អានតួអត្ថបទ
ចិន

អតិផរណា​នៅ​ចិន​ធ្លាក់ចុះ​ក្នុង​រយៈពេល​៣ខែ​បន្តបន្ទាប់​គ្នា

នយោបាយ​របស់​រដ្ឋាភិបាល​ចិន ក្នុងការ​ទប់ទល់​នឹង​អតិផរណា ក្នុងរយៈពេល​​​ប្រមាណ​មួយឆ្នាំ​កន្លងទៅនេះ ចាប់ផ្តើម​ទទួលផល។ នៅ​ក្នុង​ខែតុលា​នេះ អត្រា​អតិផរណា​ចិន​​បាន​បន្ត​ថយចុះ​តទៅទៀត បន្ទាប់​ពី​បាន​ថយចុះ កាល​ពី​ខែ​សីហា និង​ខែ​កញ្ញា​កន្លងទៅ។ កំណើន​នៃ​សកម្មភាព​ឧស្សាហកម្ម​ក៏​​បាន​ថយចុះ​មកវិញ​ដែរ។

អត្រាអតិផរណាចិន​ធ្លាក់​ចុះ​យ៉ាងខ្លាំង មកនៅត្រឹម ៥,៥% នៅ​ខែ​តុលា ២០១១
អត្រាអតិផរណាចិន​ធ្លាក់​ចុះ​យ៉ាងខ្លាំង មកនៅត្រឹម ៥,៥% នៅ​ខែ​តុលា ២០១១ REUTERS/Aly Song
ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល​មួយឆ្នាំមកហើយ ដែលចិន​​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​អតិផរណា។ តម្លៃ​ទំនិញ​ស្ទើរតែ​គ្រប់​មុខ ជាពិសេស តម្លៃ​​ចំណីអាហារ ចេះតែ​បន្ត​កើនឡើង​ឥតឈប់ឈរ ដែល​ជាហេតុ​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ព្រួយបារម្ភ​ខ្លាច​ផ្ទុះ​វិបត្តិ​សង្គម។ ដើម្បី​ទប់ទល់​នឹង​បញ្ហា​អតិផរណា​នេះ រដ្ឋាភិបាល​ចិន​បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន ក្នុងគោលដៅ​​កាត់បន្ថយ​​សកម្មភាព​​សេដ្ឋកិច្ច។ ចាប់តាំងពី​​ខែ​តុលា ឆ្នាំ​២០១០​​មក ធនាគារ​កណ្តាល​ចិន​បាន​សម្រេច​​​​ដំឡើង​អត្រាការប្រាក់​ចំនួន ៥លើក និង​បាន​ដំឡើង​ទុនបម្រុង​របស់​ធនាគារ​ឯកជន​ រហូតដល់​ទៅ ៩លើក ដើម្បី​កម្រិតចរន្ត​ឥណទាន។

មួយឆ្នាំ​ក្រោយមក វិធានការ​នេះ​ក៏​បានចេញ​ជាផ្លែផ្កា។ អត្រា​កំណើន​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន​បាន​ថយចុះ​ចំនួន ៣​ត្រីមាស​ជា​បន្តបន្ទាប់គ្នា​ នៅ​ក្នុង​ឆ្នាំ​២០១១​នេះ ពោល​គឺ​​ ពី ៩,៧% នៅ​ត្រីមាសទីមួយ មកនៅ​ត្រឹម ៩,១% នៅ​ត្រីមាស​ទី៣។ នៅទីបំផុត ​អត្រាអតិផរណា​ក៏​ចាប់ផ្តើម​​ថយចុះមកវិញ​ដែរ នៅ​ខែ​សីហា ហើយ​បន្ត​ថយចុះ​ជាបន្តបន្ទាប់​ រហូតមក​នៅ​ត្រឹម ៥,៥% នៅ​ក្នុង​ខែ​តុលានេះ។

អ្នកវិភាគជាច្រើន​បាន​ព្យាករ​ថា អត្រាអតិផរណា​នេះ​អាច​នឹង​បន្ត​ថយចុះ​ជា​បន្តទៅទៀត។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គេមិនរំពឹងថា រដ្ឋាភិបាលចិន​នឹង​ផ្លាស់ប្តូរ​នយោបាយ​​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុងពេល​ឆាប់ៗ​នេះទេ។

លោក វេន ជៀប៉ាវ នាយករដ្ឋមន្រ្តី​ចិន បាន​បញ្ជាក់ថា ការទប់ស្កាត់​អតិផរណា​នៅតែ​ជា​អាទិភាព​ធំបំផុត​របស់​រដ្ឋាភិបាល ព្រោះ តម្លៃ​ទំនិញ ជាពិសេស តម្លៃ​ម្ហូបអាហារ​អាច​នឹង​កើនឡើងវិញ នៅពេលដែល​រដូវ​រងាចូលមកដល់។ នៅក្នុង​រដូវរងា គឺ​ជាពេល​ដែល​តម្រូវការ​ម្ហូបអាហារ​​មាន​កម្រិត​ខ្ពស់ ក៏ប៉ុន្តែ ការផលិត​ត្រូវ​ថយចុះ។

ម្យ៉ាងទៀត ការ​រឹតបន្តឹង​ចរន្ត​ឥណទាន គឺ​ជា​វិធានការ​ដ៏សំខាន់​មួយ ក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃ​នៃ​អចលនទ្រព្យ ដែល​រដ្ឋាភិបាល​ចិន​កំពុង​បារម្ភ​ថា វានឹង​អាច​រាលដាល​ទៅជា​វិបត្ត​ដ៏ធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ