អានតួអត្ថបទ
ភូមា

ភូមា៖​ភាព​តានតឹង​បាន​កើត​ជាថ្មី​រវាង​សហគមន៍​អ្នកកាន់​សាសនាអ៊ីស្លាម និង​ព្រះពុទ្ធ

នៅ​ក្នុង​ប្រទេស​ភូមា សារព័ត៌មាន​ផ្លូវការ​បាន​ទម្លាយ​ឲ្យ​ដឹង​នា​ថ្ងៃ​សៅរ៍ ទី២ កក្កដា​ថា វិហារ​សាសនា​អ៊ីស្លាម​មួយ​នៅ​តំបន់​ប៉ែកខាងជើង​បាន​ទទួល​រង​ការ​វាយ​កម្ទេច​ដុតបំផ្លាញ​ពី​មនុស្ស​មួយ​ក្រុម​ប្រដាប់​ដោយ​សម្ភារៈ​គ្រប់ដៃ និង​គ្រប់​ប្រភេទ។ ជា​លើកទី២ ក្នុង​រយៈពេល ៨ថ្ងៃ​ចុង​ក្រោយ​នេះ​ដែល​សហគមន៍​អ្នក​កាន់សាសនា​អ៊ីស្លាម​បាន​ទទួល​រងគ្រោះ​តាម​ធ្វើ​បាប​ឈ្នានីស​ពី​សហគមន៍​ព្រះពុទ្ធសាសនា។

វិហារសាសនា​អ៊ីស្លាម​មួយ​ក្នុង​ប្រទេស​ភូមារង​ការ​វាយបំផ្លាញ
វិហារសាសនា​អ៊ីស្លាម​មួយ​ក្នុង​ប្រទេស​ភូមារង​ការ​វាយបំផ្លាញ Reuters
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​ធ្វើ​ទុក្ខបុកម្នេញ​លើ​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​ភូមា​បាន​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋ​កាឈីន​ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស។ តាម​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​កាសែត​ផ្លូវការ​មួយ​ចេញ​ផ្សាយ​នា​ថ្ងៃ​សៅរ៍ ទី២ កក្កដា​ឲ្យ​ដឹង​ថា មាន​មនុស្ស​មួយ​ក្រុម​ប្រដាប់​ដោយ​ដំបង កាំបិត និង​សម្ភារៈ​ផ្សេងៗ​គ្រប់​ដៃ​បាន​ចូល​ទៅ​វាយប្រហារ​កម្ទេច​នៅ​ក្នុង​វិហារ​មួយ រួម​ចាក់​សាំង​ដុត​កម្ទេច​ចោល​តែ​ម្តង។កាសែត​ផ្លូវការ​ដដែល​បាន​បញ្ជាក់​ថា អំពើហិង្សា​ដុត​បំផ្លាញ​វិហារ​សាសនា​អ៊ីស្លាម​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​ការ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសែ ក រវាង​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ទាក់ទង​នឹង​សំណង់​វិហារ​មួយ​សម្រាប់​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម។

 
ដើម្បី​ប្រឈម​ទប់​នឹង​កំណើន​អំពើ​ហិង្សា និង​ការ​ប្រឈម​មុខ​គ្នា​ជា​ថ្មី​នៅ​ក្រោយ​ព្រឹត្តិការណ៍​នោះ រដ្ឋអំណាច​បាន​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​នៅ​កន្លែង​ពេញ​មួយ​ថ្ងៃ​សៅរ៍ ទី២ កក្កដា។ តែ​មិន​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ណា​ម្នាក់​ទេ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ។ កាល​ពី ៨ថ្ងៃ​មុន ក៏​មាន​ព្រឹត្តិការណ៍​ដូច​គ្នា​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ស្រុក​មួយ​ស្ថិត​ប៉ែក​កណ្តាល​ប្រទេស ដោយ​មាន​អ្នក​ស្រុក អ្នកភូមិ​កាន់​ព្រះពុទ្ធសាសនា​ប្រមាណ​ជា ១០នាក់​បាន​ទៅ​វាយ​កម្ទេច​វិហារ​មួយ និង​សាលារៀន​មួយ​របស់​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម។

សូម​ជម្រាប​ជូន​ថា ភូមា​ដែល​ជា​ប្រទេស​ក្រីក្រ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ស្គាល់​ភាព​តានតឹង​រវាង​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម និង​ព្រះពុទ្ធ​តាំង​ពី​ឆ្នាំ ២០១២ នៅ​ប៉ែក​ខាង​លិច​ប្រទេស​ដែល​សំបូរ​ដោយ​អ្នកកាន់សាសនា​អ៊ីស្លាម​រស់នៅ ពិសេស​ពួក​រ៉ូហ៊ីងយ៉ា។ ក្នុង​ឆ្នាំ ២០១២ អំពើ​ហិង្សា​រវាង​សហគមន៍​សាសនា​ទាំង​ពីរ​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២០០នាក់។ គឺ​ស្ថានការណ៍​របស់​ពួក​រ៉ូហ៊ីងយ៉ា​នេះ​ហើយ​ដែល​ជា​បញ្ហា​ប្រឈម​ដ៏​រសើប​ជាង​គេ​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី។ លោកស្រី​អ៊ុង សានស៊ូជី​ដែល​ធ្លាប់​ទទួល​រង​ការ​រិះគន់ ទិតៀន​ពី​ការ​ធ្វើ គ ធ្វើ​ថ្លង់​ចំពោះ​បញ្ហា​របស់​ពួក​រ៉ូហ៊ីងយ៉ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ