អានតួអត្ថបទ
ថៃ

ការ​ជួញដូរ​មនុស្ស៖ ​ប៉ូលិសថៃ​រកឃើញ​រណ្តៅ​សាកសព​៥ទៀត​នៅក្នុង​ព្រៃ

ប៉ូលិស​ថៃ​ ដែល​កំពុង​ស៊ើបអង្កេត​លើ​រណ្តៅសាកសព​ជនអន្តោប្រវេសន៍​ខុសច្បាប់​រងគ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស ទើប​នឹង​បាន​រកឃើញ​រណ្តៅ​សាកសព​ចំនួន ៥ផ្សេងទៀត នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស មិនឆ្ងាយ​ប៉ុន្មាន​ពី​រណ្តៅ​ចាស់។ ក្នុងពេល​ជាមួយគ្នា ប៉ូលិស​ថៃ​ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ថា គេ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៤នាក់ ដែល​ជាប់ពាក់ព័ន្ធ​នឹង​បណ្តាញ​ជួញដូរ​មនុស្ស។

សាកសព​ដែល​គេ​ជីកយកចេញ​ពី​រណ្តៅ​ទីមួយ កាល​ពីថ្ងៃ​ទី២ ឧសភា ២០១៥
សាកសព​ដែល​គេ​ជីកយកចេញ​ពី​រណ្តៅ​ទីមួយ កាល​ពីថ្ងៃ​ទី២ ឧសភា ២០១៥ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

យោងតាម​ប៉ូលិស​ថៃ​ រណ្តៅ​សាកសព​ថ្មីៗ​ចំនួន ៥ ត្រូវ​បាន​គេ​រកឃើញ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ហើយ​រណ្តៅ​ថ្មីៗ​នេះ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ១គីឡូម៉ែត្រ​ពី​រណ្តៅ​ទីមួយ ដែល​គេ​រកឃើញ​សាកសព​២៦នាក់ កាល​ពី​ចុងសប្តាហ៍​មុន។ ក៏ប៉ុន្តែ ប៉ូលិស​បាន​បញ្ជាក់​បន្ថែម​ថា រហូតមកទល់នឹង​ពេលនេះ គេ​នៅមិនទាន់​ដឹង​ច្បាស់នៅឡើយទេ​ថា តើ​​រណ្តៅ​ទាំង ៥ ដែល​គេ​ទើប​នឹង​រកឃើញ​ក្រោយ​នេះ មានសាកសព​នៅ​ក្នុងនោះ​ដែរ​ឬ​អត់?

ទីតាំង​ដែល​គេ​រកឃើញ​រណ្តៅសាកសព​ទាំងនេះ ស្ថិត​នៅ​ក្នុងព្រៃ ក្បែរ​ព្រំដែន រវាង​ថៃ និង​​ម៉ាឡេស៊ី ដែល​ជា​ច្រក​ចេញចូល​ដ៏សំខាន់​នៃ​ការ​ជួញដូរ​មនុស្ស។ អាជ្ញាធរ​ថៃ​ធ្លាប់​បាន​ឲ្យដឹង​ថា សាកសព​​ទាំង ២៦ ដែល​គេ​រកឃើញ កាល​ពី​ចុងសប្តាហ៍​កន្លងទៅនេះ ប្រហែល​ជា​សាកសព​ជនអន្តោប្រវេសន៍​ខុសច្បាប់​មក​ពី​ភូមា និង​បង់ក្លាដែស ហើយ​ដែល​ត្រូវ​ធ្លាក់​ខ្លួន​ជា​ជនរងគ្រោះ​របស់​បណ្តាញ​ជួញដូរ​មនុស្ស។

កាលពីថ្ងៃ​ចន្ទ​ម្សិលមិញ ប៉ូលិស​ថៃ​បាន​ប្រកាស​ឲ្យដឹង​ថា ក្រោយ​ពីគេ​រកឃើញ​រណ្តៅ​សាកសព​ជនអន្តោប្រវេសន៍ អាជ្ញាធរ​បាន​បើក​ការ​ស៊ើបអង្កេត ហើយ​ឈាន​ទៅ​​ចាប់ខ្លួន​មនុស្ស ៤នាក់ ដែល​ជាប់សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​បណ្តាញ​ជួញដូរ​មនុស្ស។ ជនសង្ស័យទាំង ៤នាក់​នេះ មាន​ម្នាក់ គឺ​ជា​ជនជាតិ​ភូមា ចំណែក​ឯ ៣នាក់​ទៀត គឺ​​ជា​មន្រ្តី​រដ្ឋបាល​មូលដ្ឋាន​ក្នុង​ខេត្ត​សុងខ្លា​ប្រទេស​ថៃ គឺ​ម្នាក់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ និង​ពីរនាក់​ទៀត​ជា​អនុប្រធានភូមិ។

គួរបញ្ជាក់ថា កាលពីពេល​កន្លងមក មាន​អង្គការ​ការពារសិទ្ធិមនុស្ស​ជាច្រើន​តែងតែ​បាន​រិះគន់​អាជ្ញាធរ​ថៃ​ថា​បាន​បិទភ្នែក​ធ្វើ​គ​ធ្វើថ្លង់ បណ្តោយ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​ធ្វើ​សកម្មភាព​ស្រេចតែ​អំពើ​ចិត្ត ដោយ​ពេលខ្លះ​ថែម​ទាំង​មាន​ការឃុបឃិតពី​សំណាក់​អាជ្ញាធរ​ថែម​ទៀតផង។ សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ថៃ ក៏​ធ្លាប់​បាន​ចេញ​របាយការណ៍​បរិហារិះគន់​ក្រុងបាងកក​យ៉ាង​ចាស់ដៃ​ផងដែរ កាល​ពី​ឆ្នាំ​ទៅមិញ ទាក់ទង​នឹង​បញ្ហា​ជួញដូរ​មនុស្ស​នេះ។

ប្រឈមមុខ​នឹង​កេរ្តិ៍ឈ្មោះ​អាក្រក់​បែបនេះ និង​ជា​ពិសេស ដោយ​បារម្ភ​ខ្លាច​ត្រូវ​ទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក របបសឹកថៃ​បាន​បើក​ប្រតិបត្តិការ​​បង្រ្កាប​បណ្តាញ​ជួញដូរ​មនុស្ស រហូត​ឈាន​ទៅ​ចាប់ខ្លួន​​មន្រ្តីថៃ​ជាច្រើន​រូប កាល​ពី​ប៉ុន្មាន​ខែ​មុន។ ក៏ប៉ុន្តែ ការរកឃើញ​រណ្តៅសាកសព​ជនអន្តោប្រវេសន៍​នៅពេលនេះ កំពុងតែ​ធ្វើ​ឲ្យ​ថៃ​ត្រូវ​ទទួល​រង​នូវការ​រិះគន់​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ដោយ​​អង្គការ​សិទ្ធិមនុស្ស Human Rights Watch បាន​លើកឡើង​ថា បញ្ហា​ជួញដូរ​មនុស្ស​នៅ​ថៃ​បាន​ធ្លាក់​ដល់​ដំណាក់​កាល​មួយ ដែល​ “គ្រប់គ្រង​លែងបាន” ហើយ​​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​អន្តរជាតិ ទៅលើ​ករណីរកឃើញ​រណ្តៅសាកសព​ជនអន្តោប្រវេសន៍​នៅ​ថៃ​ពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ