អានតួអត្ថបទ
តៃវ៉ាន់

អ្នកជំនាញ៖ ម៉ាស៊ីន​ទាំងពីរ​របស់​យន្តហោះ​ក្រុមហ៊ុន​Trans Asia​ មិន​ដំណើរការ មុន​ពេល​ធ្លាក់​ទឹកស្ទឹង

ម៉ាស៊ីន​ទាំងពីរ​របស់​យន្តហោះ របស់​ក្រុមហ៊ុន​​Trans Asia ប្រភេទ​ATR ៧២-៦០០ មិន​ដំណើរការ នៅ​មុន​ពេល​ដែល​យន្តហោះ​ធ្លាក់​ទៅក្នុង​ទឹកស្ទឹង នៅ​កោះតៃវ៉ាន់ កាលពីថ្ងៃ​ពុធទី ៤​កុម្ភៈ។ នេះ បើតាម ការប្រកាស​របស់​ការិយាល័យ​ស៊ើបអង្កេត​តៃវ៉ាន់ នៅថ្ងៃ​សុក្រ​ទី ៦​កុម្ភៈ។ នៅ ក្រោយ​គ្រោះថា្នក់​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​​Trans Asia ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ៣៥​នាក់ (ភាគច្រើន​ជា​ជនជាតិ​ចិន) ក្រុម​ជួយ​សង្រ្គោះ​នៅ​បន្ត​រុករក ជនរងគ្រោះ​៨​នាក់​ផ្សេង ទៀត។ 

បំណែក​របស់​យន្តហោះ​ក្រុមហ៊ុន​Trans Asia ដែល​ធ្លាក់​ចូល​ក្នុង​ទឹកស្ទឹង នៅ​តៃវ៉ាន់ កាលពីថ្ងៃ​ពុធ ទី ៦ កុម្ភៈ
បំណែក​របស់​យន្តហោះ​ក្រុមហ៊ុន​Trans Asia ដែល​ធ្លាក់​ចូល​ក្នុង​ទឹកស្ទឹង នៅ​តៃវ៉ាន់ កាលពីថ្ងៃ​ពុធ ទី ៦ កុម្ភៈ © REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

តាម​មន្រ្តី​ស៊ើបអង្កេត​តៃវ៉ាន់ ទិន្នន័យ​ដែល​គេ​ទទួល​បាន រហូត​មក​ដល់​ពេលនេះ បង្ហាញ​ថា ម៉ាស៊ីន​ទាំងពីរ​របស់​យន្តហោះ ប្រភេទ ATR ៧០-៦០០ មិន​ដំណើរការ នៅ​ក្នុង​អំឡុង​ពេល មុន​យន្តហោះ​ត្រូវ​ធ្លាក់​ចូល​ទៅក្នុង​ទឹកស្ទឹង។ នេះ​បើ​តាម​ការអះអាង​របស់​លោក​Thomas Wang ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អាកាសចរណ៍​ស៊ីវិល ទទួល​បន្ទុក​ស៊ើបអង្កេត​លើ​គ្រោះថ្នាក់​លើកនេះ។

 
តាម​លោក​Wang គេ​បាន​លឺ​សំឡេង​សុំ​ជំនួយ SOS នៅ​ម៉ោង ១០ និង​៥៤​នាទី និង​៣៥​វិនាទី។ ភ្លើង​សញ្ញា​អាសន្ន​បាន​លេចឡើង នៅ​ម៉ោង ១០ និង​​៥៣​នាទី ដែល​បង្ហាញ​ថា ម៉ាស៊ីន​ខាងស្តំា​របស់​យន្តហោះ​មិន​ដំណើរការ នៅក្នុង​ពេល​ដែល​យន្តហោះ​ទើប​ហោះឡើង បាន​ត្រឹម​កំពស់ ៤០០​ម៉ែត្រ។ មួយវិញទៀត គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ថា ហេតុអ្វី​បាន​អ្នកបើក​យន្តហោះ បាន​សម្រេច ពន្លត់​ម៉ាស៊ីន​ខាងឆ្វេង មួយទៀត នៅក្នុង​ពេល​ដែល​ម៉ាស៊ីន​ខាងស្តាំ​កំពុង​លែង​ដំណើរការ​រួចហើយ​នោះ។ ការិយាល័យ​ស៊ើបអង្កេត តៃវ៉ាន់ នៅ​មិនទាន់​​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជាផ្លូវការ នៅឡើយ​ទេ ដោយ​រង់ចាំ​សិក្សា​បន្ថែម​លើ​ទិន្នន័យ​នៅក្នុង​ប្រអប់ខ្មៅ​ដែល​គេ​បាន​ស្រង់​ចេញ​ពីក្នុង​ទឹករួចហើយ។

យោងតាម​វិបសៃតិ៍ ដ៏​ល្បី​ឈ្មោះ Flightradar 24 អ្នកបើកយន្តហោះទំនង​អាច​ធ្វើ​កំហុសដោយ​ច្រលំ​ដៃ ពន្លត់​ម៉ាស៊ីន ដែល​អាច​ធ្វើ​ឲ្យ​យន្តហោះ​បាត់បង់​កម្លាំង​ម៉ាស៊ីន​ទាំងស្រុង នៅ​មួយ​នាទី ក្រោយ​យន្តហោះ ​ហោះឡើង។

អ្នកបើកយន្តហោះ Liao Chien Tsung អាយុ ៤១​ឆ្នាំស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ ទាំង ៣៥​នាក់ ដែល​ស្លាប់ នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ។ តាម​ការចុះផ្សាយ​របស់​កាសែត តៃវ៉ាន់ ឈ្មោះ China Times សាកសព​របស់​អ្នកបើកយន្តហោះ ត្រូវ​គេរក​ឃើញ​នៅក្នុង​បន្ទប់បើកបរ។ ដៃទាំងពីរ​របស់​គាត់​នៅតែ​កាន់​ជាប់ ឧបករណ៍​សម្រាប់​បញ្ជាហោះឡើង (joystick)។ តាម​កាសែត​ដដែល​ដែល​ដកស្រង់​ប្រភព​ស្និទ្ធ​នឹង​ការស៊ើបអង្កេត កាយវិការ​របស់​អ្នកបើក​យន្តហោះ បង្ហាញ​ថា គាត់​នៅ​តែ​ប្រឹង​បញ្ជា​ម៉ាស៊ីន​រហូត​ដល់​វេលាចុងក្រោយ ដើម្បី​ជៀងវាង​កុំ​ឲ្យ​គ្រោះថ្នាក់​យន្តហោះ​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ។

ទាក់ទង​នឹង​រឿង​ម៉ាស៊ីន​របស់​យន្តហោះ ប្រភេទ ATR ៧០-៦០០ អាកាសចរណ៍ ស៊ីវិល​តៃវ៉ាន់ បាន​បញ្ចេញ​ឲ្យ​ដឹង កាលពីថ្ងៃ​សុក្រថា យន្តហោះ​ដែល​ធ្លាក់​ចូល​ក្នុងទឹកស្ទឹង និង​សម្លាប់​មនុស្ស​យ៉ាងតិច ៣៥​នាក់ កាលពីថ្ងៃ​ពុធ ធ្លាប់​មាន​បញ្ហា​ម៉ាស៊ីន​ម្តងហើយ នៅក្នុង​ពេល​ហោះហើរ ពី​ទីក្រុង​ទូលូស ប្រទេស​បារាំង សំដៅ​តៃវ៉ាន់ កាលពី​ខែ​មេសា​ឆ្នាំមុន។ យោងតាម អ្នកទទួល​ខុសត្រូវ​ផ្នែក​ស្តង់ដា របស់​អាកាសចរណ៍​ស៊ីវិល​តៃវ៉ាន់ នៅក្នុង​ពេល​ហោះហើរ ម៉ាស៊ីន​មួយ​របស់​យន្តហោះ ស្រាប់តែ​ឈប់ គាំង​មិន​ដំណើរការ។ ក្រោយមក ម៉ាស៊ីន​ដែល​ខូច​ត្រូវ​បាន​ផ្លាស់ថ្មី ដោយ​ក្រុមហ៊ុន​កាណាដា Pratt& Whitney ដែល​ជា​ម្ចាស់​ផលិត​ម៉ាស៊ីន​របស់​យន្តហោះ ប្រភេទ ATR ៧០-៦០០។

នៅក្នុង​រយៈពេល តែ ៦ខែ ​ក្រុមហ៊ុន​ហោះហើរ​​Trans Asia បាន​ជួប​គ្រោះថ្នាក់​ពីរដង។ យោង​តាម​អាកាសចរណ៍​ស៊ីវិល នៅក្រោយ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ កាលពី​ខែ​កក្កដា ដែល​បាន​សម្លាប់​មនុស្ស​៥៨​នាក់ ក្រុមហ៊ុន​​​Trans Asia​បាន​ទទួល​បទបញ្ជា​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ កែលម្អ​ផ្នែក​សុវត្ថិភាព និង​សមត្ថភាព​របស់​អ្នកបើក​យន្តហោះ​ឡើងវិញ។ ប៉ុន្តែ រហូត​មក​ដល់​ខែ ធ្នូ ក្រុមហ៊ុន​​Trans Asia​របស់​តៃវ៉ាន់ ធ្វើ​បាន​ត្រឹម​២ភាគបី នៃ​បទបញ្ជា​របស់​អាកាសចរណ៍​ស៊ីវិល​តៃវ៉ាន់។ តាម​លោក​Lin Thy-Ming ក្រុមហ៊ុន​​​Trans Asia​មាន​ពេល​រហូត​ដល់​ខែ​មិថុនា​ឆ្នាំនេះ ដើម្បី​កែលម្អ សេវា​របស់ខ្លួន ទៅ​តាម​បទដ្ឋាន​របស់​អាកាសចរណ៍​ស៊ីវិល បើ​មិន​ដូច្នោះទេ ក្រុមហ៊ុន​នឹង​ប្រឈម​នឹង​ការដាក់​ទណ្ឌកម្ម ទៅតាម​ទំហំ​នៃ​បទល្មើស។ នៅក្នុង​ពេល​អំឡុង​រង់ចាំ ក្រុមហ៊ុន​Trans Asia ដែល​កំពុង​រីកមុខមាត់​ក្នុង​ជំនួញ ត្រូវ​បាន​ហាមឃាត់ ជាបណ្តោះអាសន្ន មិនឲ្យ​បង្កើត​ខ្សែហោះហើរ​ថ្មី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ