អានតួអត្ថបទ
បារាំង-ហ្វីលីពីន

ការ​កើនឡើង​កំដៅ​ផែនដី ​នាំ​ប្រធានាធិបតី​បារាំង​ទៅ​ហ្វីលីពីន

នៅ​ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ​កុម្ភៈ​នេះ លោក​ប្រធានាធិបតី​បារាំង​ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទស្សនកិច្ច នៅ​ប្រទេស​ហ្វីលីពីន។ ដំណើរ​​ទស្សនកិច្ច​​នេះ ធ្វើ​ឡើង​​ក្នុង​​គោលដៅ យុទ្ធនាការ​បំផុស​​បំផុល ឲ្យ​​មាន​​ការ​​គាំទ្រ ក្នុង​​ការ​​សម្រេច​​ឲ្យ​​បាន នូវ​​កិច្ច​​ព្រមព្រៀង​ ស្តី​ពី​​បញ្ហា​អាកាសធាតុ និង​​ការ​​កើន​ឡើង​​នូវ​​កំដៅ​​ផែនដី។ កិច្ច​​​ព្រមព្រៀង​​​នេះ ជា​​​សេចក្តី​​​សង្ឃឹម​​​របស់​រដ្ឋាភិបាល​​​បារាំង ​ដែល​​ទទួល​​​ធ្វើ​​​ជា​​​ម្ចាស់​​ផ្ទះ និង​​​ជា​​​អ្នក​​​ដឹកនាំ​​​កិច្ច​​​ពិភាក្សា នៅ​​​ទីក្រុង​​​ប៉ារីស​ នា​ដំណាច់​​​ឆ្នាំ​​​នេះ។

លោក​ប្រធានាធិបតី​ ហ្រ្វង់ស័រ ហូឡង់ ពេល​ទៅ​ដល់​ប្រទេស​​ហ្វីលីពីន ក្នុងទស្សនកិច្ច ផ្លូវរដ្ឋ រយៈពេល​២ថ្ងៃ
លោក​ប្រធានាធិបតី​ ហ្រ្វង់ស័រ ហូឡង់ ពេល​ទៅ​ដល់​ប្រទេស​​ហ្វីលីពីន ក្នុងទស្សនកិច្ច ផ្លូវរដ្ឋ រយៈពេល​២ថ្ងៃ AFP/NOEL CELIS
ផ្សាយពាណិជ្ជកម្ម

បញ្ហាអាកាសធាតុ ចំណុចស្នូលនៃទស្សនកិច្ច៖

លោក​ប្រធានាធិបតី​បារាំង​ បាន​ដឹកនាំ គណៈប្រតិភូ​ ទៅ​ដល់​ប្រទេស​ហ្វីលីពីន​ហើយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ កុម្ភៈ។ ដំណើរ​ទស្សនកិច្ច​នេះ នឹង​ធ្វើឡើង​ ក្នុង​រយៈពេល​២​ថ្ងៃ។ នេះ​ជា​លើក​ទីមួយ​ហើយ​ ដែល​ប្រធានាធិបតី​បារាំង បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច ផ្លូវការ​នៅ​ប្រទេស​ហ្វីលីពីន ចាប់​តាំង​ពី​ប្រទេស​ទាំងពីរ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត ជាមួយ​គ្នា ក្នុង​ឆ្នាំ ១៩៤៧។

 
គោលដៅ​នៃ​ទស្សនកិច្ច​នេះ គឺ​ធ្វើ​ឡើង ​ក្នុង​យុទ្ធនាការ បំផុស​បំផុល មតិ​អន្តរជាតិ ស្តី​អំពី ការ​កើនឡើង​នូវ​កំដៅ​ផែនដី និង​ការ​ប្រែប្រួល​អាកាសធាតុ។ បញ្ហា​អាកាសធាតុ​នេះ ជា​បញ្ហា​ចំបង ដែល​រដ្ឋាភិបាល​បារាំង​បាន​យក​ចិត្ត​ទុកដាក់ ជា​ពិសេស​ឆ្នាំ ​២០១៥​នេះ គឺ ជា​ឆ្នាំ​ដែល ​បារាំង ទទួល​រៀបចំ​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ ​ស្តីពី​អាកាសធាតុ នៅ​ទីក្រុង​ប៉ារីស។ រដ្ឋាភិបាល​របស់​លោក ហ្វ្រង់ស័រ ហូឡង់ សង្ឃឹម​យ៉ាង​ខ្លាំង​ ថា នៅ​ខែ ធ្នូ​ចុង​ឆ្នាំ​នេះ បារាំង នឹង​ជំរុញ​ប្រទេស​ដែល​ចូលរួម ក្នុង​សន្និសីទ​នេះ​ សម្រេច​រួមគ្នា នូវ​កិច្ច​ព្រមព្រៀង​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង នឹង​ការ​កើនឡើង​នូវ​កំដៅ​ផែនដី​ ដែល​ប្រទេស​ទាំងអស់​ នៅ​លើ​លោក​យើង​នេះ​ កំពុង​ប្រឈមមុខ មិនថា​ប្រទេស​ក្រីក្រ​ រឺ​ប្រទេស​អ្នក​មាន​ទេ។

លោក​ប្រធានាធិបតី​ ហ្រ្វង់ស័រ ហូឡង់ អម​ដំណើរ​ដោយ​មនុស្ស​ល្បីៗ៖
អម​ដំណើរ​ជាមួយ​លោក ប្រធានាធិបតី​បារាំង និង​រដ្ឋមន្រ្តី​បារាំង​មួយ​ចំនួន យើង​សង្កេតឃើញ​ថា មាន​សុទ្ធសឹង​តែ​មនុស្ស អ្នក​មាន​មុខមាត់ ដែល​ធ្វើការ​យ៉ាង​សកម្ម​ ក្នុង​ការ​ការពារ​បរិស្ថាន និង​ការពារ​ធនធាន​ធម្មជាតិ។ ក្នុង​ចំណោម​នោះ​ រួម​មាន គណៈ​ដឹកនាំ​សង្ឃ Orthodox​ constantinoble​ Bartholomée ទីមួយ។ សង្ឃ​អ័រតូដុក្ស​អង្គ​នេះ ត្រូវ​គេ​ដាក់ងារ​ថា ជា​សង្ឃ​បៃតង គឺ​ដោយសារ​តែ​សកម្មភាព នឹង​ការ​ខំ​ប្រឹងប្រែង​របស់​ព្រះអង្គ​ ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ និង​ជីវចំរុះ។ មន្រ្តី​របស់​អង្គការ​សហប្រជាជាតិ ដែល​ធ្វើការ​លើ​ផ្នែក ទប់​ស្កាត់​ការ​ឡើង​កំដៅ​ផែនដី និង​បំរែបំរួល​អាកាសធាតុ ក៏​បាន​ចូលរួម​ក្នុង​ទស្សនកិច្ច​នេះដែរ។ លោក Nicolas Hulot សកម្មជន​ការពារ​បរិស្ថាន​ ដ៏​ល្បី​របស់​បារាំង នឹង​ត្រូវ​បាន​បារំាង​តែងតាំង ជា​អ្នក​តំណាង​ពិសេស​របស់​រដ្ឋាភិបាល ក្នុង​ការងារ​បរិស្ថាន ក៏​មាន​វត្តមាន​ផងដែរ។

អ្វី ដែល​ពិសេស មួយ​ទៀត​ដែរ គឺ​មាន​តារា​ភាពយន្ត​ស្រី ​បារាំង​ពីរ​នាក់ ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​មែន​ទែន គឺ​នាង Marion Cotillard និង​នាង Mélanie Laurent ក៏​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផងដែរ។ តារា​ស្រី​ហូលីវូដ​ទាំង​ពីរ​នាក់​នេះ បាន​ចំណាយ​ប្រាក់ និង​ពេល​វេលា​ជាច្រើន ក្នុង​ការ​បំផុសបំផុល មតិ​សាធារណៈ ឲ្យ​ជួយ​ការពារ​បរិស្ថាន ព្រមទាំង​រួមគ្នា​ទប់​ស្កាត់​ការ​កើនឡើង​នូវ​កំដៅ​ផែនដី។

ហេតុអ្វី ហ្វីលីពីន​ជា​ប្រទេស​គោលដៅ​របស់​បារាំង ក្នុង​យុទ្ធនាការ​នេះ?
មូលហេតុ​ដែល​ធ្វើឲ្យ​បារាំង ​សម្រេច​ជ្រើសរើស​យក​ប្រទេស​ហ្វីលីពីន ជា​គោលដៅ​នៃ​យុទ្ធនាការ​របស់​ខ្លួន គឺ​ដោយសារ​ហ្វីលីពីន ​ជា​ប្រទេស ​ដែល​ប្រឈមមុខ និង​រង​ឥទ្ធិពល​ខ្លាំង​ជាង​គេ ​ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ឯង។ ផល​អវិជ្ជមាន ដែល​បង្ក​ឡើង​ដោយ​ការ​កើនឡើង​នូវ​កំដៅផែនដី​ គឺ​វា​ស្តែងឡើង​តាម​រយៈ​ គ្រោះ​ធម្មជាតិ​ធ្ងន់​ធ្ងរ ដូច​ជា​ខ្យល់ភ្ជុះ គ្រោះ​រញ្ជួយ​ដី គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​រាំងស្ងួត​ជាដើម។

ហ្វីលីពីន ជា​ប្រទេស ប្រជុំ​កោះ នៅ​កណ្តាល​សមុទ្រ ដែល​មាន​កោះ​សរុប​ ទាំងតូច​ទាំងធំ ប្រមាណ​ជា ៧០០០​ពាន់​កោះ ហើយ​មាន​ប្រជាជន ១០០​លាន​នាក់។ ដោយសារ​តែ​ប្រទេស​នេះ នៅ​ក្នុង​សមុទ្រ ចំ​កន្លែង​ដែល​មាន​ការ​ឆ្លងកាត់​នូវ​ចំហាយ​ក្តៅ ដែល​ភាយ​ចេញ​ពី​ក្នុង​សមុទ្រ បង្ក​ទៅ​ជា​ខ្យល់ព្យុះ​ទីហ្វុង យ៉ាង​សាហាវ។ ក្នុង​មួយ​ឆ្នាំៗ ចន្លោះ​ពី​ខែ មិថុនា ដល់​ខែ​វិច្ឆិកា ហ្វីលីពីន​ទទួល​រង​ខ្យល់ព្យុះ​ មិន​តិច​ជាង ២០​ដង​ទេ។

ខ្យល់ព្យុះ​ទីហ្វុង​ខ្លះ ​មាន​ល្បឿន​លឿន​ខ្លាំង​ណាស់ ដូច​ជា​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ខ្យល់ព្យុះ​ទីហ្វុង ឈ្មោះ ហៃយ៉ាន់ (Haiyan) មាន ល្បឿន ២៣០​គីឡូមែត្រ​ក្នុង​មួយ​ម៉ោង ហើយ​បាន​សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ជា ៧៣៥០​នាក់។ នេះ​យើង​នៅ​មិន​រាប់ ពី​ការ​ខួចខាត​ផ្ទះ​សម្បែង និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ​ផង។ តាម​ការ​វិភាគ​របស់​អ្នក​ជំនាញ​ផ្នែក​អាកាសធាតុ​ ខ្យល់ព្យុះ​ ដែល​បក់បោក​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​យើង​នេះ មាន​ចំនួន​កើនឡើង​ ពី​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ម្តងៗ​កាន់​តែ​ធ្ងន់​ទៅ។ តាមធម្មតា ​កាលណា​មាន​ខ្យល់​ព្យុះ​ខ្លាំង គឺ​តែងតែ​មាន​ភ្លៀងខ្លាំង​ដែរ ហើយ​តែ​កាលណា​មាន​ភ្លៀង​ខ្លាំង នោះ​ច្បាស់​ជា​មាន​ទឹក​ជំនន់​ ជា​មិន​ខាន។

ចំណុច​មួយ​ទៀត ដែល​ជំរុញ​ឲ្យ​ បារាំង​ជ្រើសរើស​យក​ហ្វីលីពីន ជា​គោលដៅ​ គឺ​ដោយសារ តែ​បារាំង ពេញចិត្ត​លើ​គោលជំហរ​របស់​រដ្ឋាភិបាល​ហ្វីលីពីន ដែល​ដឹកនាំ​ដោយ​លោក Benigno Aquino។ បារាំង​សរសើរ​រដ្ឋាភិបាល​ហ្វីលីពីន ថា​មាន​ឆន្ទៈ​មុតមាំ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ការ​កើនឡើង​នូវ​កំដៅ​ផែនដី ដែល​ជា​មូលហេតុ ធ្វើ​ឲ្យ​ប្រទេស​ខ្លួន​ប្រឈមមុខ​នឹង​គ្រោះ​ធម្មជាតិ​ មិន​ស្រាកស្រាន្ត។ ថ្វី​ត្បិត​តែ​ប្រទេស​នេះ បាន​ជួប​គ្រោះ​អកុសល​ជា​ញឹកញាប់​ពិតមែន​ ប៉ុន្តែ​ប្រទេស​នេះ​ នៅតែ​មាន​កំណើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ។ កំណើន​សេដ្ឋកិច្ច​នេះ បាន​ក៏​ដោយសារ​គោល​នយោបាយ សមហេតុ​ផល​របស់​រដ្ឋាភិបាល​ហ្វីលីពីន ដោយ​ផ្តល់​អាទិភាព​ដល់​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។

ការ​ស្រូប​យក​ផល​ចំណូល​ពី​ធនធាន​ធម្មជាតិ មិនមែន​ធ្វើឡើង​ ដោយ​ប្រមូល​ផល ដូច​ជា​ការ​កាប់​ព្រៃឈើ យក​ទៅ​លក់​នោះទេ។ ផ្ទុយ​ទៅ​វិញ ហ្វីលីពីន បាន​ផ្តល់​អាទិភាព​ ទៅ​ដល់ ការ​អភិវឌ្ឍន៍​ដោយ​លៃ​យ៉ាងណា ឲ្យ​ប្រជាជន​ដែល​រស់នៅ​តាម​តំបន់​ផ្សេងៗ ទទួល​បាន​ផលកំរៃ​ ពី​ធនធាន​ធម្មជាតិ។ មួយ​វិញ​ទៀត  គោល​នយោបាយ ​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ ក្នុង​ការ​ប្រើប្រាស់​ថាមពល ដែល​មិនមែន​ជា​ថាមពល​ ដែល​ដើរ​ដោយ​ប្រេងសាំង ជា​គំរូ​មួយ​ដ៏ល្អ​ដល់​ប្រទេស​ផ្សេង​ទៀត។

លោក​ប្រធានាធិបតី​បារាំង ធ្លាប់​បាន​​ថ្លែង​ថា ហ្វីលីពីន​ជា​ប្រទេស​គំរូ និង​ជា​ដៃគូ​ដ៏​ពិសេស ក្នុង​ការ​បំផុស​បំផុល ឲ្យ​ពិភពលោក​យក​ចិត្ត​ទុកដាក់​ លើ​បញ្ហា​អាកាសធាតុ។ បារាំង​ពេញចិត្ត​សម្តី​ប្រធានាធិបតី​ហ្វីលីពីន ដែល​ធ្លាប់​និយាយ​ថា ប្រទេស​ទាំងអស់​ ត្រូវ​ឈប់​មើល​បំណាំ​គ្នា ចោទ​គ្នា​ទៅវិញ​ទៅមក​ថា អ្នកណា​បំពុល​បរិស្ថាន​ ច្រើន​ជាង​អ្នក​ណា។ ផ្ទុយ​ទៅ​វិញ គ្រប់គ្នា​ត្រូវ​ទទួល​ស្គាល់ និង​ប្រឹងប្រែង​ទាំង​អស់​គ្នា ដើម្បី​កុំឲ្យ​ផែនដី​ចេះ​តែ​ឡើង​កំដៅ​ តទៅ​ទៀត ព្រោះ​ថា គ្រោះ​ធម្មជាតិ និង​ផល​ប៉ះពាល់​មិនមែន​ មាន​តែ​ហ្វីលីពីន​ទេ​ ដែល​រងគ្រោះ​តែ​ឯង។

ហ្វីលីពីន នឹង​ជួយ​បារាំង ឲ្យ​បាន​ជោគជ័យ​ ក្នុង​សន្និសីទ​ពិភពលោក​ស្តីពី​អាកាសធាតុ៖
លោក​ប្រធានាធិបតី​បារាំង​ធ្លាប់​បាន​ប្រាប់ថា បារាំង​មាន​តួនាទី​ ប្រមែល​ប្រមូល​ការ​គាំទ្រ នឹង​ចូលរួម​ របស់​សហគមន៍​អន្តរជាតិ​ទាំង​អស់​គ្នា ក្នុង​ការ​ស្វែងរក​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​មួយ​នៅ​ចុង​ឆ្នាំ​នេះ។ លោកថា ដោយ​សង្កេត​ឃើញ គ្រោះ​អាសន្ន​កន្លង​មក​នេះ​ ជា​ពិសេស​នៅ​ហ្វីលីពីន​តែ​ម្តង គឺ​លោក​មាន​ការ​ភ័យខ្លាច​ខ្លាំង​ណាស់ ខ្លាច​បើសិន​ជា​យើង​បន្ត​អូស​ដំណើរ​តទៅ​ទៀត វា​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅ។ គាត់​មាន​ប្រសាសន៍​ថា បារាំង​ចង់ បន្សល់​ទុក​នូវ​ស្នាដៃ ក្នុង​អាណត្តិ​របស់​លោក។

ដូច្នេះ​ហើយ ​បាន​ជា​​បារាំង បាន​ផ្តល់​ក្តី​សង្ឃឹម ទៅ​លើ​ហ្វីលីពីន ក្នុង​ការ​ជួយ​ស្វែងរក​ការ​គាំទ្រ ក៏​ដូច​ជា​ជួយ​បំផុស​បំផុល​ ព្រោះ​ថា ការ​ពិត​ជាក់ស្តែង ​នៃ​ផលវិបាក​ដែល​បង្ក​ឡើង​ដោយ ការ​បញ្ចេញ​ជាតិ​ពុល ទៅ​ក្នុង​អាកាស គឺ​មានហ្វីលីពីន​ជា​ភស្តុតាង​ស្រាប់។ ដូច្នេះ​ប្រទេស​ដ៏ទៃ​ទៀត​គួរ​ណា​តែ យក​បញ្ហា​នេះ​ ទៅ​ពិចារណា ដើម្បី​កុំឲ្យ​រងគ្រោះ​ដូច​ហ្វីលីពីន។ ថ្ងៃ​សុក្រ ទី​២៧ កុម្ភៈ តារា​ភាពយន្ត​បារាំង នាង Marion Cotillard នឹង​អាន​សេចក្តី​អំពាវនាវ ដង្ហើយ​ហៅ របស់​ហ្វីលីពីន ទៅកាន់​ពិភពលោក​ទាំងមូល ឲ្យ​រួបរួម​គ្នា​ ក្នុងការ​កាត់​បន្ថយ​ការ​កើនឡើង​កំដៅ​ផែនដី។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ បារាំង​ក៏​មាន​គម្រោង​ចុះ​ហត្ថលេខា​ជាមួយ​ហ្វីលីពីន​ដែរ ហើយ​សុទ្ធ​ជា​គម្រោង​ដែល​ពាក់ព័ន្ធ​ទៅនឹង ការងារ​ដែល​ផ្តល់​អាទិភាព​ ដល់​ការ​ការពារ​បរិស្ថាន និង​ការ​កាត់​បន្ថយ​ ការ​កើនឡើង​កំដៅ​ផែនដី​ នេះ​តែ​ម្តង។ ឧទាហរណ៍ ដូចជា​គម្រោង​អភិវឌ្ឍន៍ បណ្តាញ​ដឹក​ជញ្ជូន​សាធារណៈ ដូចជា​ការ​សាងសង់​បន្ថែម​ នូវ​ខ្សែ​រថភ្លើង​ក្រោមដី នៅ​ក្រុង​ម៉ានីល ព្រម​ទាំង​ការ​ជម្រុញ​ការ​ប្រើប្រាស់​ថាមពល ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ និង​ដើរ​ដោយ​ខ្យល់ ព្រម​ទាំង​ការ​អភិវឌ្ឍន៍ បណ្តាញ​បន្សុតទឹក​ ដែល​មាន​ជាតិពុល ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ