អានតួអត្ថបទ
អូស្រ្តាលី

ជនភៀសខ្លួន​ខុសច្បាប់​អាចនឹងត្រូវ​ហាម​មិនឲ្យ​ជាន់ដី​អូស្រ្តាលី​អស់មួយជីវិត

អូស្រ្តាលី​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​​មាន​នយោបាយ​អន្តោប្រវេសន៍​ដ៏តឹងរ៉ឹង​បំផុត​​នៅលើ​ពិភពលោក កំពុងតែ​ត្រៀម​រឹតបន្តឹង​នយោបាយ​របស់​ខ្លួន​បន្ថែម​ទៀត តាមរយៈ​គម្រោង​ធ្វើ​ច្បាប់ ហាមឃាត់​​ជនភៀសខ្លួន​ខុសច្បាប់​មិនឲ្យ​ចូល​ជាន់ដី​អូស្រ្តាលី​អស់មួយ​ជីវិត។ អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន​បាន​បង្ហាញ​នូវ​ការព្រួយបារម្ភ​របស់​ពួកគេ ចំពោះ​សេចក្តីព្រាង​ច្បាប់​ថ្មី​នេះ។

លោក Malcolm Turnbull នាយករដ្ឋមន្រ្តី​អូស្រ្តាលី ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន ថ្ងៃទី១០ កក្កដា ២០១៦ កន្លងទៅ
លោក Malcolm Turnbull នាយករដ្ឋមន្រ្តី​អូស្រ្តាលី ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន ថ្ងៃទី១០ កក្កដា ២០១៦ កន្លងទៅ PETER PARKS / AFP
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ដែល​រដ្ឋាភិបា​ល​អូស្រ្តាលី​ប្រកាស​សង្រ្គាម​ប្រឆាំង​នឹង​លំហូរ​ជនភៀសខ្លួន​ខុសច្បាប់ ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​ដ៏​តឹងរ៉ឹង​បំផុត។

វិធានការ​ទាំងនេះ រួមមាន​ដូចជា ការ​ដាក់​ពង្រាយ​ឆ្មាំសមុទ្រឲ្យ​​​រារាំង​ទូក​ដឹក​ជនភៀសខ្លួន​​មិន​ឲ្យ​ចូល​ក្នុង​ដែនទឹក​របស់​អូស្រ្តាលី ហើយ​រុញច្រាន​ទូក​អស់​ទាំងនេះ​ឲ្យ​ត្រឡប់​ទៅ​កាន់​ដែនទឹក​អន្តរជាតិ​វិញ។ ចំពោះ​ជន​ភៀសខ្លួន​ណា​ដែល​អាច​​ចូល​ទៅដល់​ក្នុង​ទឹកដី​អូស្រ្តាលី​ហើយ​នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន ដែល​អូស្រ្តាលី​បង្កើតឡើង នៅ​តាម​បណ្តា​ប្រទេស​ជា​កូនកោះ​ក្បែរៗ​នោះ ដើម្បី​រង់ចាំ​ការ​ពិនិត្យ​សម្រេច​ថា​តើ​ពួកគេ​ជា​ជនភៀសខ្លួន​ពិតប្រាកដ​មែន​ឬ​មិនមែន។ ជនណា​ដែល​មិន​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ជា​ជនភៀសខ្លួន​ទេ​នឹង​ត្រូវ​បណ្តេញ​ឲ្យ​ទៅ​ប្រទេស​កំណើត​វិញ ចំណែក​ឯ​អ្នក​ដែល​ត្រូវ​ទទួល​បាន​សិទ្ធិ​ជា​ជនភៀសខ្លួន​ស្រប​តាម​អនុសញ្ញា​អន្តរជាតិ​នោះទៀត​សោត ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​តាំង​ទីលំនៅ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ដែរ ដោយ​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​កាន់​ប្រទេស​ទី៣ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អូស្រ្តាលី ដូចជា ករណី​ប្រទេស​កម្ពុជា ជាដើម។

វិធានការ​ដ៏តឹងរ៉ឹង​នេះ​បាន​ធ្វើ​ឲ្យ​អ.ស.ប ក៏ដូចជា អង្គការ​សិទ្ធិមនុស្ស​ជាច្រើន​បាន​ធ្វើការ​រិះគន់​ជាប់ជា​ប្រចាំ​រួចមកហើយ។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​មិន​ត្រឹមតែ​បន្ធូរ តែ​ថែម​ទាំង​រឹត​បន្តឹង​បន្ថែម​ទៀត ដោយ​នៅថ្ងៃ​អាទិត្យ​នេះ ​នាយករដ្ឋមន្រ្តីអូស្រ្តាលី​បាន​ប្រកាស​ប្រាប់​អ្នក​កាសែត​ថា រដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​សេចក្តីព្រាង​ច្បាប់​មួយ ដែល​នឹង​ត្រូវ​ដាក់​ជូន​ទៅ​សភា​អនុម័ត​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ ដោយ​នៅ​ក្នុង​ច្បាប់​នេះ​នឹង​ចែង​កំណត់​ថា ជនភៀសខ្លួន​ទាំងឡាយ​ណា​ដែល​​ប៉ុនប៉ង​ចូល​ក្នុង​ប្រទេស​អូស្រ្តាលី​ដោយ​ខុសច្បាប់ នឹង​ត្រូវ​ជាប់ឈ្មោះ​ក្នុង​បញ្ជីខ្មៅ លែង​អាច​ទទួល​ទិដ្ឋាការ​ចូល​ក្នុង​ទឹកដី​អូស្រ្តាលី​អស់​មួយ​ជីវិត។

ប្រមុខរដ្ឋាភិបាល​អូស្រ្តាលី​ក៏​បាន​បញ្ជាក់​បន្ថែម​ផងដែរ​ថា ច្បាប់​នេះ នៅ​ពេលណា​ដែល​អនុម័ត​ចេញ​ហើយ នឹង​ត្រូវ​មាន​សុពលភាព​ធាក់ថយក្រោយ ពោលគឺ មាន​សុពលភាព​ចំពោះ​ជនភៀសខ្លួន​ដែល​ប៉ុនប៉ង​ចូល​ប្រទេស​អូស្រ្តាលី​ដោយ​ខុសច្បាប់ តាំង​ពី​​ថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ២០១៣ មុន​ពេល​ច្បាប់​ថ្មី​នេះ​ចូល​ជាធរមាន​ទៅទៀត។

សម្រាប់​រដ្ឋាភិបាល​ក្រុងកង់បេរ៉ា ច្បាប់ថ្មី​នេះ​មាន​គោលដៅ​ប្រយុទ្ធប្រឆាំង​នឹង​បណ្តាញ​ជួញដូរ​មនុស្ស​ខុសច្បាប់ ដែល​រកស៊ី​នាំ​ជនភៀសខុសច្បាប់​ចូល​ទៅ​អូស្រ្តាលី។ ក៏ប៉ុន្តែ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​បង្ហាញ​នូវ​ក្តីបារម្ភ​ថា ច្បាប់​នេះ​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ទៅដល់​ជនភៀសខ្លួន​ពិតប្រាកដ​ស្រប​ទៅ​តាម​អនុសញ្ញា​អន្តរជាតិ ស្តីពីជនភៀសខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ