អានតួអត្ថបទ

​​អ្នក​ជាប់​ចោទ​ជេរ​ប្រមាថ​ព្រះ​ចេស្តា​ស្តេច​​ស្លាប់​ក្នុង​ពន្ធនាគារ​ អាជ្ញាធរ​យល់​ថា​ធម្មតា

ក្នុង​រយៈ​ពេល​តែ​ពីរ​បី​សប្តាហ៍​សោះ មានករណី​​ជនជាប់ឃុំឃាំង​ក្នុង​​ពន្ធនាគារ​យោធា​ ​ បាន​ស្លាប់ ក្នុង​គុក​ដល់​ទៅ​ពី​​​ករណី។ គ្រូទាយដ៏​ល្បីល្បាញ​របស់​ថៃ ដែល​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ប្រមាថ​​ព្រះ​មហាក្សត្រ​ កាលពី​ចុង​ខែ​តុលា បាន​ស្លាប់​ក្នុង​បន្ទប់​ឃុំឃាំង នៅ​ថ្ងៃ​សៅរ៍​កន្លង​ទៅ ប៉ុន្តែ​អាជ្ញាធរទើប​ជូន​ដំណឹង​នៅ​ថ្ងៃ​ចន្ទ​នេះ និង​អះអាង​ថាទោះ​មាន​ករណី​ស្លាប់​ញយ​ដង​ក៏​ដោយ​ ក៏​មិន​ត្រូវ​ការ​ប្តូរ​ផ្លាស់​ដំណើរ​ការ​ពន្ធនាគារ​អ្វី​ទាំងអស់។

ហោរ៉ា Suriyan ស្លាប់​ក្នុង​ពន្ធនាគារ ដោយ​មានសារធាតុ​ពុល​ក្នុង​ឈាម
ហោរ៉ា Suriyan ស្លាប់​ក្នុង​ពន្ធនាគារ ដោយ​មានសារធាតុ​ពុល​ក្នុង​ឈាម © Reuters
ផ្សាយពាណិជ្ជកម្ម

ស៊ូរីយ៉ង់ ស៊ូចារីផុលវ៉ង់ ហៅក្រៅ​ម៉ យ៉ុង ហោរ៉ា ដ៏ល្បីល្បាញ​ក្នុងកញ្ចក់​ទូរទស្សន៍​ និង​ជា​ទីប្រឹក្សា​របស់​តារា​សិល្បៈថៃ​ បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​បន្ទប់​ឃុំឃាំង​នៃ​ពន្ធនាគារ​យោធា កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ គ្រូពេទ្យ​បាន​សាក​ល្បង​ជួ​យសង្គ្រោះ​អស់​ជិត​មួយ​ម៉ោង តែ​មិន​បាន​សម្រេច។ ការ​វិភាគ​កោសល្យវិច័យ​បាន​បង្ហាញ​ថា គ្រូទាយ​វ័យ​ហាសិបឆ្នាំ​ប្លាយ​នេះ ​មាន​ជាតិ​ពុ​ល​ក្នុង​ឈាម បង្ក​ឱ្យ​​សន្លប់​បាត់​ស្មារតី បន្ទាប់​មក​ស្លាប់។

ចំណែក​​​មន្ត្រី​ប៉ូលិស​ម្នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​សំណុំ​រឿងប្រមាថ​ព្រះ​មហាក្សត្រ ក្នុង​ថ្ងៃ​តែ​មួយ​ ជាមួយ​នឹង​​ហោរ៉ា ម៉ យ៉ុង និង​ជំនួយ​ការ ក៏​បាន​ធ្វើ​អត្តឃាត​​ចង​ក​សម្លាប់​ខ្លួន​ ក្នុង​ពន្ធនាគារ​​យោធា​នេះ​ដែរ មុន​ក្រោយ​គ្នា​ពីរ​ថ្ងៃ។

មរណភាព​របស់​ជន​ជាប់​ឃុំឃាំង​​ទាំង​ពីរ បាន​​​ចោទ​ជា​សំណួរ​ជា​ច្រើន​ជុំ​វិញ តួនាទី​របស់​យោធា​ ក្នុង​ចំណាត់ការ​ចាប់ខ្លួន​ និង​ដាក់​ទោស​ ​ពលរដ្ឋ​ជា​សកម្មជន​បក្ស​ប្រឆាំង ជា​និស្សិត ជា​បញ្ញាវ័ន្ត ជា​ប៉ូលិស ជា​ហោរ៉ា ... បំបិទ​សេរីភាព​សារព័ត៌មាន ក្រោម​ផ្លាក​ប្រឆាំង​នឹង​ការ​ប្រមាថ​​ព្រះ​មហាក្សត្រ​ ​ ស្រប​តាម​ច្បាប់​ការពារ​រាជានិយម ​ដ៏​តាន​តឹង​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​ធា្លប់​ជា​អតីត​យោធា​ដែរ បាន​អះអាង​ប្រាប់​អ្នក​សារ​​ព័ត៌មាន នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តែង​តែ​មាន​ការ​ស្លាប់​ក្នុង​ពន្ធនាគារ ! គ្រាន់​តែ​អ្នក​ខ្លះ​មិន​សូវ​បាន​សារព័ត៌មាន​ចាប់​អារម្មណ៍​​​ប៉ុណ្ណោះ។ ដូច្នេះ​គ្មាន​អ្វី​ត្រូវ​កែប្រែ​ឡើង​ក្នុង​ដំណើរការ​ពន្ធនាគារ​ថៃ។

សូម​បញ្ជាក់​ថា កាលពី​ពីរ​បី​សប្តាហ៍​មុន មាន​ជន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ម្នាក់​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ដែរ ត្រូវ​បាន​ស្លាប់​ក្នុង​គុក ប៉ុន្តែ​គ្មាន​ព័ត៌មាន​អ្វី​លេច​ឮ​ធ្លាយ​មក​ក្រៅ​ទេ។ ការ​ស្លាប់​របស់​ ហោរ៉ា ម៉ យ៉ុង ​​ ជា​ករណី​ទីពីរ និង​បន្ទាប់​ពី​បាន​ជាប់​ឃុំ​ឃាំង​មិនបាន​មួយ​ខែ​ផង។

តាំង​ពី​ឡើង​កាន់​អំណាច​មក របប​សឹក​ថៃ បាន​យក​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ប្រមាថ​ព្រះ​មហាក្សត្រ​មក​ធ្វើ​ជា​រនាំង បាំង​បិទស្ថានការណ៍​មិន​ប្រាកដ​ប្រជា​ទាក់ទង​នឹង​ការ​ស្នង​រាជ​ ព្រោះ​ព្រះ​បាទ​ភូមិបុល​ជរា​ខ្លាំង​ ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត។ កាលពី​ខែ​មុន សមាជិក​គ្រួសារ​រាជវង្ស​មួយ​ក្រុម​​ត្រូវ​ស្រាវ​ចាប់​ដាក់​ពន្ធនាគារ​អស់ ពី​បទ​ប្រមាថ​ស្តេច​ដោយហ៊ាន​យក​ចំណេញ​ពី​ស្ថាប័ន​ដ៏​ខ្ពស់​បំផុត « រាជបល្ល័ង្ក » ដើម្បី​ទាញ​យក​ប្រយោជន៍​ហិរញ្ញវត្ថុ។ ចំណាត់ការ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​បោស​សម្អាត​អ្នក​នៅ​ជុំ​វិញ​ដើម្បី​អនាគត​រាជបល្ល័ង្ក តែដោយ​​បរិបទ​ហាមឃាត់ខ្លាំង​ សារព័ត៌មាន​​ធ្វើ​អត្ថាធិប្បាយ​តិច​តួច​បំផុត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ