយាយ​ពីការគំរាមកំហែង​របស់​​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​

ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​នឹង​ធ្វើដំណើរ​ទៅ​ចូលរួម​ជំនួបកំពូល​នៃ​អង្គការ​ដើម្បី​សហប្រតិបត្តិការ​សៀងហៃ (OCS) ដែល​នឹង​បើក​ធ្វើ នៅថ្ងៃ ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ទី ១០​កក្កដា នៅ ទីក្រុង​អ៊ូហ្វា Oufa ប្រទេស​រុស្ស៊ី។ នៅក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី និង​មេដឹកនាំ​របស់​ប្រទេស ៤​ផ្សេងទៀត លោកប្រធានាធិបតី​ចិន នឹង​លើក​និយាយ​ពី​គ្រោះថ្នាក់ គំរាមកំហែង​របស់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម នៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ដែល​មានព្រំដែន​ជាប់​ជាមួយ ប្រទេស​សមាជិក​៣ របស់​អង្គការ​(OCS) ដែល​ក្នុង​នោះ​មាន​ផងដែរ ប្រទេស​ចិន។ 

សមាជិក​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ក្នុងតំបន់​ដណ្តើម​កាន់កាប់​ពី​រដ្ឋាភិបាល​ស៊ីរី
សមាជិក​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ក្នុងតំបន់​ដណ្តើម​កាន់កាប់​ពី​រដ្ឋាភិបាល​ស៊ីរី REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ប្រទេស សមាជិក​ទាំង ៦​របស់​អង្គការ​ដើម្បី​សហប្រតិបត្តិការ​សៀងហៃ ដែល​មាន ចិន រុស្ស៊ី អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និង​កាហ្សាក់ស្ថាន មាន​ប្រទេស​បី ដែល​មាន​ព្រំដែន​ជាប់ជាមួយ​អាហ្វហ្កានីស្ថាន។

 
ចិន ដែល​មាន​ជាប់​ព្រំដែន​មួយ​ចំណិត​តូច ជាមួយ​អាហ្វហ្កានីស្ថាន បាន​ចាប់ផ្តើម​លើក​និយាយ​ពី​គ្រោះថ្នាក់​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម បន្ទាប់​ពី​ឃើញ ក្រុម​នេះ ចាប់​លេច​មុខ នៅ​អាហ្វហ្កានីស្ថាន ប្រទេស​ជិតខាង​របស់​ចិន។ ទីក្រុង​បារម្ភ​ខ្លាចក្រែងថា ក្រុមជីហាត​នឹង​អាច​ឆ្លង​ចេញ​ពី​អាហ្វហ្កានីស្ថាន ទៅ​បង្ក​អសន្តិសុខ នៅ​ខេត្ត​ស៊ីនជាំង ដែល​មាន​ព្រំដែន​ជាប់នឹង​អាហ្វហ្កានីស្ថាន។

នៅក្នុង​សន្និសីទ​កាសែត​កាលពីថ្ងៃ​ចន្ទ អនុរដ្ឋមន្រ្តីការបរទេស​ចិន លោក​ឆេង ហ្គួរភីង បាន​និយាយថា ការគំរាមកំហែង របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន គឺ​ជា​ប្រធានរឿង​សំខាន់ ដែល​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នឹង​លើក​យក​ទៅ​និយាយ​នៅក្នុង​ជំនួបកំពូល​នៃអង្គការ​ដើម្បី​សហប្រតិបត្តិការ​សៀងហៃ ដែល​ត្រូវ​រៀបចំ​ធ្វើ​នៅ​ក្នុងប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ខាងមុខ។

សូមបញ្ជាក់​ថា កាលពី​ខែ​មិថុនា​កន្លងទៅ ក្រុមតាលីបង់​បាន​ព្រមាន​រួចហើយ កុំ​ឲ្យ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ចូល​អុកឡុក ក្នុង​ដែនអំណាច​របស់ខ្លួន នៅ​អាហ្វហ្កានីស្ថាន។ ប៉ុន្តែ ថ្មីៗនេះ ជនប្រដាប់អាវុធ​មួយចំនួន​របស់​ក្រុមតាលីបង់ បាន​ប្រកាស​ចុះចូល ភ្ជាប់ខ្លួន​ជាមួយ​ក្រុមជីហាតរដ្ឋអ៊ីស្លាម ដែល​កំពុង​ពង្រីកឥទ្ធិពល​អំណាច​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ តាមអ្នកវិភាគ ពួកចលនា​អ៊ីស្លាម តៀរកេស្ថាន ដែល​ប៉េកាំង​ចោទថា អ្នក​ចូល​ទៅ​ ធ្វើ​ភេរវកម្ម​ក្នុង​ខេត្ត​ស៊ីនជាំង ក្នុង​ប្រទេស​ចិន ទំនង​ជា​បាន​ចុះចូល​ជាមួយ ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។ ទីក្រុង​ប៉េកាំង​ខ្លាច​ថា ក្រុមនេះ​នឹង​មាន​កម្លាំង​ទៅ​ បង្ក​អំពើ​ហិង្សា ក្នុង​ទឹកដី​ចិន។ តាម​អនុរដ្ឋមន្រ្តីការបរទេស​ចិន ទីក្រុង​បារម្ភ​ពីរឿងនេះ និង​ចង់​ពង្រឹង​ឲ្យ​កាន់ខ្លាំង ​ការសហការ​ផ្នែក​សន្តិសុខ តាមព្រំដែន ជាមួយ​ប្រទេសជិត​ខាង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ