អានតួអត្ថបទ
ជប៉ុន-ចិន

ជប៉ុន​ចេញផ្សាយ​សៀវភៅ ​ស ​ដែល​រិះគន់​ឥរិយាបថ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង

សៀវភៅ ស ដែល​ជា​ឯកសារ​កំណត់​អំពី​នយោបាយ​ការពារជាតិ​ប្រចាំ​ឆ្នាំ ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​អនុម័ត និង​ចេញផ្សាយ នៅថ្ងៃ​អង្គារ​នេះ ដោយ​ក្នុងនោះ ជប៉ុន​បាន​រិះគន់​​ធ្ងន់​​ៗ ចំពោះ​សកម្មភាព​​របស់​ចិន នៅ​ក្នុង​តំបន់​ដែន​សមុទ្រ​ជាប់ជម្លោះ ជា​ពិសេស នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

នាវាល្បាត​​​របស់​ចិន​ នៅ​ក្នុង​តំបន់​សមុទ្រ​​ជាប់ជម្លោះ​ជាមួយ​ជប៉ុន (រូបភាពឯកសារ)
នាវាល្បាត​​​របស់​ចិន​ នៅ​ក្នុង​តំបន់​សមុទ្រ​​ជាប់ជម្លោះ​ជាមួយ​ជប៉ុន (រូបភាពឯកសារ) REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង និង​សកម្មភាព​របស់​រុស្ស៊ី នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន គឺ​សុទ្ធសឹង​ជា​បញ្ហា​សន្តិសុខ​សំខាន់ៗ ដែល​ជប៉ុន​បាន​លើកឡើង នៅក្នុង​សៀវភៅ ស ដែល​មាន​ចំណងជើងថា “​វិស័យការពារជាតិ​ជប៉ុន​ឆ្នាំ​២០១៥” ចេញផ្សាយ​នៅថ្ងៃ​អង្គារ​នេះ។ ក៏ប៉ុន្តែ អ្វី​ដែល​ជប៉ុន​ចាត់ទុក​ថា​ជា​បញ្ហា​ប្រឈម​ធំបំផុត នៅ​ក្នុង​វិស័យ​ការពារជាតិ​របស់​ខ្លួន​នោះ គឺ​ចិន។

ទាក់ទង​នឹង​បញ្ហា​ជម្លោះ​ដែន​សមុទ្រ ជាពិសេស នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ជប៉ុន​បាន​ធ្វើការ​រិះគន់​​យ៉ាង​ធ្ងន់ៗ​ថា ចិន​កំពុងតែ​ធ្វើ​សកម្មភាព​ជា​ឯកតោ​ភាគី វាតទី​ស្រេចតែ​នឹង​ចិត្ត ដោយ​គ្មាន​កិច្ចសម្រុះសម្រួល​ជាមួយ​ភាគី​ជម្លោះ​ណា​ទាំងអស់។ ទាក់ទង​នឹង​ជម្លោះ​ដែនសមុទ្រទ្វេភាគី​ រវាង​ចិន និង​ជប៉ុន​វិញ (​ជម្លោះ​នៅ​ប្រជុំកោះ​ដែល​ជប៉ុនហៅ​ថា សេនកាគូ ហើយ​ដែល​ចិន​ហៅ​ថា ទៀវយូ) ជប៉ុន​ក៏បាន​ចោទប្រកាន់​ចិន​ផងដែរ​ថា បាន​បើក​ធ្វើ​សកម្មភាព​ជាឯកតោ​ភាគី ក្នុងការ​​ជីក​រកធនធាន​ឧស្ម័ន​ធម្មជាតិ​ក្រោម​បាតសមុទ្រ​ក្នុង​តំបន់​ជម្លោះ។

ក្រសួង​ការពារជាតិជប៉ុន​បាន​អះអាង​ថា ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​រុករក​ឧស្ម័ន​ក្រោម​បាតសមុទ្រ​នៅ​ក្នុង​តំបន់​ជាប់ជម្លោះ​នេះ​ ត្រូវ​បាន​ចិន​ចាប់ផ្តើម​​សាងសង់​ឡើង កាល​ពី​២ឆ្នាំ​មុន ហើយ​បាន​ទាមទារ​ឲ្យ​ចិន​បញ្ឈប់​​រាល់​សកម្មភាពទាំងអស់​​នេះ។

គួរបញ្ជាក់ថា សៀវភៅ ស នៃ​នយោបាយ​ការពារជាតិ​ប្រចាំឆ្នាំ​២០១៥ ត្រូវ​បាន​គណៈរដ្ឋមន្រ្តី​ជប៉ុន​អនុម័ត និង​ចេញផ្សាយ​ជា​សាធារណៈ នៅ​ក្នុង​ពេល​ដែល​​លោក​ស្ហ៊ីនហ្សូ អាបេ កំពុងតែ​ព្យាយាម​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ថ្មី ដើម្បី​បើក​ទូលាយ​ឲ្យ​កងទ័ព​ជប៉ុន​អាច​ធ្វើ​សកម្មភាព​យោធា​នៅ​ក្រៅប្រទេស ដោយ​​រួចផុត​ពី​ការ​រឹតត្បឹត​នៃ​រដ្ឋធម្មនុញ្ញ​ក្រោយ​សង្រ្គាម​លោកលើកទី២។ សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​ជប៉ុន​អនុម័ត​រួចទៅហើយៗ កំពុងតែ​រង់ចាំ​ការ​អនុម័ត​ពី​ព្រឹទ្ធសភា។

ការធ្វើ​កំណែទម្រង់​វិស័យ​ការពារជាតិ ដែល​លោក​ស្ហ៊ីនហ្សូ អាបេ កំពុងតែ​ដុតដៃ​ដុតជើង​ធ្វើ​នៅពេលនេះ ត្រូវ​​ទទួល​រង​នូវការ​រិះគន់​​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រទេស​ចិន ក៏ប៉ុន្តែ អ្វី​ដែល​គួរឲ្យ​លោកស្ហ៊ីនហ្សូ អាបេ ព្រួយបារម្ភ​នោះ គឺ​ចលនា​ប្រឆាំង​នៅ​ក្នុង​ស្រុក។ ការស្ទាបស្ទង់​មតិ​កាលពី​ចុងសប្តាហ៍​កន្លងទៅនេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សេចក្តីព្រាងច្បាប់​ស្តីពី​កំណែទម្រង់​កងទ័ព បាន​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ត្រូវ​ធ្លាក់​ចុះ​​ដល់​កម្រិត​ទាបបំផុត​មិន​ធ្លាប់​មាន ចាប់តាំង​ពីលោក​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី កាល​ពី​ចុងឆ្នាំ​២០១២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ