អានតួអត្ថបទ
ប្រេស៊ីល

ប៉ូលិស​ប្រេស៊ីល​បំបែក​បាតុកម្ម ​៣ថ្ងៃ​មុន​បើក​ការ​ប្រកួត​បាល់ទាត់​ពិភពលោក

ប៉ូលិស​ប្រេស៊ីល បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​​បំបែក​បាតុករ​មួយក្រុម ដែល​នាំគ្នា​បិទផ្លូវ ដើម្បី​គាំទ្រ​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​រថភ្លើង​ក្រោមដី ​នៅ​ទីក្រុង​ Sao Paulo។ កូដកម្ម ដែល​ត្រូវ​បាន​ធ្វើ​ ៥ថ្ងៃ​មកហើយនោះ កំពុងតែ​ធ្វើ​ឲ្យ​ប្រព័ន្ធដឹកជញ្ជូន​សាធារណៈ​ត្រូវ​ជាប់គាំង ហើយ​ចរាចរណ៍​ត្រូវ​គាំងស្ទះ​រាប់រយ​គីឡូម៉ែត្រ នៅ​ក្នុង​ទីក្រុង ដែល​នឹង​ត្រូវ​ទទួល​ការ​ប្រកួត​បើកឆាក​បាល់ទាត់ពិភពលោក នៅថ្ងៃ​ព្រហស្បតិ៍ ១២មិថុនា​ខាងមុខនេះ។

បាតុករ​នាំគ្នា​រត់គេច​ចេញ​ពី​ឧស្ម័ន​បង្ហូរទឹកភ្នែក នៅ​ក្នុង​ការ​បង្រ្កាប​បាតុកម្ម នៅ​ Sao Paulo ថ្ងៃ​ចន្ទ ៩​មិថុនា ២០១៤
បាតុករ​នាំគ្នា​រត់គេច​ចេញ​ពី​ឧស្ម័ន​បង្ហូរទឹកភ្នែក នៅ​ក្នុង​ការ​បង្រ្កាប​បាតុកម្ម នៅ​ Sao Paulo ថ្ងៃ​ចន្ទ ៩​មិថុនា ២០១៤ REUTERS
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​បាន​ចូល​បង្រ្កាប​បាតុកម្ម នៅ​ពេលដែល បាតុករ​ប្រមាណ​ជា​៣០០នាក់​បាន​នាំគ្នាដុត​គំនរសម្រាម ព្រមទាំង​បាន​​បិទផ្លូវ​​នៅ​សង្កាត់​ជំនួញ​ដ៏ធំមួយ ក្នុង​ទីក្រុង Sao Paulo ដើម្បី​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​កូដកម្ម​របស់​បុគ្គលិក​បម្រើការ​នៅ​រថភ្លើង​ក្រោមដីរបស់ Sao Paulo។ កូដកម្ម ដែល​បាន​ចាប់ផ្តើម​ធ្វើ តាំង​ពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ត្រូវ​បាន​​​តុលាការ​ប្រកាស​ កាល​ពីថ្ងៃ​អាទិត្យ​ថា​ជា​កូដកម្ម​ខុសច្បាប់ ហើយ​តម្រូវ​ឲ្យ​កូដករ​ចូល​ធ្វើការ​វិញ ដោយ​​កំណត់​លុយពិន័យ​ជាង ២២ម៉ឺន​ដុល្លារ ក្នុងមួយថ្ងៃ ប្រសិនបើ​កូដកម្ម​នៅតែ​បន្ត​ធ្វើ។

ក៏ប៉ុន្តែ បើទោះបីជា​មាន​សេចក្តីសម្រេច​របស់​តុលាការ​ក៏ដោយ សហជីព​នៃ​ក្រុមហ៊ុន​រថភ្លើង​ក្រោមដី ដែល​ជា​ក្រុមហ៊ុន​រដ្ឋ បាន​សម្រេចថា​នឹង​បន្ត​ធ្វើ​កូដកម្ម​បន្ត​ទៀត រហូត​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​ទៅតាម​ការ​ទាមទារ។

គួរបញ្ជាក់ថា ពីដំបូង សហជីព​បាន​ទារ​ដំឡើង​ប្រាក់​ខែ ១៦,៥% តែ​ក្រោយ​មក​ បន្ធូរ​​ការទាមទារ​មកវិញ​បន្តិច គឺ​ទារ​ដំឡើង​តែ​ត្រឹម ១២,២%។ ក៏ប៉ុន្តែ រដ្ឋាភិបាល​យល់​ព្រម​ដំឡើង​ឲ្យ​តែ ៨,៧%។

កូដកម្ម​រថភ្លើង​ក្រោមដី នៅ​ Sao Paulo កំពុងតែ​ក្លាយ​ជា​បញ្ហា​ដ៏​សែន​ឈឺក្បាល​មួយ សម្រាប់​រដ្ឋាភិបាល​ប្រេស៊ីល នៅ​ក្នុង​ពេលដែល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នឹង​ត្រូវ​ចូល​មក​ដល់ នៅថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ ហើយ​ពិធី​បើក​ការប្រកួត ព្រមទាំង​ការប្រកួត​បើក​ឆាក​ដំបូង​នឹង​ត្រូវ​ធ្វើ នៅ​ក្នុង​ពហុកីឡាដ្ឋាន​ Sao Paulo។ ពិធី​បើក​ការ​ប្រកួត ដែល​នឹង​ត្រូវ​ចូលរួម ពី​សំណាក់​ លោកបាន​ គីមូន ​អគ្គលេខាធិការ​អ.ស.ប ព្រមទាំង​ប្រមុខរដ្ឋ ឬ​ប្រមុខរដ្ឋាភិបាល​ចំនួន ១១រូប​ផ្សេងទៀត។

រថភ្លើងក្រោមដី គឺ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏សំខាន់មួយ សម្រាប់​​ធ្វើ​ដំណើរ​ទៅកាន់​ពហុកីឡាដ្ឋាន Sao Paulo។ កូដកម្ម​របស់​បុគ្គលិក​រថភ្លើង​ក្រោម​ដី ៥ថ្ងៃ​កន្លង​ទៅនេះ មិនត្រឹមតែ​បាន​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ទៅកាន់​ពហុកីឡាដ្ឋាន​តាម​រថភ្លើង​ក្រោមដី ត្រូវ​ជាប់គាំង​នោះទេ ក៏ប៉ុន្តែ ការ​ធ្វើ​ដំណើរ​តាមផ្លូវ​ក៏​ត្រូវ​កកស្ទះ ក្នុង​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ផងដែរ។

ដូច្នេះ ប្រសិនបើ​កូដកម្ម​នេះ​នៅតែ​បន្ត​ធ្វើ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ វាអាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​​ការ​ប្រកួត​បើក​ឆាក រវាង​ក្រុមជម្រើសជាតិ​ប្រេស៊ីល និង​ក្រូអាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ