អានតួអត្ថបទ
កម្ពុជា

សំណុំ​រឿង​លោក គឹម សុខ៖ ព្រះ​អង្គ ប៊ុត ប៊ុនតិញ រៀបចំ​បង្កើត​​មូលនិធិ និង​ស្វែង​រក​មេធាវី

បន្ទាប់​ពី​លោក គឹម សុខ អ្នក​វិភាគ​បញ្ហា​នយោបាយ​និង​សង្គម ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួននៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ព្រះ​អង្គ ប៊ុត ប៊ុនតិញ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​នា​ថ្ងៃ​សៅរ៍​នេះ​ថា ព្រះ​អង្គ​កំពុង​រៀបចំ​បង្កើត​មូលនិធិ គឹម សុខ និង​ស្វែង​រក​មេធាវី ដើម្បី​ការពារ​ក្ដី​​។ ព្រះ​អង្គ ប៊ុត ប៊ុនតិញ ដែល​ជា​ស្ថាបនិកបណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ត្រូវ​បាន​លោក គឹម សុខ ផ្ដល់​សិទ្ធិ​​ឲ្យ​ចាត់​ចែង​ការងារ​​ទាំង​ស្រុង​​។

អ្នក​វិភាគ​សង្គម​និង​នយោបាយ លោក គឹម សុខ និង ព្រះ​អង្គ​ ប៊ុត ប៊ុនតិញ នៅ​ក្នុង​ក្បួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧។ រូបថតរបស់ FB-SBN
អ្នក​វិភាគ​សង្គម​និង​នយោបាយ លោក គឹម សុខ និង ព្រះ​អង្គ​ ប៊ុត ប៊ុនតិញ នៅ​ក្នុង​ក្បួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧។ រូបថតរបស់ FB-SBN
ផ្សាយពាណិជ្ជកម្ម

លោក គឹម សុខ មិន​ចង់​ឲ្យ​គ្រួសារ​របស់​លោក​មក​ជាប់​ជំពាក់​នឹងរឿង​ក្ដី​ក្ដាំ​ ដែលមាន​​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន​សែន​ជា​ដើម​បណ្ដឹង​នេះ​ទេ​​។ នេះបើ​តាមអ្វី​ដែល​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម មាន​សង្ឃ​ដីកា​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​។ ដូច្នេះ​ហើយ​ទើប​បាន​ជា​លោក គឹម សុខ ប្រគល់​សិទ្ធិ​ប្រគេន​ព្រះ​អង្គ​ប៊ុត ប៊ុនតិញ ទាំង​ស្រុង ដើម្បី​ចាត់ចែង​ការងារ​នានា​ដែល​ពាក់ព័ន្ធ​នឹង​រូប​លោក​។

ក្នុង​សំណុំ​រឿង លោក គឹម សុខ ព្រះ​អង្គ ប៊ុត ប៊ុនតិញ បញ្ជាក់​ថា ព្រះ​អង្គ​កំពុង​បន្ត​ដំណើរការ​រៀបចំ​បង្កើត​មូលនិធិ គឹម សុខ​។ មូលនិធិ​នេះ មាន​គោលដៅ​រៃ​អង្គាស​ប្រាក់ ប៉ុន្តែ​មិន​ដើម្បី​សង​ជំងឺ​ចិត្ត​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ដែល​ប្ដឹងសំណង​៥០​ម៉ឺន​ដុល្លារ​សម្រាប់​បណ្ដឹង​ទី​១ និង​១០​លាន​រៀល​សម្រាប់​បណ្ដឹង​ទី​២​។ បើ​តាម​ព្រះ​អង្គ ប៊ុត ប៊ុនតិញ មូលនិធិ គឹម សុខ នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​បម្រើ​ដល់​ប្រយោជន៍​ប្រជារាស្ត្រ​រង​គ្រោះ​ក្រីក្រ​ជា​សំខាន់​។

ក្រៅ​ពី​ការងារ​បង្កើត​មូលនិធិ ព្រះ​អង្គ ប៊ុត ប៊ុនតិញ ក៏​កំពុង​តែ​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ច្បាប់ ដើម្បី​ស្វែង​រក​មេធាវី​ការពារ​ក្ដី​ជូន​លោក គឹម សុខ​។ សូម​រំលឹក​ជូន​ថា លោក គឹម សុខ មិន​ទាន់​មាន​មេធាវី​ការពារ​ក្ដី​នៅ​ឡើយ​។ កាល​ពី​ថ្ងៃ​ទី​១៦​កុម្ភៈ លោក​បាន​ដាក់​សំណើ​សុំ​ពន្យារ​ពេល​សវនាការ​ដោយ​សារ​តែ​គ្មាន​មេធាវី​ការពារ​ក្ដី ប៉ុន្តែ​សំណើ​នោះ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​បដិសេធ​​។ អ្នក​វិភាគ​រង​បណ្ដឹង លោក គឹម សុខ ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៧​កុម្ភៈ និង​ក្រោយ​មក​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាថិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​។

សម្រាប់​ព្រះ​អង្គ ប៊ុត ប៊ុនតិញ ការ​ស្វែង​រក​មេធាវី​ការពារ​ក្ដី​ជូន​លោក គឹម សុខ នឹង​ត្រូវ​ការ​ពេល​បន្តិច ខណៈ​ព្រះ​អង្គ​មិន​មាន​ភាព​ចំណាន​ខាង​នីតិវិធី​ច្បាប់​។ យ៉ាង​ណា​ក៏​ដោយ ព្រះ​អង្គ​នឹង​សម្រេច​ការងារ​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន មុន​ពេល​ជួប​សួរ​សុខទុក្ខ​លោក គឹម សុខ នៅ​ពន្ធនាគារ នា​សប្ដាហ៍​ក្រោយ​។

ជា​ការ​កត់​សម្គាល់ ជុំ​វិញ​បញ្ហា​នេះ លោក​មេធាវី សំ សុគង់ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​ថា លោក​ស្ម័គ្រ​ចិត្ត​ជួយ​ការ​ពារ​ក្ដី​ជូន​លោក គឹម សុខ​។ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​សៅរ៍​នេះ នៅ​មិន​ទាន់​មាន​សំណើ​ផ្លូវ​ការ​ណា​មួយ​សុំ​ឲ្យ​លោក​មេធាវី សំ សុគង់ ជួយ​ការពារ​ក្ដី​ឲ្យ​លោក គឹម សុខ នៅ​ឡើយ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ