អានតួអត្ថបទ
ចិន

ចិន​មាន​សមត្ថភាព​អវកាសពិតៗ

បេសកកម្ម​បង្ហោះ​យាន​អវកាស មាន​មនុស្ស​ជិះ​​ទៅ​ក្នុង​គន្លង​តារាវិថី​របស់​ចិន​ បាន​បញ្ចប់​ប្រកប​ដោយ​ជោគជ័យ នៅ​ថ្ងៃ​សុក្រ​ទី ២៩​មិថុនាឆ្នាំ​២០១២​នេះ​។ អវកាសយានិក​ទាំង​បី​នាក់​ ក្នុងនោះ​មាន​ម្នាក់​ភេទ​ស្រី ដែល​បាន​វិល​មក​ដល់​ភព​ផែនដី​វិញ​ប្រកប​ដោយ​សុវត្ថិភាព បាន​ក្លាយ​ជា​វីរបុរស ជា​មោទនភាព​របស់​ចិន​ទាំង​មូល ក្នុង​ការ​ពង្រឹង​ពង្រីង​មហិច្ឆតា​អវកាស ឈាន​ឆ្ពោះ​ដល់​ការ​សម្រេច​គម្រោង​សាងសង់​ស្ថានីយ៍អវកាស​មួយ នៅឆ្នាំ ២០២០ ដូច​ស្ថានីយ៍​អវកាស​អន្តរជាតិ។

អវកាយានិក​ចិន​ទាំង​បី ពេល​ចុះ​ចត​លើ​ភព​ផែន​ដី ថ្ងៃទី​២៩​ មិថុនា ២០១២
អវកាយានិក​ចិន​ទាំង​បី ពេល​ចុះ​ចត​លើ​ភព​ផែន​ដី ថ្ងៃទី​២៩​ មិថុនា ២០១២ © Reuters
ផ្សាយពាណិជ្ជកម្ម

 

កាំជ្រួច​ដឹក​​អវកាសយានិក Jing Haipeng - Liu Wang - Liu Yang បាន​ត្រឡប់​មក​ចុះ​ចត​លើ​ផែនដី​​ហើយ នៅ​ខេត្ត​ម៉ុងហ្គោលី​ក្នុង នៅ​ថ្ងៃសុក្រ​នេះ បន្ទាប់​ពី​បាន​បំពេញ​បេសកម្ម​ក្នុង​លំហ​អវកាស អស់​រយៈ​ពេល​១៣​ថ្ងៃ។ រយៈ​ពេល​ដ៏​វែង​បំផុត​ លើក​ទី​មួយ​ សម្រាប់​អវកាសយានិក​ចិន។

ដើរ​ចេញ​ម្តង​មួយៗ ពី​កាំជ្រួច ក្នុង​ទឹក​មុខ​ស្រស់​ស្រាយ​ ញញឹម​​​ទៅ​កាន់​ម៉ាស៊ីនថតរាប់​សិប អវកាសយានិក​ចិន​ទាំង​បី​ បាន​​បញ្ជាក់​យ៉ាង​ច្បាស់​ពី​សមត្ថភាព និង​លទ្ធភាព​​របស់​ចិន​ក្នុង​វិស័យ​អវកាស។ បេសកម្មលើក​នេះ​បាន​ជោគជ័យ​ មាន​ន័យ​ថា​ចិន​កំពុង​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​រុងរឿង​ថ្នាក់​កំពូល​នៅលើ​ពិភពលោក​​​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា។ នេះ​ជា​សារ​កោត​សរសើរ​របស់​ស្ថាប័ន​អំណាច​កំពូលចិន (គណៈកម្មការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ គណៈកម្មការ​យោធា និង​រដ្ឋាភិបាល​ចិន)។​

សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​១៨​មិថុនា ចិន​បាន​បង្ហោះ​យាន​អវកាស​ មាន​មនុស្ស​ជិះ សេនជូ-៩ ដើម្បី​ត​ភ្ជាប់​ទៅនឹង​ស្ថានីយ៍​រណប​ ធានកុង-១ នៅ​ក្នុង​លំហ​អវកាស។ បេសកម្ម​ដ៏​មាន​មហិច្ឆតា និង​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិ​អវកាស​ចិន​ ព្រម​ទាំង​​​មាន​​អវកាសយានិក​នារី​ជា​លើក​ដំបូង​ផង​នេះ បាន​សម្រេចជោគជ័យ​ទាំង​ដោយ​ការ​បញ្ជា​បែប​ស្វ័យប្រវត្តិ​ និង​តាម​​ការ​​​​​បញ្ជា​ដោយ​ដៃ​ គឺ​ជាមោទនភាព​ជាតិ​​​ដ៏​ធំធេង​ ព្រោះ​ចិន​មាន​ការ​យឺត​យាវ​ខ្លាំង​ក្នុង​វិស័យ​នេះ។

សម្រាប់​អ្នក​ឯកទេស​​​បារាំង​ និង​អាមេរិក ចិន​ពេល​នេះ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ និង​កំពុង​​​​ផ្តើម​រត់​ប្រណាំង​ជាមួយ​រុស្ស៊ី អាមេរិក​។ ទន្ទឹម​គ្នា​នេះ​ ចិន​ក៏​មាន​ផែន​ការ​ ចង់​ឡើង​ដល់​ឋាន​ព្រះ​ចន្ទ​​ មុន​គេ​បង្អស់​​ នៅ​អាស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ