អានតួអត្ថបទ
ចិន-ជប៉ុន

ប៉េកាំង៖ ជប៉ុន​ព្យាយាម​បង្អាប់បន្ថោក​កិត្តិយស​របស់​ចិន

ទីក្រុង​ប៉េកាំង​នៅថ្ងៃ​ពុធទី ២២ កក្កដា បាន​ឆ្លើយតប​វិញ យ៉ាងគ្រោតគ្រាត​ទៅ​នឹង​ការចេញផ្សាយ សៀវភៅ ស របស់​ជប៉ុន ដែល​បាន​ចោទ​ចិន​ថា កំពុង​ល្មោភ ប្រើ​នយោបាយ​លេប​ត្របាក់​សមុទ្រ​ចិន​ខាងត្បូង។ សម្រាប់​ក្រសួង​ការពារ​ជាតិ​ចិន ជប៉ុន​កំពុង​ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី បង្កើត​ភាពតានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង។ 

កងទ័ព​ចិន​ចូលរួម​ប្រារព្ធ​រំលឹក​ថ្ងៃ​​ជប៉ុន​ចូល​ឈ្លាន​ពាន​ចិន ថ្ងៃទី ៧​កក្កដា
កងទ័ព​ចិន​ចូលរួម​ប្រារព្ធ​រំលឹក​ថ្ងៃ​​ជប៉ុន​ចូល​ឈ្លាន​ពាន​ចិន ថ្ងៃទី ៧​កក្កដា REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ប៉េកាំង​មិន​បាន​អត់ធ្មត់ បណ្តោយ​ទុក​ឲ្យ​ជប៉ុន​វាយ​ម្រាមដៃ របស់ខ្លួន​លេងនោះទេ។ នៅ​យប់​ថ្ងៃ​អង្គារ គឺ​ប៉ុន្មាន​ម៉ោង ក្រោយ​ជប៉ុន​ចេញ​ផ្សាយ​សៀវភៅ​ស ចោទ​ប្រកាន់​នយោបាយ​ពង្រីក​ដែនទឹក​របស់​ទីក្រុង​ប៉េកាំង ក្រសួង​ការពារ​ជាតិ ចិនបាន​បញ្ចេញ​ប្រតិកម្ម​តប​ភ្លាម តាមរយៈ សេចក្តី​ថ្លែងការណ៍​មួយ ដែល​នៅក្នុង​នោះ ក្រសួង​ការពារ​ជាតិ​ចិន បាន​វាយតម្លៃ​ថា សៀវភៅ​ស​របស់​ជប៉ុន ដែល​​និយាយ​ពី​ការគំរាមកំហែង​របស់​យោធា​ចិន គឺ​ជា​របាយការណ៍​ដែល​បំប៉ោង បំផ្លើស ការពិត​ទាំងស្រុង។

 
ទាក់ទង​នឹង​ការដំឡើង​ថវិកា​យោធា​ចិន ដែល​ជប៉ុន​ចោទ​ថា ត្រូវ​បាន​បង្កើនឡើង ជារៀងរាល់ឆ្នាំនោះ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ជប៉ុន​គ្មាន​សិទ្ធិ​អ្វី​មក​ចោទប្រកាន់​ចិន ដែល​ចង់​អភិវឌ្ឍន៍​វិស័យ​ការពារ​ជាតិ​របស់ខ្លួន​នោះទេ។ “ចិនត្រូវ​ចាក់គ្រឹះ​កសាង​កងទ័ព​ជាតិ​មួយ ឲ្យ​សមស្រប ស៊ីសង្វាក់​ទៅនឹង​មុខមាត់​របស់​ចិន។ នយោបាយ​ការពារ​ជាតិ​របស់​ចិន នឹង​មិនធ្វើឡើង ដើម្បី ប្រឆាំង​នឹង​ប្រទេស​ណាមួយ ហើយ​ក៏​នឹង​មិនមែន​សម្រាប់​គម្រាម​ប្រទេស​ដទៃ​ដែរ” នេះ​ជា​ការលើកឡើង​របស់​លោកស្រី ហួរ ជុនយីង អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន។

នៅ​ក្នុង​សៀវភៅ​ស ជប៉ុន​បាន​បរិហារ មហិច្ឆតា​យោធា ​និង​អំណាច​ផ្តាច់ការ ដែល​ចិន កំពុង​ប្រើ​ដើម្បី​ដណ្តើម​គ្រប់គ្រង​ដែនសមុទ្រ​ចិន។ នៅ​សមុទ្រ​ចិន​ខាងកើត ជប៉ុន​បាន​ថ្កោលទោស​ចិនថា មិន​បាន​គោរព​តាមកិច្ចព្រមព្រៀង ដោយ​បាន​ធ្វើ​សកម្មភាព​ឯកតោភាគី ក្នុង​ការជីក​រក​ប្រេង នៅ​ក្នុង​តំបន់ ដែល​កំពុង​ជាប់​មាន​ជម្លោះ​នៅឡើយ ជាមួយ​ជប៉ុន។

ដោយ​បាន​សម្រុក​សង់​កោះសិប្បនិម្មិត នៅលើ​ថ្មប៉ប្រះទឹក ក្នុង​តំបន់ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ទីក្រុង​ប៉េកាំង​ទទួល​ស្គាល់​មហិច្ឆតា​របស់ខ្លួន ដែល​ចង់ក្រសោប គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ នោះ​មិនមែន​ជា​រឿង​ដែល​ជប៉ុន​ត្រូវលូកដៃ ​ជ្រៀតជ្រែក​នោះ​ទេ។ អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​​ចិន​បាន​និយាយ​ចោទ​ទៅវិញថា “ជប៉ុន​មិនមែន​ជា​ប្រទេស​ពាក់ព័ន្ធ នៅ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ ជប៉ុន​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​បង្អាប់​បង្អោន​កិត្តិយស​របស់​ចិន និង​ញុះញង់​ឲ្យមាន​ភាពតានតឹង​ក្នុង​តំបន់”។ តាមទីក្រុង​ប៉េកាំង រដ្ឋាភិបាល ជប៉ុន​ដើរផ្លូវ​នយោបាយ​ញុះញង់​​គេឯង​ឲ្យ​​ស្អប់​ចិន ដើម្បី បញ្ចុះបញ្ចូល​ប្រជាជន​ជប៉ុន ឲ្យទទួល​យក​នយោបាយ​ការពារ​ជាតិ​ជប៉ុន​ថ្មី ដែល​ពេលនេះ កំពុង​ទទួល​រង​ការរិះគន់ និង​ប្រឆាំង​ពី​ប្រជាជន​ក្នុង​ស្រុក​ជប៉ុន។ ក្នុង​ករណី​នេះ ចិន​ចង់​ផ្តល់​យោបល់​ដល់​ជប៉ុន​ឲ្យ​នឹកឃើញ​មេរៀន​ប្រវត្តិសាស្រ្ត ​ត្រូវ​ប្រយ័ត្នប្រយែង និង​ឈប់​ចោទ​ចិន ដោយ​គ្មាន​ហេតុផល​តទៅទៀត៕

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ