អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

តំបន់​កាស្មៀរ ៖ ឥណ្ឌា​ចោទ​ប៉ាគីស្ថាន​ថា​រំលោភ​លើ​បទ​ឈប់បាញ់

ការ​ឆ្លើយឆ្លង​គ្នា​ដោយ​គ្រាប់​កាំភ្លើង រវាង​ទាហាន​ឥណ្ឌា និង​ក្រុម​ឧទ្ទាម​ប៉ាគីស្ថាន នៅ​ភាគ​ខាងជើង​ក្រុង​ស្រីណាហ្គារ៍ ក្នុង​តំបន់​កាស្មៀរ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​សម្លាប់​ទាហាន​ឥណ្ឌា​ម្នាក់។ ឥណ្ឌា​បាន​ចេញ​ប្រតិកម្ម​ថា នេះ​គឺ​ជា​ការ​រំលោភ​លើ​បទ​ឈប់​បាញ់​ពី​សំណាក់​ប៉ាគីស្ថាន ហើយ​ថា​ការ​នេះ​ នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ កាន់តែ​មើល​មុខ​គ្នា​លែង​ត្រង់។

ផែនទីតំបន់​កាហ្ស​មៀរ​ ដែលគ្រប់គ្រង​ដោយ​ឥណ្ឌា​និង​ប៉ាគីស្ថាន
ផែនទីតំបន់​កាហ្ស​មៀរ​ ដែលគ្រប់គ្រង​ដោយ​ឥណ្ឌា​និង​ប៉ាគីស្ថាន RFI
ផ្សាយពាណិជ្ជកម្ម

តំបន់​កាស្មៀរ ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា តែងតែ​ជា​ទីលាន​ប្រយុទ្ធ​រវាង​ទាហាន​ឥណ្ឌា ជាមួយ​នឹង​ទាហាន​ប៉ាគីស្ថាន រឺ​ក៏​ក្រុម​ឧទ្ទាម​​ដែល​ទាមទារ​ឯករាជ្យ​នៅ​តំបន់​នេះ។ ជាក់ស្តែង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ មាន​ការ​ឆ្លើយឆ្លង​ទៅវិញ​ទៅមក​ ដោយ​គ្រាប់​កាំភ្លើង រវាង​ទាហាន​ឥណ្ឌា​និង​ក្រុម​ឧទ្ទាម​ទាមទារ​ឯករាជ្យ​នៅ​តំបន់​កាឡារ៉ូស ភាគ​ពាយ័ព្យ​ក្រុង​ស្រីណាហ្គារ៍​ ដែល​ជា​ទីក្រុង​ធំ​របស់​រដ្ឋ​ចាម្មុនិង​កាស្មៀរ របស់​ឥណ្ឌា។

 
តាម​ការ​រាយការណ៍​របស់ នគរបាល​ឥណ្ឌា មាន​ទាហាន​ឥណ្ឌា​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ។ ដូច​គ្នា​ដែរ កាល​ពី​ដើម​សប្តាហ៍​នេះ ក៍​មាន​ការ​បាញ់​តបត​គ្នា​ដែរ​ នៅ​តាម​ព្រំដែន​រវាង​ទាហាន​ប៉ាគីស្ថាន​និង​ទាហាន​ឥណ្ឌា​ ហើយ​បាន​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​ស្លាប់​បីនាក់ និង​មាន​សកម្មជន​ទាមទារ​ឯករាជ្យ​៥នាក់​ស្លាប់​ដែរ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ឥណ្ឌា បាន​ថ្លែង​ថា​នេះ គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ ទៅលើ​បទ​ឈប់បាញ់​រវាង​ប្រទេស​ទាំងពីរ។ លោក​ថា ទង្វើ​នេះ គឺ​ជា​ការ​អុជអាល​បញ្ឆេះ​កំហឹង រវាង​គ្នា​នឹង​គ្នា ដែល​ប៉ាគីស្ថាន​បាន​បង្កឡើង។ ការ​នេះ​នឹង​នាំ​ឲ្យ​ការ​ចរចា​​រក​សន្តិភាព​នៅ​តំបន់​កាស្មៀរ វាង​ប្រទេស​ទាំងពីរ​ កាន់តែ​រាំងស្ទះ​ត​ទៅ​ទៀត។ គួរ​រំលឹក​ផង​ដែរ​ថា ឥណ្ឌា​បាន​ព្យួរ​ទុក​ការចរចា​មួយ​អន្លើ​ ដោយ​ហេតុ​ថា ឥណ្ឌា​មិន​ពេញចិត្ត​ ដែល​ថ្នាក់​ដឹកនាំ​ប៉ាគីស្ថាន​ បាន​ទៅ​ជួប​ជាមួយ​មេក្រុម​បះបោរ​ទាមទារ​ឯករាជ្យ នៅ​ក្រុង​ញូដេលី។

សូម​បញ្ជាក់​ថា តំបន់​កាស្មៀរ​ដែល​ស្ថិត​នៅ​ចុង​ខាងជើង​ជួរ​ភ្នំ​ហិមាល័យ មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា​១០លាន​នាក់ ដែល​ភាគ​ច្រើន​កាន់​សាសនា​អ៊ីស្លាម។ តំបន់​នេះ​ចែកជា​បី​ផ្នែក មួយ​ក្រោម​ការ​កាន់កាប់​របស់​ប៉ាគីស្ថាន មួយ​ផ្នែក​របស់​ឥណ្ឌា និង​មួយ​ផ្នែក​ទៀត​របស់​ចិន។ កន្លងមក​មាន​ការ​ប្រយុទ្ធ​គ្នា​ទ្រង់ទ្រាយ​ធំ​រវាង ប៉ាគីស្ថាន និង​ឥណ្ឌា​ចំនួន​ពីរ​លើក គឺ​នៅ​ឆ្នំា​១៩៤៧​ និង ១៩៧១។ ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ ស្ហីមឡា នៅ​ខែ​កក្កដា ឆ្នាំ១៩៧២ ដើម្បី​ធ្វើ​ការ​ឈប់បាញ់។ ការ​ប្រឈមមុខ​គ្នា​ថ្មីៗ​នៅ​ថ្ងៃ​ខាងមុខ រវាង​ប្រទេស​ទាំងពីរ​ អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​ថា​ទាំង​ឥណ្ឌា ទាំង​ប៉ាគីស្ថាន សុទ្ធសឹង​តែ​មាន​អាវុធ​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ