អានតួអត្ថបទ
ចិន-រុស្ស៊ី

ចិន​និង​រុស្ស៊ី​បើកធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​រួមគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង

ចិន​និង​រុស្ស៊ី​នឹង​បើក​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​រួមគ្នា នៅថ្ងៃ​ចន្ទ​នេះ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​សមយុទ្ធ​នេះ​នឹង​មានរយៈពេល ៨ថ្ងៃ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​កងទ័ព​ជើងទឹកចិន កាល​ពីថ្ងៃ​អាទិត្យ។ សមយុទ្ធ​នេះ​បើក​ធ្វើ នៅ​ក្នុង​ពេល​ដែល​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​កំពុងតែ​មាន​សភាព​តានតឹង​ខ្លាំង និង​ជាពិសេស ក្រោយ​ពី​មាន​សេចក្តីសម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​ក្រុងឡាអេ ដែល​កំណត់​ឲ្យ​ចិន​ចាញ់​ក្តី​ហ្វីលីពីន។

សមយុទ្ធ​ទ័ពជើង​ចិន-រុស្ស៊ី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នឹង​មាន​ការ​ហាត់សម​វាយលុក​ដណ្តើម​កាន់កាប់​កោះ ក៏ដូចជា​ប្រតិបត្តិការ​ប្រមាញ់​នាវាមុជទឹក​របស់​សត្រូវ
សមយុទ្ធ​ទ័ពជើង​ចិន-រុស្ស៊ី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នឹង​មាន​ការ​ហាត់សម​វាយលុក​ដណ្តើម​កាន់កាប់​កោះ ក៏ដូចជា​ប្រតិបត្តិការ​ប្រមាញ់​នាវាមុជទឹក​របស់​សត្រូវ REUTERS
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​ដែល​គេ​ឲ្យឈ្មោះ​ថា “Joint Sea-2016” គឺ​ជា​សមយុទ្ធ​​ទ្រង់ទ្រាយ​បំផុត ដែល​មិន​ធ្លាប់​មាន រវាង​ចិន និង​រុស្ស៊ី។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​របស់​កងទ័ព​ជើងទឹកចិន ដែល​បាន​បញ្ជាក់​បន្ថែម​ថា សមយុទ្ធ​នេះ​​​​មាន​ការ​ចូលរួម​ពី​សំណាក់​​នាវាចម្បាំង នាវាមុជទឹក ព្រមទាំង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង ហើយ​​នៅ​ក្នុង​សមយុទ្ធ​នេះ កងទ័ព​ចិន និង​រុស្ស៊ី នឹ​ង​ធ្វើ​ការហាត់សម​​អំពី​ការ​ធ្វើ​​​ប្រតិបត្តិការ​ទ័ព​​រួមគ្នា ទាក់ទង​នឹង​ប្រតិបត្តិការ​សង្រ្គោះ ការ​ការពារទល់​នឹង​ការ​វាយប្រហារ​ពី​សត្រូវ ប្រតិបត្តិការ​ប្រមាញ់​នាវាមុជទឹក​សត្រូវ ប្រតិបត្តិការ​វាយលុក​ដណ្តើម​កាន់កាប់​កោះ ព្រមទាំង​ប្រតិបត្តិការ​យោធា​ជាច្រើន​ផ្សេងទៀត។

គួរបញ្ជាក់ថា គម្រោង​ធ្វើ​សមយុទ្ធរួមគ្នា​នេះ ត្រូវ​បាន​ប្រកាស​ឲ្យដឹង​តាំង​ពី​ខែ​កក្កដា​កន្លងទៅ ដោយ​នៅពេលនោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អះអាង​ថា សមយុទ្ធ​នេះ​រៀបចំធ្វើឡើង ដើម្បី​ពង្រឹង​ទំនាក់ទំនង​យោធា រវាង​ចិន និង​រុស្ស៊ី ហើយ​មិនមាន​គោលដៅ​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​នោះទេ។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងណា សមយុទ្ធ​ដែល​ធ្វើឡើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ក្នុង​បរិបទ​នៃ​ជម្លោះ​ដ៏តានតឹង​បែបនេះ ចង់ឬ​មិន​ចង់ ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​គេ​សំឡឹង​ឃើញ​ថា គឺ​ជា​ការ​បង្ហាញ​សាច់ដុំ​ដាក់​ប្រទេស​ដែល​ជាប់ជម្លោះ ហើយ​ម្យ៉ាងទៀត ការណ៍​ដែល​ចិន​​ចាប់ដៃ​ជាមួយ​រុស្ស៊ី​នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​នេះ ទំនង​ជា​ដើម្បី​ឆ្លើយតប​ទៅនឹង​សហរដ្ឋ​អាមេរិក ដែល​កំពុងតែ​ព្យាយាម​ចងសម្ព័ន្ធភាព​ជាមួយ​ប្រទេស​​ក្នុង​តំបន់ ដើម្បី​​មក​ប្រជែង​ជាមួយ​ចិន។

ជាទូទៅ គេសង្កេតឃើញ​ថា ចិន និង​រុស្ស៊ី ដែល​សុទ្ធសឹង​ជា​ប្រទេស​សមាជិក​អចិន្រ្តៃយ៍​មាន​សិទ្ធិវ៉េតូ ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប តែងតែ​ប្រកាន់​ជំហរ​ស្រដៀងគ្នា នៅ​ក្នុង​សំណុំរឿង​អន្តរជាតិ​ធំៗ ហើយ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​នេះ​ហាក់ដូចជា​មានភាព​កាន់តែ​ស្និទ្ធស្នាល​ខ្លាំងឡើង​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស គឺ​នៅ​ក្រោយ​ពី​ចិន​មាន​ការ​ប្រឈមមុខ​​ខ្លាំង​ជាមួយ​​​អាមេរិក នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ចំណែក​ឯ​រុស្ស៊ី​​ក៏​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ជាមួយ​អាមេរិក នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន និង​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ