អានតួអត្ថបទ
ប៉ាគីស្ថាន

អំពើភេរវកម្មអត្តឃាត​ប្រឆំាង​តុលាការ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១១នាក់

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន អំពើ​ភេរវកម្មអត្តឃាត​ប្រឆំាង​តុលាការ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត​នា​ព្រឹកព្រលឹម​ថ្ងៃចន្ទ ទី៣ មីនា​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១១នាក់ និង​រងរបួស​ប្រមាណ​ជា ២០នាក់​ផ្សេង​ទៀត។ នេះ​ជា​លើកទី១ គិត​ជិត ៣ឆ្នំា​កន្លង​ទៅ​ដែល​ទីក្រុង​អ៊ីស្លាម៉ាបាត​បាន​ទទួល​រង​អំពើភេរវកម្ម​ក្រោម​ទ្រង់ទ្រាយ​ធំ​របៀប​នេះ។

អំពើភេរវកម្មអត្តឃាត​ប្រឆំាង​តុលាការ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១១នាក់
អំពើភេរវកម្មអត្តឃាត​ប្រឆំាង​តុលាការ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១១នាក់
ផ្សាយពាណិជ្ជកម្ម

ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​ឲ្យ​ដឹង​ថា ក្រុមជនប្រដាប់​អាវុធ​បាន​បើក​ការ​បាញ់រះ បន្ទាប់​មក មាន​ពីរ​នាក់​បាន​ទាញ​បំផ្ទុះ​ខ្សែក្រវ៉ាត់​ជាប់​នឹង​ខ្លួន​គេ​ដែល​ដាក់​ពេញ​ដោយ​ជាតិផ្ទុះ។ គោលបំណង​របស់​ពួក​គេ គឺ​ដើម្បី​ជួយ​រំដោះ​គ្នីគ្នា​គេ​ម្នាក់​ដែល​កំពុង​បង្ហាញ​ខ្លួន​នៅ​មុខ​ចៅក្រម​ក្នុង​បន្ទប់​កាត់ក្តី។ តុល្យការ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១១នាក់ និង​រងរបួស​ចំនួន ២៤នាក់​ផ្សេង​ទៀត ក្នុង​នោះ មាន​ជា​ច្រើន​នាក់​កំពុង​មាន​ស្ថានភាព​ដុនដាប​ខ្លំាង និង​ដែល​ក្រុមគ្រូពេទ្យ​កំពុង​ព្យាយាម​ស្រោចស្រង់​ជីវិត។

យោង​តាម​សាក្សី​ម្នាក់​ដែល​ជា​មេធាវី​ឲ្យ​ដឹង​ថា មាន​បុរស​ចំនួន ១៥នាក់​ប្រដាប់​ដោយ​អាវុធ​គ្រប់ដៃ​បាន​ចូល​ក្នុង​ទីធ្លា​តុលាការ រួច​ហើយ​ក៏​បន្លំ​ខ្លួន​ចូល​ទៅ​អង្គុយ​នៅ​ក្នុង​បន្ទប់​កាត់ក្តី​តែ​ម្តង។ គឺ​នៅ​ពេល​នោះ​ឯង​ដែល​ពួក​គេ​បាន​ធ្វើ​ការ​បាញ់រះ​ទៅ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​អង្គុយ​ស្តាប់​ចៅក្រម។ បើ​តាម​មេធាវី​រូប​នេះ​ដដែល ក្រុម​ភេរវជន​មាន​បំពាក់​ដោយ​អាវុធ​ធន់ធ្ងន់ និង​គ្រាប់បែកដៃ​ជា​ច្រើន​គ្រាប់ ព្រម​ទំាង​ធ្វើ​ការ​បាញ់រះ​លើ​មនុស្ស​ដោយ​មិន​រើស​មុខ។

យ៉ាង​ណា​ក៏​ដោយ នៅ​មិន​ទាន់​មាន​ក្រុម ឬ​ចលនា​ណា​មួយ​ចេញ​មុខ​ប្រកាស​ថា ជា​ស្នាដៃ​របស់​ខ្លួន​ទេ។ អ្វី​ដែល​គេ​ដឹង ការ​វាយប្រហារ​នេះ​បាន​កើត​មាន​ឡើង ២ថ្ងៃ ក្រោយ​ពី​ការ​ប្រកាស​បទឈប់បាញ់​រយៈ​ពេល ១ខែ​ពី​សំណាក់​ចលនា Tehreek-e-Taliban ដែល​ជា​ចលនា​ប្រដាប់​អាវុធ​អ៊ីស្លាម​បង្កើត​ឡើង​ក្នុង​ឆ្នំា ២០០៧។ កម្មវត្ថុ​នៃ​ការ​ប្រកាស​បទ​ឈប់បាញ់​របស់​ចលនា​មួយ​នេះ គឺ​ដើម្បី​ផ្តល់​សន្ទុះ​ឲ្យ​មាន​កិច្ចចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លាម៉ាបាត​ឡើង​វិញ។

អ្នកនំាពាក្យ​របស់​ចលនា​ Tehreek-e-Taliban បាន​ថ្លែង​ថា ចលនា​របស់​ខ្លួន​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​វាយប្រហារ​នោះ​ទេ និង​ថា ពួក​គេ​បាន​គោរព​ត្រឹមត្រូវ​នូវ​បទឈប់បាញ់​នោះ។ សូម​ជម្រាប​ជូន​ថា កិច្ចសន្ទនា​សន្តិភាព​រវាង​ចលនា Tehreek-e-Taliban និង​រដ្ឋាភិបាល​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ដើម​ខែ​កុម្ភៈ​ត្រូវ​បាន​ទីក្រុង​អ៊ីស្លាម៉ាបាត​សម្រេច​ផ្អាក​វិញ ក្រោយ​ពី​ចលនា​មួយ​នេះ​បាន​សម្លាប់​ទាហាន​ប៉ាគីស្ថាន​ចំនួន ២៣នាក់។ បន្ទាប់​មក កម្លំាង​រដ្ឋាភិបាល​ក៏​ថែម​ទំាង​បាន​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​លើ​ទីតំាង​របស់​ចលនា​ឧទ្ទាម​នៅ​តំបន់​ប៉ែក​ពាយ័ព្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ