អានតួអត្ថបទ
ភូមា

ប៉ូលិស​​ភូមា​ចាប់ខ្លួន​​មនុស្ស​៥នាក់​ ពីបទ​ចូលរួម​ដុតវិហារ​អ៊ីស្លាម​ កាលពី​​ថ្ងៃសុក្រ​​

ក្រោយ​មា​នការ​ដុតកំទេច​វិហារ​អ៊ីស្លាម​ នៅ​ភាគខាងជើង​ភូមា កាលពីថ្ងៃ​សុក្រ​មក ប៉ូលិស​ភូមា​​បាន​ប្រាប់​អោយដឹង​នៅថ្ងៃ​អង្គារ​៥កក្កដា​នេះថា បានចាប់ខ្លួន​មនុស្ស​៥នាក់ ក្នុង​នោះ​មាន​ស្ត្រីម្នាក់ ដែលបានចូលរួម​កំទេច​វិហារមួយនោះ។ ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បានសុំ​អោយភូមា​​ ចាត់​វិធានការ​​​​​​​​​កុំអោយ​មាន​ហេតុការណ៍​ធ្វើបាប​អ្នកកាន់​សាសនា​ អ៊ីស្លាម​​កើតឡើង​​ជាថ្មី​ទៀតបាន។

ក្មេងប្រុស​ម្នាក់​ដើរ​នៅ​មុខ​ច្រកចូល​វិហារ​សាសនា​អ៊ីស្លាម​មួយកន្លែង ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ ខែ​មិថុនា ២០១៦។
ក្មេងប្រុស​ម្នាក់​ដើរ​នៅ​មុខ​ច្រកចូល​វិហារ​សាសនា​អ៊ីស្លាម​មួយកន្លែង ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ ខែ​មិថុនា ២០១៦។ Reuters
ផ្សាយពាណិជ្ជកម្ម

គួររំលឹកថា កាលពីថ្ងៃ​សុក្រ សប្តាហ៍មុន ​នៅ​ភូមិ ឡុង ឃិន ភាគខាងជើងប្រទេស​​​ភូមា មនុស្ស​​មួយក្រុម​​ប្រដាប់​ដោយសម្ភារៈ​គ្រប់ដៃ បាននាំគ្នា​​ចូល​ទៅ​កំទេច​វិហារ​សាសនា​អ៊ីស្លាម​មួយកន្លែង នៅភូមិនោះ។ ថ្ងៃអង្គារ​នេះ ​​ប៉ូលិស​ភូមិ ឡូន ឃិន Lone Khin បាន​ប្រកាស​ថា បាន​ចាប់ខ្លួន​មនុស្ស​​៥​នាក់​ ដែល​ស្ថិត​ក្នុង​ក្រុម​ដែលបាន​​បង្ក​ហេតុការណ៍​។ ភូមា​ទើបតែ​​រង​​ហិង្សា​​​ប្រឆាំង​​អ្នក​កាន់​​សាសនា​អ៊ីស្លាម នៅ​​ចុងខែ​មិថុនា​ប៉ុណ្ណោះ។

នៅចុងខែ​មិថុនាកន្លងទៅ វិហារ​អ៊ីស្លាម​មួយកន្លែងផ្សេងទៀត និង​សាលារៀន​មួយកន្លែង ក៏​រងការ​បំផ្លិចបំផ្លាញ​ដូចគ្នាដែរ។ ឧត្តមស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​​ លោក រុយពែរ កុលវីល បាន​សុំអោយ​រដ្ឋាភិបាលភូមា ​​ស៊ើបអង្កេត​ហេតុការណ៍ទាំង២​នេះ ហើយ​​ចាត់វិធានការ​ចៀសវាង​កុំអោយ​​​មាន​​ហិង្សា​សាសនា​កើតឡើង​​ជាថ្មីទៀត។

ភាពតានតឹង​​រវាង​សហគមន៍​អ្នកកាន់​ពុទ្ធសាសនា​និង​សាសនា​អ៊ីស្លាមតែង​កើតឡើង​ជាប្រចាំ តាំងពី​ឆ្នាំ២០១២មក ពិសេស​នៅ​ភាគខាងលិច​ប្រទេស ដែល​សំបុរ​អ្នកកាន់​សាសនា​អ៊ីស្លាម ​រ៉ូហ៊ីងយ៉ា​រស់នៅ។ កាលពី​ឆ្នាំ២០១២ ហិង្សារវាង​​សហគមន៍​សាសនា​ទាំង២បាន​សម្លាប់​​២០០នាក់។ សង្ឃជ្រុលនិយម​វីរ៉ាធុ ត្រូវបាន​គេកត់សម្គាល់​ថា ជាសកម្មជន​លេចធ្លោ​​ក្នុងការ​​​​ដឹកនាំ​ចលនា​តវ៉ា​ប្រឆាំង​អ្នកកាន់​សាសនា​អ៊ីស្លាមក្នុងស្រុក។

ដោយសារ​ហិង្សា​ កន្លងមក ​ប្រជាជន​រ៉ូហ៊ីងយ៉ា​រាប់ពាន់​នាក់​បាននាំគ្នា​ភៀសខ្លួន​ចេញពីភូមា។ លោកស្រី​អ៊ុងសាន​ ស៊ូជី ប្រធានបក្ស​កាន់អំណាច​​នៅភូមា​សព្វថ្ងៃ ​ត្រូវបាន​គេរីះគន់ថា ​ធ្វើ​មិនដឹង ​មិនលឺ​​ចំពោះ​​ស្ថានភាព​លំបាក​របស់​​ប្រជាជនកាន់សាសនា​អ៊ីស្លាម​​រ៉ូហ៊ីងយ៉ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ