អានតួអត្ថបទ
កម្ពុជា

ផ្តាសាយ​បក្សី ​កើត​ច្រើន​នៅ​ដើម​ឆ្នាំ ​តែ​ស្លាប់​តិច​

ករណី​ផ្តាសាយ​បក្សី​ចំនួន២បន្ថែមទៀត ត្រូវបាន​រកឃើញ ដែល​ធ្វើ​ឲ្យ​កម្ពុជា​នៅ​ដើមឆ្នាំ ២០១៤នេះ​មាន​ជម្ងឺផ្តាសាយបក្សី ចំនួន ៥ករណី ក្នុងនោះ​មាន​កុមារ​ម្នាក់​ស្លាប់។ មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជម្ងឺឆ្លង​ក្រសួងសុខាភិបាល​បាន​ថ្លែងថា ជម្ងឺ​ផ្តាសាយ​បក្សី​បាន​កើត​ឡើង​ច្រើន​ជាង​ដើមឆ្នាំ​កន្លង​ទៅ​សម្រាប់​រយៈពេល​ដូចគ្នា ក៏​ប៉ុន្តែ​ការស្លាប់​ត្រូវ​បាន​កាត់បន្ថយ។  

សត្វមាន់ ទា ​ឈឺ ឬងាប់ អាច​បង្កឲ្យ​មាន​មេរោគ​ផ្តាសាយបក្សី ដល់មនុស្ស។
សត្វមាន់ ទា ​ឈឺ ឬងាប់ អាច​បង្កឲ្យ​មាន​មេរោគ​ផ្តាសាយបក្សី ដល់មនុស្ស។ REUTERS
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​ក្រសួងសុខាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​សម្តែង​នូវ​ការ​ព្រួយ​បារ​ម្ម​ពី​ការផ្ទុះ​ឡើងវិញ​នៃ​ជំងឺផ្តាសាយបក្សី បន្ទាប់ពី​បាន​រកឃើញថា មាន​មនុស្ស៥នាក់​បានកើត​ជម្ងឺ​នេះ ត្រឹមតែ​រយៈពេល​ពីរ​ខែ​ប៉ុណ្ណោះ​នៅ​ដើមឆ្នាំ ២០១៤នេះ។

លោក វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អនុប្រធាននាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជម្ងឺឆ្លង​ក្រសួងសុខាភិបាល បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI  នៅ​ថ្ងៃ​សុក្រ​ទី២៨ កុម្ភៈ​ថា​ក្រសួងសុខាភិបាល​កម្ពុជា មានការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ជម្ងឺផ្តាសាយបក្សី (H5N1) ដែល​បាន​កើតឡើងផ្ទួនៗនៅ​ដើម​ឆ្នាំនេះ។ លោក វេជ្ជបណ្ឌិត លី បាន​បញ្ជាក់ថា ថ្វីត្បិតតែ​ករណី​ផ្តាសាយ​បក្សី​បានកើត​ឡើង ច្រើន​នៅ​ដើមឆ្នាំ​នេះ ធៀប​ទៅនឹង​ឆ្នាំ ២០១៣ ក៏ប៉ុន្តែ​មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​បាន​ស្លាប់ ក្នុងចំណោម ៥នាក់ ដែល​បានកើត​ជម្ងឺ​នេះ​គិត​មកទល់​ដំណាច់​ខែកុម្ភៈ​នេះ។

នៅក្នុង​សេចក្តីប្រកាស​រួម​របស់​ក្រសួងសុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី២៧កុម្ភៈ​កន្លងទៅនេះ បង្ហាញថា ករណី​ផ្តាសាយ​បក្សី ចំនួន​ពីរ​ផ្សេងទៀត​គឺ​ករណី​ទី៤និង​ទី៥ត្រូវបាន​រកឃើញ ដែល​ករណីនេះ​បានកើត​ទៅលើ​កុមារី​អាយុ ១០ឆ្នាំ​ម្នា​ក់នៅ​ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម។ ចំណែកឯ​ករណី​ទី៥ បានកើត​ទៅលើ​កុមារី​ម្នាក់ទៀត អាយុ១១ឆ្នាំ
ស្ថិតនៅ​ក្នុងស្រុក​ពញាក្រែក​ខេត្តកំពង់ចាម​ដូចគ្នា។ ជា​ភ័ព្វសំណាង​កុមារី​ទាំងពីរ​ត្រូវបាន​សង្គ្រោះ​ឲ្យ​រួច​ជីវិត​កាលពីពេលថ្មីៗនេះ។

ទាក់ទង​ទៅនឹង​បញ្ហា​នេះ លោក វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បាន​ពន្យល់ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​យល់ដឹង​ច្រើនជាង​មុន មន្ត្រី​សុខាភិបាល​ត្រូវបាន​ពង្រឹងសមត្ថភាព និង​ប្រព័ន្ធ​តាមដាន​សុខភាព​ប្រជាពលរដ្ឋ​មាន​ភាពប្រសើ​ជាង​មុន។

ទោះ​យ៉ាងនេះ​ក្តី​ក្រសួងសុខាភិបាល​នៅតែ​បន្ត​ផ្សព្វផ្សាយ​និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​រហ័សរហួន​ក្នុង​ការនាំ​កូន​ទៅកាន់​មន្ទី​ពេទ្យ ប្រសិនបើ​កើតមាន​ករណី​សង្ស័យ​ដូចជា​មាន​គ្រុនក្តៅ ហូរ​សំបោរ ឈ​ឈ​បំពង់ករ ក្អក ក្អួត ឬ​ពិបាក​ដកដង្ហើម​ជាដើម។ លើសពីនេះ​ក្រសួងសុខាភិបាល ក៏បាន​ណែនាំ​ផងដែរ ដល់​ប្រជាជន ដាច់ខាត​កុំ​បរិភោគ​បក្សី ឈឺ ឬ​ងាប់។ សូមបញ្ជាក់ថា ប្រទេស​កម្ពុ​ជាមាន​ជម្ងឺផ្តាសាយបក្សី​សរុប​ចំនួន ៥២ករណី​ហើយ ចាប់តាំងពី​ប្រទេស​នេះ​ឆ្លង​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ​តាំងពី​ឆ្នាំ ២០០៥មក ក្នុងនោះ​បានធ្វើ​មនុស្ស ៣៤នាក់​បាត់បង់​ជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ