អានតួអត្ថបទ
នេប៉ាល់

គ្រោះរញ្ជួយដី​នេប៉ាល់៖​ប្រជាជន​កំពុង​ព្រួយបារម្ភ​ពី​ការ​កកើត​ជម្ងឺ​ឆ្លង​នានា

នៅ​ប្រទេស​នេប៉ាល់ ជិត​មួយ​សប្តាហ៍ ក្រោយ​គ្រោះរញ្ជួយ​ដី​កាល​ពី​ថ្ងៃ​សៅរ៍ ទី២៥ មេសា​កន្លង​មក ក្តីសង្ឃឹម​នៃ​ការ​ស្វែង​អ្នក​រស់រាន​មាន​ជីវិត​កាន់​តែ​ស្តួចស្តើង​ទៅៗ។ រដ្ឋាភិបាល​បារំាង​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​បាត់ដំណឹង​ពលរដ្ឋ​របស់​ខ្លួន​ចំនួន ១៥៩នាក់​នៅ​ក្នុង​ប្រទេស​នេប៉ាល់ និង​មាន​ប្រជាជន​អឺរ៉ុប​ប្រមាណ​ជា ១ ០០០នាក់​ផ្សេង​ទៀត​កំពុង​បាត់ខ្លួន។ តុល្យការ​បណ្តោះអាសន្ន​ចុង​ក្រោយ​នៃ​ចំនួន​មនុស្ស​ស្លាប់​មាន​ជាង ៦ ២០០នាក់។ នៅ​ក្នុង​ទីក្រុង​កដ្ឋមណ្ឌូ រដ្ឋាភិបាល​នេប៉ាល់ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​កំពុង​បារម្ភ​ខ្លំាង​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​រាតត្បាត​នៃ​ជម្ងឺ​អាសន្នរោគ។

គ្រោះរញ្ជួយដី​នេប៉ាល់៖ប្រជាជន​កំពុង​ព្រួយបារម្ភ​ពី​ការ​កកើត​ជម្ងឺ​ឆ្លង​នានា
គ្រោះរញ្ជួយដី​នេប៉ាល់៖ប្រជាជន​កំពុង​ព្រួយបារម្ភ​ពី​ការ​កកើត​ជម្ងឺ​ឆ្លង​នានា Reuters/路透社
ផ្សាយពាណិជ្ជកម្ម

វិធានការ​របស់​រដ្ឋាភិបាល​នេប៉ាល់​ក្នុង​ការ​ប្រឈម​ទប់​នឹង​បញ្ហា​កង្វះ​អនាម័យ និង​ជម្ងឺ​ឆ្លងរាតត្បាត​នៅ​មាន​កម្រិត​ស្តួងស្តើង។ នៅ​ចំពោះ​មុខ និង​ដោយ​ខ្វះ​លទ្ធភាព រដ្ឋាភិបាល​បាន​ត្រឹមតែ​ផ្សព្វផ្សាយ​សារ និង​ដំបូលន្មាន​ខ្លះៗ​ដល់​ប្រជាជន មាន​ដូច​ជា ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ពិសេស​មុន​នឹង​ទទួល​ទាន​អាហារ ឬ​មួយ​ក៏​ឧស្សាហ៍​សំអាត​បង្គន់​ជា​ដើម។ ក៏​ប៉ុន្តែ ដំបូលន្មាន​ទំាង​នេះ​ហាក់​ដូច​ជា​មិន​សូវ​គ្មាន​ប្រសិទ្ធិភាព​ប៉ុន្មាន​ទេ ព្រោះ​ប្រជាជន​ភាគច្រើន​គ្មាន​ទឹកស្អាត​ប្រើប្រាស់​។ ម្យ៉ាង​ទៀត ការ​ចែកចាយ​ទឹកស្អាត​រៀបចំ​ដោយ​រដ្ឋអំណាច​ក៏​នៅ​មិន​ទាន់​គ្រប់គ្រាន់​អាច​ឆ្លើយ​តប​តាម​តម្រូវការ​របស់​ប្រជាជន​បាន​ដែរ ពិសេស​ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​កដ្ឋមណ្ឌូ​ដែល​ប្រព័ន្ធទឹក​បាន​ទទួល​រង​ការ​ខូតខាត​យ៉ាង​ដំណំ​ពី​គ្រោះ​រញ្ជួយដី។

វិធានការ​មួយ​ទៀត​របស់​រដ្ឋាភិបាល គឺ​ការ​ដាក់​ថ្នំា​សម្លាប់​មេរោគ​នៅ​តាម​ថ្លុកទឹក​ដែល​ពេល​ខ្លះ​មាន​សាកសព​មនុស្ស និង​សត្វ​ជាប់​គំាង​ដោយ​គំនរ​បាក់បែក​នៅ​ក្នុង​ថ្លុកទឹក​ទំាង​នោះ។ វិធានការ​បោសសំអាត​សាកសព​មនុស្ស ឬ​ក៏​សត្វ​នេះ​ក៏​នៅ​មិន​គ្រប់គ្រាន់​ដែរ ព្រោះ​ជា​ទូទៅ គឺ​ប្រជាជន​ទេ​ដែល​បាន​នំា​គ្នា​ធ្វើ​ខ្លួន​ឯង​ដោយ​យក​សាកសព​ទំាង​នោះ​ទៅ​កប់​ដោយ​ពួក​គេ​មិន​អាច​ទ្រំាទ្រ​នឹង​ក្លិន​ដ៏​អាសោច​បាន។ អ៊ីចឹង​ហើយ​បាន​ជា​ប្រជាជន​មិន​ញញើត​នឹង​បរិហារ​ពី​កង្វះ​ឆន្ទៈ ឬ​ពី​ការ​ធ្វើ​ព្រងើយកន្តើយ​របស់​រដ្ឋអំណាច​ប្រឈម​នឹង​ហានិភ័យ​ដែល​នឹង​អាច​បង្ក​ចេញ​ជា​ជម្ងឺ​ឆ្លង​ផ្សេងៗ​ដោយ​កង្វះ​អានាម័យ ពិសេស​កង្វះ​ទឹកស្អាត​ប្រើប្រាស់។ ជម្ងឺ​ឆ្លង​រាតត្បាត​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លំាង​ជាង​គេ​នោះ គឺ​រាករូស និង​អាសន្នរោគ។

ជិត​មួយ​សប្តាហ៍ ក្រោយ​គ្រោះរញ្ជួយ​ដី​មក ក្តីសង្ឃឹម​នៃ​ការ​ស្វែង​អ្នក​រស់រាន​មាន​ជីវិត​កាន់​តែ​ស្តួចស្តើង ហើយ​តុល្យការ​បណ្តោះអាសន្ន​ចុង​ក្រោយ​នៃ​ចំនួន​មនុស្ស​ស្លាប់​មាន​ជាង ៦ ០០០នាក់។ អឺរ៉ុប​កំពុង​ស្វែង​រក​ពលរដ្ឋ​របស់​ខ្លួន​ប្រមាណ​ជា ១ ០០០នាក់​ដែល​កំពុង​បាត់ខ្លួន​នៅ​នេប៉ាល់ ចំណែក​បារំាង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​បាត់ដំណឹង​សូន្យឈឹង​ពី​ពលរដ្ឋ​របស់​ខ្លួន​ចំនួន ១៥៩នាក់​នៅ​ក្នុង​ប្រទេស​នេប៉ាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ