អានតួអត្ថបទ
ប្រជាជនពិភពលោក

៧ពាន់លាន​នាក់៖ តើ​ភពផែនដី​អាច​ទ្រាំទ្រ​នឹង​កំណើន​ប្រជាជន​បាន​ឬ​ទេ?

ចំនួន​ប្រជាជន​នៅទូទាំង​ពិភពលោក​នឹង​កើនឡើង​ដល់ ៧ពាន់​លាន​នាក់ នៅ​ថ្ងៃ​ទី៣១ ខែ​តុលា ២០១១​ សប្តាហ៍ក្រោយ​នេះ។ នៅក្នុង​របាយការណ៍​ចេញផ្សាយ​នៅថ្ងៃ​ពុធ​នេះ មូលនិធិ​សហប្រជាជាតិ​ដើម្បី​ប្រជាជន (UNFPA) បានព្រមាន​ថា កំណើន​ប្រជាជន​ពិភពលោក​អាច​នឹង​ចោទ​ជា​បញ្ហា​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ និង​ការ​ថែរក្សា​បរិស្ថាន។

មនុស្ស​ពពាក់ពពូន​​ចាំ​ដងទឹក​អណ្តូង​​មួយ នៅ​ឥណ្ឌា
មនុស្ស​ពពាក់ពពូន​​ចាំ​ដងទឹក​អណ្តូង​​មួយ នៅ​ឥណ្ឌា REUTERS/Amit Dave/Files
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ចំនួន ១២៦​ទំព័រ ដែល​មាន​ចំណងជើង​ថា “ស្ថានភាព​ប្រជាជន​ពិភពលោក​ឆ្នាំ​២០១១” UNFPA បាន​ព្យាករ​បន្ថែម​ថា នៅ​ឆ្នាំ​២០៥០ ចំនួន​ប្រជាជន​សរុប​នៅទូទាំង​ពិភពលោក​​អាច​នឹង​កើនឡើង​ដល់​ជាង​ ៩ពាន់លាននាក់។ របាយការណ៍​នេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ប្រជាជន​ពិភពលោក​ចាប់ផ្តើម​កើនឡើង​ខ្លាំង​បំផុត នៅ​ក្រោយ​សង្រ្គាម​លោក​លើក​ទី២។ គ្រាន់តែ​ពី​ចន្លោះ​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៩៩ ប្រជាជន​នៅលើ​ពិភពលោក​កើន​ឡើង ពី ៣ពាន់លាន​នាក់ ទៅ​៦ពាន់​លាន​នាក់ ពោល​គឺ កើនឡើង​ទ្វេដង។

ការកើនឡើង​នេះ​មក​ពី​កត្តា​ធំៗ​ពីរ៖

ទីមួយ គឺ​​មក​ពី​អត្រា​កំណើត​ខ្ពស់ (ដែល​គេ​តែងតែ​ហៅ​ថា “Baby Boom”) នៅ​ក្រោយ​សង្រ្គាម​លោក​លើក​ទីពីរ ចន្លោះ​ពី​ទសវត្សរ៍​ទី​៥០ និង​ទី​៦០។ ក្មេង​ដែល​កើត​ក្នុង​ជំនាន់ Baby Boom នេះ ធំពេញវ័យឡើង ក៏​បង្កើត​ជា​កូន ពូនជាចៅ កាន់តែ​ច្រើន​ឡើង​ថែមទៀត។

ទីពីរ ដោយសារ​តែ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​​ភាពជឿនលឿន​ផ្នែក​វិទ្យាសាស្រ្ត ជាពិសេស ក្នុង​វិស័យ​សុខាភិបាល មនុស្ស​កាន់តែ​មាន​អាយុវែង​ជាង​ពីពេលមុន។ ជំងឺ​ជាច្រើន ដែល​ធ្លាប់តែ​រាតត្បាត​សម្លាប់​មនុស្ស ត្រូវ​បាន​គេ​រក​វិធី​ព្យាបាល​ និង​ទប់ស្កាត់​បាន។ នៅពេល​បច្ចុប្បន្ន​នេះ មនុស្ស​ម្នាក់​​ៗអាច​រស់​បាន​រហូតដល់​រយៈពេល​ ៦៨​ឆ្នាំ គិតជាមធ្យម ពោលគឺ​ ២០​ឆ្នាំ​វែង​ជាង​កាល​ពី​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៥០។ ក្នុងពេល​ជាមួយ​គ្នា​នេះ អត្រា​ក្មេង​ស្លាប់​ក្រោយ​ពេល​កើត​បាន​ធ្លាក់ចុះ ប្រមាណ ២ភាគ៣។

នៅថ្ងៃ​ទី៣១ ខែតុលា​ខាងមុខ​នេះ មនុស្ស​រស់​នៅលើភពផែនដី​នឹង​មាន​ចំនួន ៧ពាន់លាន​នាក់ ក្នុងនោះ មាន​ជាង ៤ពាន់​លាន​នាក់ ពោល​គឺ ៦០% ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី។ ចិន គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជនច្រើន​ជាងគេ​លំដាប់​ទីមួយ (១,៣៥​ពាន់លាន​នាក់)។ ឥណ្ឌា​ស្ថិត​នៅ​លំដាប់ទីពីរ (១,២៤​ពាន់​លាន​នាក់)។ ក៏ប៉ុន្តែ UNFPA ព្យាករ​ថា ឥណ្ឌា​នឹង​ដណ្តើម​តំណែង​លេខ​១​ពី​ចិន នៅ​ឆ្នាំ​២០២៥។ អាហ្វ្រិក​​គឺ​ជា​តំបន់​ដែល​មាន​ប្រជាជន​កើនឡើង​លឿន​ជាងគេ​បំផុត នៅលើ​ពិភពលោក។

ការកើនឡើង​នៃ​ចំនួន​មនុស្ស​រស់​នៅលើ​ភពផែនដី​ធ្វើ​ឲ្យ​គេ​បារម្ភ​អំពី​កង្វះ​ធនធាន ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ចាំបាច់​ជាមូលដ្ឋាន​របស់​មនុស្ស។ បញ្ហា​ដែល​អាច​ចោទ​ខ្លាំង​ជាងគេ គឺ​កង្វះទឹក និង​ស្បៀងអាហារ។

ជាការពិតណាស់ថា នៅលើ​ភពផែនដីយើងនេះ ផ្ទៃទឹក​មាន​ទំហំ​ធំជាង​ដីគោក (ទឹក ៧០% ដីគោក ៣០%)។ ក៏ប៉ុន្តែ ក្នុង​ចំណោម​ទឹក​ដែល​មាន​នៅលើភពផែនដី មាន ៩៧,៥% ជា​ទឹក​ប្រៃ ដែល​មិន​អាច​ប្រើប្រាស់​បាន។ ទឹកសាប​មាន​តែ​ចំនួន ២,៥% ប៉ុណ្ណោះ។ ក្នុងនោះ​ទៀតសោត ទឹកសាប​ប្រមាណ ២ភាគ៣ ជាទឹក​កកក នៅ​តំបន់​ប៉ូល ដែល​គេ​មិន​អាច​យក​មក​ប្រើប្រាស់​បាន។ សរុបមកវិញ ទឹកសាប​ដែល​គេ​អាច​យកមក​ប្រើប្រាស់​បាន មាន​មិនដល់ ១%​ ផង។

ជាមួយ​នឹង​កំណើន​ប្រជាជន គេប៉ាន់ប្រមាណ​ថា នៅឆ្នាំ​២០២៥ តម្រូវការទឹក​ប្រើប្រាស់​នៅតាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​​នឹង​កើនឡើង​រហូតដល់ ៥០% ធៀប​នឹង​ឆ្នាំ​ ២០០៧។ នៅពេល​ដែល​មាន​ការខ្វះខាត​ខ្លាំង ជម្លោះ​ដណ្តើម​ធនធានទឹក អាច​នឹង​បង្ក​ទៅជា​សង្រ្គាម។

កង្វះ​ស្បៀងអាហារ​ក៏​ជា​កង្វល់​ដ៏ចម្បង​មួយដែរ។ យោងតាម​ធនាគារ​ពិភពលោក នៅពេល​បច្ចុប្បន្ន​នេះ នៅទូទាំងពិភពលោក មាន​មនុស្ស​ប្រមាណ ៩២៥លាន​នាក់ កំពុង​ប្រឈមមុខ​នឹង​គ្រោះអត់ឃ្លាន ជាពិសេស នៅ​ក្នុង​តំបន់​អាហ្វ្រិក។ ចុះទម្រាំ​មាន​មនុស្ស ជាង​២ពាន់លាន​នាក់​បន្ថែម​ទៀត នៅ​ឆ្នាំ​២០៥០?

យោងតាម​អង្គការ FAO ដើម្បី​ផ្គត់ផ្គង់​កំណើន​ប្រជាជន ទាំង​ជាង​២ពាន់លាននាក់ នៅ​ឆ្នាំ​២០៥០ ផលិតកម្ម​ស្បៀងអាហារ នៅទូទាំង​ពិភពលោក​ត្រូវតែ​មាន​កំណើន​ យ៉ាងតិច ៧០%។ ក៏ប៉ុន្តែ ការប្រែប្រួល​អាកាសធាតុ​គឺ​ជា​ឧបសគ្គ​ដ៏ធំបំផុត​ក្នុង​ការ​បង្កើន​ផលិតកម្ម​ស្បៀងអាហារ។ យោងតាម​ការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បង្ហាញ​ថា សកម្មភាព​របស់​មនុស្ស​គឺ​ជា​បុព្វហេតុចម្បង​​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ។ ដូច្នេះ នៅពេល​ដែល​ចំនួន​មនុស្ស​នៅ​លើ​ពិភពលោក​មាន​កាន់តែច្រើន ការប្រែប្រួល​អាកាសធាតុ​នឹង​ចោទ​ជា​បញ្ហា​កាន់តែ​ខ្លាំង ប្រសិន​បើ​គេ​មិន​អាច​រកវិធានការ​ទប់ទល់​បាន​ឲ្យទាន់ពេល​ទេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ