អានតួអត្ថបទ
កម្ពុជា

​អាជ្ញាធរ​ចាត់​វិធាន​ការ​ច្បាប់​ចំពោះ​បាតុកម្ម​នៅ​ប៉ោយ​ប៉ែត

ក្រោយ​បាតុកម្ម​ដែល​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​រវាង​កម្មករ​អូស​រទេះ​និង​អាជ្ញាធរ​នៅ​ក្រុង​ប៉ោយប៉ែត​ នៅថ្ងៃ​អង្គារ​ទី​២៦​ ឧសភា​នេះ​អាជ្ញាធរ​ខេត្ត​ បាន​បញ្ជាក់​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​បាតុកម្ម​នេះ​កំពុង​ដំណើរ​ការ​ ប៉ុន្តែ​នៅ​មិន​ទាន់​កំណត់​មុខ​សញ្ញា​បាន​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ​ អាជ្ញាធរ​បាន​អះអាង​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ពីរ​នាក់​គឺ​ជា​អ្នក​ដឹកនាំ​បាតុកម្ម​ដែល​ម្នាក់​ជា​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ។

ច្រក​ចេញ​ចូល​អន្តរជាតិ​នៅ​ប៉ោយប៉ែត ​ដែល​កម្មករ​ខ្មែរ​​ធ្វើ​ដំ​ណើរ​ចុះ​ឡើង​រវាង​កម្ពុជា​-ថៃ​
ច្រក​ចេញ​ចូល​អន្តរជាតិ​នៅ​ប៉ោយប៉ែត ​ដែល​កម្មករ​ខ្មែរ​​ធ្វើ​ដំ​ណើរ​ចុះ​ឡើង​រវាង​កម្ពុជា​-ថៃ​ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​បាតុកម្ម​នៅ​ក្រុង​ប៉ោយប៉ែត​រវាង​កម្មករ​អូស​រទះ​និង​អាជ្ញាធរ​ច្រកទ្វា ​គឺ​កំពុង​ឈាន​ទៅ​ដល់​ការ​កំណត់​មុខ​សញ្ញា ​និង​អ្នក​ទទួល​ខុស​ត្រូវ។ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក​ គោ ស៊ុំសារឿត​ បាន​បញ្ជាក់​ថា​ពេល​នេះ​មន្ត្រី​ព្រហ្មទណ្ឌ​កំពុង​ប្រមូល​ភស្តុតាង​ និង​រូបថត​ចំពោះ​ហេតុការណ៍​បាតុកម្ម​ដែល​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​ដើម្បី​ដាក់​ទៅ​កាន់​តុលាការ។ បើ​តាម​អភិបាល​ខេត្ត​រូប​នេះ​ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​ប៉ោយប៉ែត​ បាន​ចោទ​ចៅ​សង្កាត់​រង​ទី​២​ក្រុង​ប៉ោយប៉ែត​កូតា​គណបក្ស​សង្គ្រោះជាតិ​ និង​ប្រធាន​សមាគមន៍​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ប៉ោយប៉ែត​ រួម​ទាំង​គូកន​ គឺ​ជា​អ្នក​ដឹកនាំ​បាតុកម្ម។

លោក ​សោ ច័ន្ទដេត​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​បន្ទាយ​មាន​ជ័យ​ បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ក្រុង។ ហើយ​ថា​ការ​ចោទ​ប្រកាន់​នេះ​ គឺ​ចង់​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​មក​លើ​គណបក្ស​ប្រឆាំង។ លោក​ចៅ វាសនា​ដែល​ជា​ចៅ​សង្កាត់​រង​ទី​២​នោះ​បាន​បញ្ជាក់​ថា​ ពិត​ជា​បង្ហាញ​វត្តមាន​មែន​នៅ​កន្លែង​កើត​ហេតុ​មែន​ ប៉ុន្តែ​ក្នុង​នាម​ជា​អាជ្ញាធរ​ដើម្បី​ឃ្លាំ​មើល​ហេតុការ​ប៉ុណ្ណោះ។ គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ទី​២៦​ ឧសភា​នេះ​ បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ចំពោះ​អំពើ​ហិង្សា​នេះ​ផង​ដែរ​ ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន។

សូម​រំលឹក​ថា​ កម្មករ​អូស​រទះ​នៅ​ព្រំដែន​កម្ពុជា​-ថៃ​ប្រមាណ​ជា​១០០​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ការិយាល័យ​គយ​ច្រកទ្វា​ប៉ោយប៉ែត​ដើម្បី​តវ៉ា​ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​លើកលែង​ការ​យក​ពន្ធ​លើ​ឥវ៉ាន់​ពី​ប្រទេស​ថៃ។ ហើយ​បាតុកម្ម​នេះ​បាន​ឈាន​ដល់​អំពើ​ហិង្សា​ផ្ទុះ​អាវុធ​សំណាក់​អាជ្ញាធរ​ និង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ។ តុល្យការ​ចុងក្រោយ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៤​នាក់​បាន​រង​របួស​ក្នុង​ហេតុការណ៍​នេះ។ លោក​ច័ន្ទដេត តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បាន​បញ្ជាក់​ថា បាតុកម្ម​នេះ គឺ​កម្មករ​ទាមទារ​ឱ្យ​អាជ្ញាធរ​ច្រក​ទ្វា​អនុវត្ត​កិច្ច​សន្យា​ដែល​បាន​ចុះ​ហត្ថលេខា​លើ​ការ​មិន​យក​ពន្ធលើស​ឥវ៉ាន់​សម្រាប់​ការ​នាំ​ចូល​លើក​ទី​១​ដែល​បាន​ព្រមព្រៀង​ជាមួយ​កម្មករ​កាល​ពី​ខែ​មករា​​២០១៥។

តាម​ច្បាប់​បទ​ចោទ​យ៉ាង​ហោច​ចំនួន​ពីរ​ក្នុង​សំណុំ​រឿង​បាតុកម្ម​នេះ​គឺ​ការ​បង្ក​របួស​ស្នាម​ និង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។ បើទោះបី​ជា​អាជ្ញាធរ​មិន​បង្ហាញ​អត្តសញ្ញាណ​ក៏​ដោយ​ ប៉ុន្តែ​ចៅ​សង្កាត់​រង​ទី​២​របស់​គណបក្ស​សង្គ្រោះជាតិ​ រង​ការ​ចោទ​ប្រកាន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ