អានតួអត្ថបទ
ថៃ

ថៃ៖ឧត្តមសេនីយ៍​ម្នាក់​ជាប់ចោទ​ពីបទ​ប្រមាថ​ព្រះចេស្តា

នៅ​ក្នុង​ប្រទេស​ថៃ ប៉ូលិស​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ វិច្ឆិកា​ថា ខ្លួន​កំពុង​តាម​រក​ចាប់​ខ្លួន​ឧត្តមសេនីយ៍​​យោធា​ម្នាក់​ដែល​ជាប់ចោទ​ពី​បទ​ប្រមាថ​ព្រះចេស្តា។ នេះ​ជា​បទ​ចោទ​ប្រកាន់​មួយ​ដែល​គេ​កម្រ​ឃើញ​កើត​មាន​លើ​មន្រ្តី​ស្ថាប័ន​កងទ័ព​ដែល​ជា​ស្ថាប័ន​ស្មោះស្ម័គ្រ​នឹង​រាជានិយម។ យ៉ាង​ណា​ក៏​ដោយ អ្នកនាំពាក្យ​ប៉ូលិស​លោក​ចាយ៉ាពុង ឆាតឆាយដេ​មិន​បាន​បញ្ជាក់​លំអិត​ពី​ទង្វើ​ប្រមាជ​ព្រះចេស្តា​របស់​រូប​ឧត្តមសេនីយ​យោធា​នោះ​ទេ។

លោក​នាយករដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធ ចាន់អូចា
លោក​នាយករដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធ ចាន់អូចា ©REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​បាងកក​ដែល​អ្នកនាំពាក្យ​ប៉ូលិស​លោក​ចាយ៉ាពុង ឆាតឆាយដេ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​ឧត្តមសេនីយ៍​​យោធា​ម្នាក់ និង​មន្រ្តី​ប៉ូលិសជាន់ខ្ពស់​ពីរ​នាក់​បាន​ជាប់ចោទ​ពី​បទ​ប្រមាថ​ព្រះចេស្តា តែ​មិន​បាន​លំអិត​អ្វី​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទេ។ គួរ​ជម្រាប​ជូន​ថា​ជា​ទូទៅ រឿង​អាស្រូវ​ប្រមាថ​រាជានិយម​ច្រើន​តែ​កើត​មាន​លើ​មនុស្ស​ដែល​ជា​ក្រុម​សកម្មជន​របស់​បក្សប្រឆាំង ពិសេស​ក្រុម​អ្នកស្មោះស្ម័គ្រ​នឹង​លោក​អតីត​នាយករដ្ឋមន្រ្តី​ធ្លាក់​ពី​អំណាច​ថាក់ស៊ីន ស៊ីណាវ៉ាត់។ តែ​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ គេ​បាន​សង្កេត​ឃើញ​រឿង​អាស្រូវ​ដ៏​រសើប​មួយ​នេះ​បាន​ប៉ះពាល់​ដល់​មនុស្សជំនិត​នឹង​ព្រះបរមរាជវាំង និង​ឥឡូវ​បាន​ឈាន​ចូល​ដល់​ស្ថាប័ន​កងទ័ព​ដែល​គេ​ស្គាល់​ថា ជា​ស្ថាប័ន​ស្មោះស័្មគ្រ​នឹង​រាជានិយម​ជាង​គេ។

មនុស្សជំនិត​នឹង​ព្រះបរមរាជវាំង​ដែល​បាន​ជាប់ចោទ​ក្នុង​បទ​ប្រមាថ​​ព្រះចេស្តា​នា​ប៉ុន្មាន​ខែ​កន្លង​ទៅ គឺ​សមាជិក​គ្រួសារ​សាច់ថ្លៃ​របស់​ព្រះអង្គម្ចាស់​ម៉ាហា វ៉ាយីរ៉ាឡុងកន​ដែល​ទើប​លែងលះ​គ្នា។ មាន​សមាជិក​គ្រួសារ​សាច់ថ្លៃ​របស់​ព្រះអង្គ​ម៉ាហា​ជា​ច្រើន​នាក់​បាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​ពី​បទ​បាន​ឆ្លៀត​ប្រើ​ខ្នង​រាជានិយម​ដើម្បី​ប្រយោជន៍​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន។ ក្នុង​សំណុំរឿង​ប្រមាថ​​ព្រះចេស្តា​ដដែល​នេះ មាន​បុរស​ពីរ​នាក់ ក្នុង​នោះ​ម្នាក់​ជា​មន្រ្តី​ប៉ូលិស​ជាន់ខ្ពស់​ទើប​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​តុលាការ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ វិច្ឆិកា។ បុរស​ទំាង​ពីរ​រូប​បាន​ជាប់​ចោទ​ពី​បទ​បញ្ជូន​សារ​បរិហារ​កេរ្តិ៍​នៅ​លើ​បណ្តាញ​សង្គម Facebook។

នៅ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​ថៃ ទង្វើ​និយាយ​ប៉ះពាល់​ដល់​ក្រុមគ្រួសារ​រាជវង្ស​នឹង​អាច​ដេក​ក្នុង​គុក​ចំនួន ១៥ឆ្នំា។ នៅ​ថ្ងៃ​ពុធ ទី២៥ វិច្ឆិកា អាមេរិក​តាម​រយៈ​ឯកអគ្គរដ្ឋទូត​ប្រចំា​ក្រុង​បាងកក​លោក Davies បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ទម្ងន់ទោស​ជាប់គុក​ក្នុង​បទ​ប្រមាថ​​ព្រះចេស្តា។ សម្រាប់​លោក Davies គេ​មិន​គួរ​ចាប់​មនុស្ស​ញាត់​គុក​ដោយ​សារ​តែ​ពួក​គេ​បាន​បញ្ចេញ​មតិយោបល់​ដោយ​សន្តិវិធី​នោះ​ទេ។ អង្គការ​សហប្រជាជាតិ​ក៏​បាន​សម្តែង​ក្តីបារម្ភ​ដូច​គ្នា​កាល​ពី​ខែ​សីហា​កន្លង​ទៅ ពិសេស​ក្រោយ​ពី​មាន​ការ​កាត់​ទោស​មនុស្ស​ពីរ​ឲ្យ​ជាប់​គុក ២៨ឆ្នាំ និង ៣០ឆ្នាំ​ពី​បទ​បាន​បោះផ្សាយ​សារ​នៅ​លើ​បណ្តាញ​សង្គម Facebook៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ