អានតួអត្ថបទ
ប្រេស៊ីល

ការ​ប្រកួត​បាល់ទាត់​ពិភពលោក ​World ​Cup ​2014 ​បើកធ្វើ​នៅ​ប្រេស៊ីល

ការប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់ពិភពលោក (World Cup 2014) ត្រូវ​ចាប់ផ្តើម​បើក​ធ្វើ នៅថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។ ប្រេស៊ីល ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​នៃ​កីឡាបាល់ទាត់។ ក៏ប៉ុន្តែ ប្រជាជន​ប្រេស៊ីលជាច្រើន​បាន​បង្ហាញ​នូវ​ការ​មិនសប្បាយចិត្ត​នឹង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាលទាត់​នេះ។ មិនសប្បាយចិត្ត ដោយសារ​តែ​គេ​យល់ថា ការរៀបចំ​ការ​ប្រកួតនេះ​ត្រូវ​ចំណាយ​លុយ​យ៉ាង​ច្រើន​ហួសហេតុពេក។

តារាបាល់ទាត់​ជម្រើសជាតិ​ប្រេស៊ីល Neymar នៅ​ក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃ​ពុធ ១១មិថុនា ២០១៤ មួយថ្ងៃ​មុនបើក​ការ​ប្រកួត
តារាបាល់ទាត់​ជម្រើសជាតិ​ប្រេស៊ីល Neymar នៅ​ក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃ​ពុធ ១១មិថុនា ២០១៤ មួយថ្ងៃ​មុនបើក​ការ​ប្រកួត REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

ពិធី​បើក​ការ​ប្រកួត​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ នៅ​ក្នុង​ពហុកីឡាដ្ឋាន​ នៅ Sao Paulo ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រមុខរដ្ឋ ឬ​​ប្រមុខរដ្ឋាភិបាល​មក​ពី​បណ្តា​ប្រទេស​ចំនួន ១២ ហើយ​ការ​ប្រកួត​បើក​ឆាក រវាង​ក្រុមជម្រើសជាតិ​ប្រេស៊ីល និង​ក្រូអាស៊ី នឹង​ត្រូវ​ធ្វើ​ នៅ​ម៉ោង ៥ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ម៉ោង​ក្នុងស្រុក ត្រូវ​នឹង​ម៉ោង ៣ព្រឹក​ថ្ងៃ​សុក្រ នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ការ​ប្រកួត​រយៈពេល ១ខែ ពោលគឺ ពីថ្ងៃ​ទី១២​មិថុនា ដល់​ថ្ងៃ​ទី១៣កក្កដា ក្រុមបាល់ទាត់​ជម្រើសជាតិ​មក​ពី​ប្រទេស​ចំនួន ៣២​ នឹង​ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ពានរង្វាន់​ពិភពលោក ដែល​ជា​ពានរង្វាន់​ដ៏មាន​តម្លៃ​បំផុត នៅ​ក្នុង​កីឡាបាល់ទាត់។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់​ពិភពលោក គឺ​ជា​ព្រឹត្តិការណ៍​កីឡា​ដ៏​អស្ចារ្យ​មួយ ដែល​គេ​តែងតែ​រៀបចំ​ធ្វើ នៅ​រៀងរាល់​ ៤ឆ្នាំ​ម្តង ហើយ​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ រឹតតែ​ជា​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ថែមទៀត ដោយសារ​ប្រេស៊ីល ដែលត្រូវ​គេ​ចាត់ទុក​ថា​ជា​ស្តេច​បាល់ទាត់ គឺ​ជា​ម្ចាស់ផ្ទះ។

ក្រុមជម្រើសជាតិ​ប្រេស៊ីល ដែល​មាន​កីឡាករ​ដ៏ល្បី ដូចជា Neymar ជាដើម កំពុងតែ​ទទួល​នូវ​សម្ពាធ​ខ្លាំង​ជាងគេ នៅ​ក្នុង​ការ​ប្រកួត​នេះ ដោយសារ​តែ​ប្រេស៊ីល គឺ​ជា​ម្ចាស់ផ្ទះ​ផង និង​ជាពិសេស ក្រុមជម្រើសជាតិ​ប្រេស៊ីល​ចាំបាច់​ត្រូវ​តែ​លេង​ឲ្យ​បាន​ល្អ ដើម្បី​បំភ្លេច​កំហឹង​របស់​ប្រជាជន ដែល​នាំគ្នា​តវ៉ា​នឹង​ការ​ចំណាយ​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ក្នុងការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នេះ។

កាលពី​ឆ្នាំ​ទៅមិញ ប្រជាជន​ប្រេស៊ីល​ប្រមាណ​ជាង ១លាន​នាក់ បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម នៅ​តាម​ទីក្រុង​ធំៗ ដើម្បី​​តវ៉ា​នឹង​ការ​ចំណាយ​លុយ​ក្នុងការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក នៅ​ក្នុង​ពេល​ដែល​ប្រជាជន​ប្រេស៊ីល​ជាច្រើន​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជីវភាព។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​ថ្ងៃ​បើក​ការ​ប្រកួត​ បរិយាកាស​សង្គម​នៅ​ប្រេស៊ីល​ក៏​ហាក់ដូចជា​មិនទាន់​មាន​ស្ថិរភាព​នៅឡើយដែរ។ អាជ្ញាធរ​ប្រេស៊ីល​អាច​មាន​ការ​ធូរចិត្ត​ច្រើន ដោយសារ​តែ​បុគ្គលិក​បម្រើ​ការ​នៅ​សេវាកម្ម​រថភ្លើង​ក្រុម​ដី នៅ​ទីក្រុង Sao Paulo បាន​សម្រេច​បញ្ឈប់​ការ​ធ្វើ​កូដកម្ម។ ក៏ប៉ុន្តែ នៅទីក្រុង Rio de Janeiro ឯណោះវិញ ដែល​ជា​ទីក្រុង​ដ៏ធំ​លំដាប់ទីពីរ​របស់​ប្រេស៊ីល បុគ្គលិក​បម្រើការ​នៅ​ព្រលាន​យន្តហោះ​ធំៗ​ទាំងពីរ​ទើប​នឹង​បាន​ប្រកាស​ធ្វើ​កូដកម្ម ដើម្បីទាមទារ​​លក្ខខណ្ឌ​ការងារ​សមស្រប។ គេ​រំពឹង​ថា បាតុកម្ម​តូចធំ​ផ្សេងទៀត​ក៏​អាច​កើតមាន​ដែរ នៅ​ក្នុងអំឡុង​ពេល​ប្រកួត រយៈពេល ១ខែ​នេះ។

ក៏ប៉ុន្តែ ប្រធានាធិបតី​ប្រេស៊ីល គឺ​លោកស្រី Dilma Rousseff បាន​ធ្វើការ​ព្រមាន​រួច​ហើយ​ថា អាជ្ញាធរ​នឹង​មិនបណ្តោយ​ឲ្យ​មាន​​បាតុកម្ម​ហិង្សា ដូច​កាល​ពី​ឆ្នាំ​ទៅមិញ​ទៀត​ទេ នៅ​ក្នុង​ពេល​ប្រកួត​បាល់ទាត់​នេះ ហើយ​​កម្លាំង​ទាហាន និង​ប៉ូលិស ចំនួន ១៥ម៉ឺននាក់ រួមជាមួយនឹង​កងសន្តិសុខ​ឯកជន​ចំនួន ២ម៉ឺននាក់ ត្រូវ​បាន​រដ្ឋាភិបាល​ប្រេស៊ីល​ដាក់ពង្រាយ ដើម្បី​រក្សា​សន្តិសុខ​ក្នុង​ពេល​ប្រកួត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ