អានតួអត្ថបទ
ហ្វីលីពីន-Apec

រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ Apec សន្យា​មិន​ប្រើ​នយោបាយ​រូបិយប័ណ្ណជាតិ​ដើម្បី​ប្រកួតប្រជែង

វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ហៅ​កាត់​ថា Apec ដែល​ចូលរួម​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​បាន​បិទបញ្ចប់​កិច្ចប្រជុំ​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន​នា​ថ្ងៃ​សុក្រ ទី១១ កញ្ញា។ នៅ​ក្នុង​សេចក្តីជូនដំណឹង​រួម​មួយ​ចេញ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​បញ្ចប់​កិច្ចប្រជុំ សមាជិក​ទំាង ២១ប្រទេស​របស់ Apec ដែល​មាន​ចិន និង​អាមេរិក​បាន​សន្យា​មិន​អនុវត្តន៍​នយោបាយ​រូបិយប័ណ្ណជាតិ​ដើម្បី​ប្រកួតប្រជែង​ទេ។ ការ​ប្តេជ្ញា​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ក្នុង​លោក​កំពុង​ទ្រឹងមួយ​កន្លែង។

លោក​ប្រធានាធិបតី​ហ្វីលីពីន​អាគីណូ
លោក​ប្រធានាធិបតី​ហ្វីលីពីន​អាគីណូ Reuters
ផ្សាយពាណិជ្ជកម្ម

អ្វី​ជា​ការ​កត់សម្គាល់​ដំបូង​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​របស់ Apec រយៈពេល ២ថ្ងៃ​ក្នុង​ប្រទេស​ហ្វីលីពីន​នោះ គឺ​អវត្តមាន​លោក​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ចិន លូ យីវ៉េ សមភាគី​អាមេរិកំាង​លោក​ជែក លូ ព្រម​ទំាង​សមភាគី​ជប៉ុន​លោក​តារ៉ូ អាសូ។ ប្រទេស​សំខាន់​ទំាង ៣ នេះ​បាន​បញ្ជូន​ត្រឹម​អ្នកតំណាង​របស់​ខ្លួន​ឲ្យ​ចូលរួម​ប៉ុណ្ណោះ។ ចំណែក​ប្រធានបទ​អាទិភាព​ដែល​បាន​គ្របដណ្តប់​នៅ​ក្នុង​កិច្ចប្រជុំ និង​ដែល​គ្រប់​ភាគី​មិន​អាច​លាក់កំបំាង​ពី​ក្តី​បារម្ភ​របស់​ខ្លួន​នោះ គឺ​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ចិន​មិន​សូវ​ល្អ​ដែល​កំពុង​ជះឥទ្ធិពល​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុង​លោក។

គួរ​រម្លឹក​ជូន​ថា​នៅ​ក្នុង​ខែ​សីហា​កន្លង​ទៅ​ថ្មីៗ​នេះ រដ្ឋាភិបាល​ចិន​បាន​បញ្ចុះ​តម្លៃ​ប្រាក់យ័ន​របស់​ខ្លួន​យ៉ាង​គំហុក​ដើម្បី​ជួយ​ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ដែល​កំពុង​រអិល​ថយ​ក្រោយ។ ទង្វើ​របស់​ក្រុង​ប៉េកំាង​កាល​ណោះ​បាន​ធ្វើ​ឲ្យ​តម្លៃភាគហ៊ុន​នៅ​ទីផ្សារ​ភាគហ៊ុន​ក្នុង​លោក​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លំាង មុន​នឹង​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​នៅ​ពេល​នេះ។ តែ​ចិន​បាន​ចេញ​មុខ​អះអាង​ថា គោលដៅ​នៃ​ការ​បញ្ចុះ​តម្លៃ​ប្រាក់​យ័ន​របស់​ខ្លួន​គឺ​ដើម្បី​សម្រប​ទៅ​តាម​អត្រា​ប្តូរប្រាក់​នៅ​លើ​ទីផ្សារ។ តែ​ដើម្បី​បញ្ជៀស​ការ​និយាយ​ដៀមដាម​ដាក់​ចិន កិច្ចប្រជុំ​មិន​លើក​ឡើង​ចំៗ​ពី​ការ​ដែល​ចិន​បាន​លូកដៃ​អន្តរាគមន៍​លើ​ប្រាក់យ័ន​របស់​ខ្លួន​ទេ។

នៅ​ទីបំផុត កិច្ចប្រជុំ​បាន​ចេញ​ផ្សាយ​នូវ​សេចក្តីជូន​ដំណឹង​រួម​មួយ​ដោយ​សន្យា​ចៀសវាង​មិន​ធ្វើ​អន្តរាគមន៍​លើ​តម្លៃរូបិយប័ណ្ណជាតិ​ដើម្បី​ប្រជែង​គ្នា ព្រម​ទំាង​មិន​ចាត់​វិធានការ​ទំាង​ឡាយ​ណា​ដែល​មាន​លក្ខណៈ​អាត្មានិយម។ ទន្ទឹម​គ្នា​នេះ កិច្ចប្រជុំ​ក៏​បាន​សន្យា​បន្ត​ពង្រឹង​កំណើន​សេដ្ឋកិច្ច និង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ដែរ។ គួរ​រម្លឹក​ជូន​ថា សមាជិក​ទំាង ២១ប្រទេស​របស់ Apec តំណាង​ឲ្យ ៥៧% នៃ​ផលិកម្ម​ពិភពលោក និង​ជិត ៥០% នៃ​ពាណិជ្ជកម្ម​ក្នុង​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ