អានតួអត្ថបទ
ចិន

ចិន​បញ្ជូន​យាន​យន្ត​ទៅ​រុករក​លើ​ឋានព្រះចន្ទ

នេះ​ជា​ដំណាក់​កាល​ថ្មី​មួយ​នៃ​ការ​ឈាន​ឆ្ពោះ​ទៅ​សម្រេច​មហិច្ឆតាអវកាស​របស់​ចិន​ ! នៅ​ថ្ងៃអាទិត្យ​ទី ១ ធ្នូ វេលា​ម៉ោង ១៧និង​៣០​នាទី ម៉ោង​សកល ត្រូវ​នឹង​ម៉ោង​១កន្លះ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២​ធ្នូ ម៉ោង​នៅ​ក្នុង​ស្រុក ចិន​នឹង​បង្ហោះ​យាន​អវកាស​ដើម្បី​បញ្ជូន​យានយន្ត​បញ្ជា​ពី​ចម្ងាយ​ឱ្យ​ទៅ​ធ្វើ​ការ​រុក​រក​នៅ​ឋាន​ព្រះ​ចន្ទ។ យានយន្ត​ដែល​ចិន​ប្រសិទ្ធិនាម​ថា “ទន្សាយ​ហ្គិច”។

ការ​បង្ហោះ​យាន​អវកាស Chang'e-2 ពី​មជ្ឈមណ្ឌល​ Xichang ថ្ងៃទី ១​តុលា ឆ្នាំ​ 2010
ការ​បង្ហោះ​យាន​អវកាស Chang'e-2 ពី​មជ្ឈមណ្ឌល​ Xichang ថ្ងៃទី ១​តុលា ឆ្នាំ​ 2010 Reuters/Li Gang/Xinhua News Agency
ផ្សាយពាណិជ្ជកម្ម

បេសកកម្ម​ “ចង់អ៊ី-៣” (Chang'e-3)នឹង​ត្រូវ​បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌល​ផ្កាយ​រណប​ស៊ីឆង់ នៃ​ខេត្ត​ស៊ីឈន់ នា​ថ្ងៃ​ទី​ពីរ​ឆ្នូឆ្នាំ​២០១៣។ នេះ​ជា​ការ​ប្រកាស​ជូន​ដំណឹង​របស់​ភ្នាក់ងារ​សារព័ត៌មាន​​ផ្លូវការ​ចិន ដោយ​គូស​បញ្ជាក់​ថា ការ​រៀប​ចំ​ត្រៀម​លក្ខណៈ​បង្ហោះ​មាន​ដំណើរ​ការ​គួរ​ឱ្យ​ពេញ​ចិត្ត ឯ​រចនាសម្ព័ន្ធ​​របស់​មជ្ឈមណ្ឌល​ក៏​នៅ​ថ្មីៗ។ ឯការ​ប្រសិទ្ធិនាម​ គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ជំនឿ​និទាន​របស់​ចិន ដែល​ថាទន្សាយ​​ព្រះ​ចន្ទ​ ជា​តំណាង​ភាព​អមតៈ​ បាន​រួម​រស់​ជាមួយ​ទេពធីតាឋាន​ព្រះចន្ទ​ ព្រះ​នាង​ចង់អ៊ី។

 
ថ្វី​ដ្បិត​តែ​ចិន​មាន​ការ​យឺត​យ៉ាវ​ខ្លាំង បើ​ប្រៀប​ទៅ​នឹង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី មែន ប៉ុន្តែ​បេសកកម្ម​ចង់​អ៊ី-៣​នេះ​ គឺ​ជា​ដំណាក់​កាល​ដ៏​សំខាន់​បញ្ជាក់​ពី​ជំហាន​ទៅ​មុខ​ដ៏​លឿនទ្វេ​ដង​​របស់​ប៉េកាំង​ ក្នុង​វិស័យ​អវកាស​។ “ទន្សាយហ្គិច” យានយន្ត​ "rover" ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃ​ស្អែក មាន​កង់​៦ បញ្ជា​ពី​ចម្ងាយ​ មាន​បន្ទុក​ទៅ​សិក្សា​​វិទ្យាសាស្ត្រ មាន​ជាអាទិ៍​ការ​វិភាគ​ភូគព្ភសាស្ត្រ។ ដើរ​ដោយ​ថាមពល​ព្រះ​អាទិត្យ​ ទន្សាយហ្គិច នឹង​បញ្ជូន​ព័ត៌មាន​ទាំង​ឡាយ​មកភព​ផែនដី​វិញ ជា​រូបភាព​៣D តាម​រយៈ​ផ្កាយ​រណប។

មាន​ទម្ងន់​១២០​គីឡូក្រាម​ ទន្សាយ​ហ្គិច មាន​អាយុ​ប្រតិបត្តិការ​បី​ខែ និង​អាច​ធ្វើ​បំលាស់​ទី​ក្នុង​ល្បឿន​យ៉ាង​លឿន​បំផុត​ ២០០​ម៉ែត្រ​ក្នុង​មួយ​ម៉ោង នឹង​បញ្ជូន​ទៅ​ឋាន​ព្រះ​ចន្ទ​ត្រង់​ចំណុច​ ឆក​ឥន្ធនូ ដែន​ដី​ព្រះ​ចន្ទ​ដែល​ចិន​មិនធ្លាប់​ទៅ​រុក​រក​ពី​មុន​មក​ទេ។ លក្ខណៈ​ពិសេស​នៃ​តំបន់​ស្រាវជ្រាវ​នេះ មាន​ពន្លឺ​ព្រះ​អាទិត្យ និង​មាន​ទូរគមនាគមន៍​ជាមួយ​ភព​ផែន​ដី។

ក្នុង​បេសកកម្ម បង្ហោះ​ទៅកាន់​​​តារាវិថី​ ​ ចង់អ៊ី-១ កាលពី​ខែ​តុលា​ឆ្នាំ​២០០៧ និង​ចង់អ៊ី-២​​ នៅ​ខែ​តុលា​ឆ្នាំ២០១០ ចិន​តាម​សង្កេត​យ៉ាង​លម្អិត​ឋាន​ព្រះ​ចន្ទ​។ ការ​បង្ហោះ​យាន​អវកាស​ទៅ​កាន់​ឋានព្រះចន្ទ​នៅ​លើក​នេះ បញ្ជាក់​កាន់​ច្បាស់​អំពី​លក្ខន្តិកៈចិន​ជា​មហាអំណាច​ -ចិន​ដែលស្រមៃ​ចង់​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី​ បាន​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះ​ចន្ទ និង​មាន​ស្ថានីយ៍​ផ្កាយរណប​អចិន្ត្រៃយ៍​នៅឆ្នាំ ២០២០ ដូច​ស្ថានីយ៍​អវកាស​អន្តរជាតិ។ ឥណ្ឌា​ក៏​មាន​មហិច្ឆតា​អវកាស​ខ្ពស់​ដែរ ដោយ​បាន​បញ្ជូន​យាន​អវកាស​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​កាលពី​ឆ្នាំ​២០០៨- ជា​លើក​ទី​មួយ តាំង​ពី​មាន​បង្កើត​កម្មវិធី​អវកាស​នៅ​ឆ្នាំ​១៩៦៣​មក៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ