អានតួអត្ថបទ
ជប៉ុន

តុលាការ​ជប៉ុន​ទាត់ចោល​សំណើ​បើក​ឲ្យ​ដំណើរការ​​រោងចក្រ​នុយក្លេអ៊ែរ

តុលាការ​ខេត្ត​ជប៉ុន​នៅថ្ងៃ​អង្គារ​ទី ១៤ មេសា ​បាន​បដិសេធ​មិន​ឲ្យ​គេ​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ រោងចក្រ​នុយក្លេអ៊ែរ ពីរកន្លែង នៅ​ប៉ែក​ខាងលិច​ប្រទេស​ជប៉ុន នោះ បើទោះ​ជា អាជ្ញាធរ​ផ្នែក​សុវត្ថិភាព​​នុយក្លេអ៊ែរជប៉ុន​ បាន​បញ្ជាក់ ធានា​ពី​សន្តិសុខ​​របស់​រោងចក្រ​ទាំងពីរ​កន្លែង​ក្តី។ 

ក្រុម​អ្នកប្រឆាំង​មិន​ឲ្យ​ជប៉ុន​មាន​នុយក្លេអ៊េរ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី ៨​កុម្ភៈនៅទីក្រុង​តូក្បូ
ក្រុម​អ្នកប្រឆាំង​មិន​ឲ្យ​ជប៉ុន​មាន​នុយក្លេអ៊េរ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី ៨​កុម្ភៈនៅទីក្រុង​តូក្បូ REUTERS/Thomas Peter
ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តី​សម្រេច​របស់​តុលាការ​ខេត្ត Fukui ដែល​ស្ថិតនៅភាគ​ខាងលិច​ប្រទេស​ជប៉ុន នៅ​មាន​លក្ខខណ្ឌ​​ខ្វះខាត ដែល​មិន​អាច​ឲ្យ​គេ​បើក​ប្រើ​រោងចក្រ​នុយក្លេអ៊ែរ​​ តាកាហាម៉ា ទី ៣ និង​ទី ៤។ រោងចក្រ​នុយក្លេអ៊ែរទាំងពីរ​នេះ​ធ្លាប់​បាន​ទទួល​អាជ្ញាបណ្ណ​ ពី​អាជ្ញាធរ​ខាងសុវត្ថិភាពជប៉ុន ឲ្យ​បើក​ដំណើរការ​ឡើងវិញ។ ប៉ុន្តែ ប្រជាជន​នៅ​ក្នុង​ខេត្ត​​ Fukui បាន​ដាក់​ពាក្យ​បណ្តឹង សុំ​អន្តរាគមន៍​ពី​តុលាការ។

 
អង្គការ​បរិស្ថាន Green Peace​បាន​ស្វាគម​ការសម្រេច​របស់​ចៅក្រម ដែល​បាន​គិតគូរ ដល់​អាយុ​ជីវិត ​ប្រជាជន​​ ជប៉ុនរាប់លាន​នាក់ នៅ​រស់នៅ​ក្បែរ​រោងចក្រ​នុយក្លេអ៊ែរ​ទាំងពីរ។  ចៅក្រម របស់​តុលាការ​ខេត្ត​ Fukui បាន​បដិសេធ​មិន​ឲ្យ​គេ​បើក​ដំណើរ​ការ​រោងចក្រ​ដើរ​ដោយ​នុយក្លេអ៊ែរ ឈ្មោះ តាកាហាម៉ា ទី ៣ និង​ទី ៤ នោះបើ​ទោះ​ជា ​រោងចក្រ​ទាំងពីរ​ត្រូវ​បាន​អាជ្ញាធរ​ខាងសុវត្ថិភាព បាន​បញ្ជាក់ថា រោងចក្រ​នុយក្លេអ៊ែរ តាកាហាម៉ា មាន​​ហេដ្ឋារចនាសម្ព័ន្ធ រឹងមាំ អាច​ទប់ទល់​នឹងការគំរាមកំហែងនៃ​​គ្រោះធម្មជាតិ ដូចជា​​គ្រោះរញ្ជួយដី​​ គឺ​មិនដូច​​ នៅ​ហ្វូគូស្ហ៊ីម៉ានោះទេ។ ក្រុមហ៊ុនអគ្គិសនី កង់សៃ ដែល​ជា​ម្ចាស់​រោងចក្រ​នុយក្លេអ៊ែរ តាកាហាម៉ា ទី ៣ និង​ទី ៤ បាន​ប្រកាស​រួចហើយ​ថា នឹង​ធ្វើ​បណ្តឹង​ឧទ្ធរណ៍ នៅក្រោយ​ការសម្រេច​របស់​តុលាការ​ខេត្ត។

ការឆេះ​រោងចក្រ​នុយក្លេអ៊ែរ ដោយសារ​គ្រោះរញ្ជួយដី​នៅ​ខេត្ត​ហ្វូគូស៊្ហីម៉ា នៅ​ឆ្នាំ ២០១១ បាន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ប្រកាស​បិទ​ ផ្អាក មិន​ដំណើរការ​រោងចក្រ​នុយក្លេអ៊ែរ​ទាំង​៤៨​នៅក្នុង​ប្រទេស។ រដ្ឋាភិបាលរបស់​ស៊ីនហ្សូ អាបេ ដែល​លែង​ចង់​​ចំណាយ​ថវិកា​ច្រើន​ដើម្បី​ទិញប្រេង​ពី​បរទេស មក​ផ្គត់ផ្គង់​តម្រូវការ​សេដ្ឋកិច្ច​ក្នុង​ស្រុក បាន​បង្ហាញ​ចេតនា​ចង់​ ដាក់​ឲ្យ​ដំណើរការរោងចក្រ​នុយក្លេអ៊ែរ​ឡើងវិញ។ ប៉ុន្តែ បើទោះជា​រដ្ឋាភិបាល​គាំទ្រ​ចង់​ឲ្យ​ប្រើ​រោងចក្រ​នុយក្លេអ៊ែរ និង​ការបញ្ជាក់​សុវត្ថិភាពពី​ខាង​​អាជ្ញាធរមាន​សមត្ថកិច្ច ការដាក់​ឲ្យ​ដំណើរការរោងចក្រ​នុយក្លេអ៊ែរ នៅ​តែ​បញ្ហា​ចម្រូងចម្រាស និង​តវ៉ា​ប្រឆាំង ពី​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ក៏ដូចជា ក្រុម​អ្នកបរិស្ថាន និង​ប្រជាជនជប៉ុន ដែលមិន​ចង់​ជួប​រងគ្រោះ​ដោយសារ​ការឆេះរោងចក្រ​នុយក្លេអ៊ែរ ដូច​​ប្រជាជន​នៅ​ខេត្ត​ហ្វូគូស៊្ហីម៉ា៕  ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ