អានតួអត្ថបទ
វៀតណាម

វៀតណាម៖កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០១៥ គឺ​ប្រសើរ​ជាង ៥ឆ្នាំ​កន្លង​ទៅ

ប្រទេស​វៀតណាម​បាន​បិទ​បញ្ចប់​ឆ្នាំ ២០១៥ ដោយ​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ចំនួន ៦,៦៨%។ កំណើន​សេដ្ឋកិច្ច ៦,៦៨% គឺ​ជា​អត្រា​មួយ​ដ៏​ខ្ពស់​ដែល​វៀតណាម​មិន​ធ្លាប់​ទទួល​បាន​ទេ បើ​គិត​ក្នុង​រយៈពេល ៥ឆ្នាំ​កន្លង​ទៅ។ ប្រភព​នៃ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ត្រូវ​បាន​រដ្ឋាភិបាល​អះអាង​ថា បាន​មក​ពី​ការ​កើន​ឡើង​នៅ​ក្នុង​វិស័យ​នាំ​ចេញ និង​កំណើន​នៃ​ការ​ចាយវាយ​របស់​ពលរដ្ឋ​វៀតណាម​ក្នុង​ស្រុក។

លោក​ង្វៀង តាន់យ៉ង នាយករដ្ឋមន្រ្តី​វៀតណាម
លោក​ង្វៀង តាន់យ៉ង នាយករដ្ឋមន្រ្តី​វៀតណាម Reuters
ផ្សាយពាណិជ្ជកម្ម

ចំ​ពេល​ដែល​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​ទូទៅ​កំពុង​បន្ត​ទ្រឹង​មួយ​កន្លែង​ពេញ​មួយ​ឆ្នាំ ២០១៥ វៀតណាម​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​លើស​ពី​កម្មវត្ថុ​ដែល​ខ្លួន​បាន​កំណត់។ ៦,៦៨% គឺ​ជា​អត្រា​មួយ​ដ៏​ខ្ពស់​បើ​គិត​ក្នុង​រយៈពេល ៥ឆ្នាំ​កន្លង​ទៅ។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​កំណើន​សេដ្ឋកិច្ច​ដែល​វៀតណាម​ទទួល​បាន​តិច ឬ​ច្រើន​ជា​បន្ត​បន្ទាប់​ ពោល ៥,៤២% ក្នុង​ឆ្នាំ ២០១៣ និង ៥,៩៨% ក្នុង​ឆ្នាំ ២០១៤។ លោក​ង្វៀន ប៊ិចឡាម នាយក​សិក្សា​ស្ថិតិ​បាន​ថ្លែង​សាទរ​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃ​សៅរ៍​នេះ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ដែល​វៀតណាម​ទទួល​បាន​ក្នុង​ឆ្នាំ ២០១៥ នេះ គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​យ៉ាង​សំខាន់​សម្រាប់​សេដ្ឋកិច្ច​វៀតណាម​នា​ឆ្នាំ​ខាង​មុខ ពិសេស​នៅ​ក្នុង​បរិបទ​នៃ​ការ​ធ្លាក់​ថ្លៃ​តម្លៃ​ប្រេងឆៅ និង​អស្ថិរភាព​នៃ​ស្ថានភាព​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ។

យោង​តាម​លោក​ង្វៀន ប៊ិចឡាម តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ផ្តល់​អំណោយផល​ឲ្យ​វៀតណាម​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​ប្រទេស​ដែល​បាន​នំា​ប្រេង​ចូល​ច្រើន​ជាង​គេ។ ចំណែក​កត្តា​សំខាន់​ផ្សេង​ទៀត​ដែល​បាន​ជម្រុញ​ឲ្យ​វៀតណាម​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ គឺ​ការ​កើន​ឡើង​នៅ​ក្នុង​វិស័យ​នាំ​ចេញ និង​ការ​កើន​ឡើង​នៃ​តម្រូវការ​ក្នុង​ស្រុក។ ថ្មីៗ​នេះ លោកស្រី​នាយិការ​ធនាគារ​ពិភពលោក​ប្រចំា​វៀតណាម​វ៉ិចតូរីយ៉ា ក្វាក្វា​បាន​យល់​ឃើញ​ថា កំណើន​វិស័យ​នាំចេញ កំណើន​តម្រូវការ​ក្នុង​ស្រុក អត្រា​អតិផរណា​ទាប និង​ការ​បង្កើន​សេចក្តី​ទុកចិត្ត​បាន​អនុញ្ញាត​ឲ្យ​វៀតណាម​បង្កើត​ចេញ​នូវ​មូលដ្ឋាន​រឹងមាំ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី។

កំណើន​សេដ្ឋកិច្ច​ប្រសើរ​របស់​វៀតណាម​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​គណបក្ស​កុម្មុយនិស្ត​ត្រៀម​រៀបចំ​សមាជ​របស់​ខ្លួន​នៅ​ក្នុង​ខែ​មករា ឆ្នាំ ២០១៦ ដើម្បី​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ថ្មី។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ក៏​កំពុង​ព្យាយាម​ធ្វើ​មហា​កំណែទម្រង់​វិស័យ​សាធារណៈ​របស់​ខ្លួន​ដែល​កំពុង​ស្គាល់​វិបត្តិបំណុល និង​រឿង​អាស្រូវ​ពុករលួយ។ ក្រុម​អ្នក​ជំនាញ​បាន​យល់​ឃើញ​ថា គឺ​វិស័យ​សាធារណៈ​បច្ចុប្បន្ន​នេះ​ហើយ​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​សម្រាប់​រយៈពេល​វែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ