អានតួអត្ថបទ
ចិន

រឿង​អាស្រូវ​ថ្មី​មួយទៀត​ដែល​គំរាម​កំហែង​មុខមាត់​បក្ស​កុម្មុយនិស្ត​ចិន

រដ្ឋអំណាច​ចិន​នៅថ្ងៃ​សៅរ៍ ទី ៣០​មិថុនា​បាន​បិទ រាំងខ្ទប់​មិន​ឲ្យ​គេ​រកឃើញ​ព័ត៌មាន​ទាក់ទង​នឹង​លោក​អនុប្រធានាធិបតី​ចិន Xi Jinping នៅក្នុង​អ៊ិនធ័រណេត។ វិធានការ​ថ្មី​របស់​ចិន ធ្វើ​ឡើង នៅមួយ​ថ្ងៃ​បន្ទាប់​ពីវិបសៃត៍​ព័ត៌មាន​សេដ្ឋកិច្ច ​អាមេរិក Bloomberg ចុះផ្សាយ​ពី​ទ្រព្យសម្បតិ និង​ភាពមានបាន​របស់​ក្រុមគ្រួសារ​របស់​លោក​Xi Jinping។ លោក​Xi Jinping​ដែល​នឹង​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​ចិន នៅឆ្នាំ​ក្រោយនេះ។  

លោក​Xi Jinping (កណ្តាល) ច្រៀងភ្លេងជាតិ​នៅក្នុង​សម័យ​ប្រជុំ​បក្ស​កុម្មុយនិស្ត (បណ្តាសារ)
លោក​Xi Jinping (កណ្តាល) ច្រៀងភ្លេងជាតិ​នៅក្នុង​សម័យ​ប្រជុំ​បក្ស​កុម្មុយនិស្ត (បណ្តាសារ) © REUTERS
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីថ្ងៃ​ម្សិលមិញ អាជ្ញាធរ​ចិន​បាន​បិទខ្ទប់​មិន​ឲ្យ​អ្នកប្រើប្រាស់​អ៊ិនធ័រណេត​អាច​ចូល​អាន​អត្ថបទ នៅក្នុង​វិបសៃត៍​ Bloomberg។ នៅថ្ងៃនេះ កុំថា ឈ្មោះ​លោក​អនុប្រធានាធិបតី Xi Jinping សូម្បី​ពាក្យ​ថា Xi ក៏​គេ​មិន​អាច​រកឃើញ​នៅក្នុង​អ៊ិនធ័រណេត ក្នុង​ប្រទេស​ចិនដែរ។

នៅក្នុង​ប្រទេស​ចិន រដ្ឋអំណាច​បិទ​ខ្ទប់​រាល់​ព័ត៌មាន​ទាក់ទង​នឹង​លោក​Xi Jinping គឺ​បន្ទាប់ វិបសៃត៍​អាមេរិក Bloomberg បាន​ចុះផ្សាយ កាលពីថ្ងៃ​ម្សិលមិញ ពី​ទ្រព្យសម្បត្តិ​របស់​ក្រុមគ្រួសារ​លោក​Xi Jinping ដែល​មាន​ជាសរុប ៣៧៦​លាន​ដុល្លារ​អាមេរិក។ វិបសៃត៍​ Bloomberg ដែល​ប្រើឯកសាររដ្ឋ​ចិន ជាប្រភព បាន​បង្ហាញ​ថា ក្រុមគ្រួសារ​របស់​លោក​ Xi Jinping​មាន​កាន់កាប់​ក្រុមហ៊ុន​អចលនទ្រព្យ និង​មាន​ភាគហ៊ុន នៅក្នុង​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែកម្រ និង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ។ បើតាមកាសែត ក្រុមគ្រួសារ​របស់​ កំពុង​កេងយក​ប្រយោជន៍​ពី​ឥទ្ធិពល​អំណាច និង​ការឡើង​កូដ​ខ្លាំង​របស់​ លោក​ Xi Jinping ដើម្បី​ពង្រីក​មុខជំនួញ​របស់ពួកគេ។

ទោះជា ឯកសារ​ដែល​Bloomberg បាន​ដកស្រង់ នោះ​មិន​បាន​បង្ហាញ​ពី​ការជាប់​ពាក់ព័ន្ធ​របស់​ លោក​ Xi Jinping ប្រពន្ធ និង​កូនស្រី​របស់​លោក​ទៅ​នឹងជំនួញ​មហាសាល​ខាងលើក្តី ប៉ុន្តែ រាល់ព័ត៌មាន​ទាក់ទង​នឹង​លោក​ Xi Jinping និង​វិបសៃត៍​របស់​Bloomberg ត្រូវ​អាជ្ញាធរ​បិទ​ទាំងស្រុង​មិន​ឲ្យ​គេ​ចូល​មើលបាន។ បើតាម​អ្នកវិភាគ​នយោបាយ​ចិន ទីក្រុង​ប៉េកាំង​បិទ​​ព័ត៌មាន​នេះ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​មតិ​រិះគន់ ដែល​អាច​ក្លាយទៅ​ជា​ចលនា​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​ចិន។ នៅក្នុង​ប្រទេស​ចិន ជាទី​ដែលមាន​គម្លាត រវាង​អ្នកមាន និង​អ្នកក្រ  និង​រឿង​ពុករលួយ ភាពមានបាន​កាន់តែ​ខ្លាំង​របស់​មន្រ្តី និង​ក្រុម​គ្រួសារ គឺ​ជារឿង​មួយ​ដែល​គេ​ព្យាយាម​លាក់បាំង មិន​លើក​យក​មកនិយាយ ជាចំហរ។

ម្យ៉ាងទៀត អាជ្ញាធរ​បារម្ភថា ព័ត៌មាន​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ​របស់​ក្រុមគ្រួសារ​លោក​Xi Jinping ​អាច​នឹង​បង្ក​ឲ្យ​មាន​រឿង​អាស្រូវ​ថ្មីមួយ​ទៀត ដែលអាច​បំផ្លាញ​មុខមាត់​របស់​បក្ស​កុម្មុយនិស្ត​ចិន។ បក្ស​កម្មុយនិស្ត​ចិន​ដែល​ទើប​រងគ្រោះ​ដោយ​រឿងអាស្រូវ របស់​ចៅហ្វាយក្រុង​ចុងឈីង គឺ​លោក​Bo Xilai។ លោក​Bo Xilai ដែល​ត្រូវ​គេ​វាយតម្លៃថា ជា​គូប្រជែង​តំណែង​ប្រធានាធិបតី​ជាមួយ​លោក​ Xi Jinping  ត្រូវ​បក្ស​ដក​ចេញពីមុខ​តំណែង ដោយសារ​តែ​មិន​គោរព​វិន័យ​បក្ស ចំណែក​ភរិយា​របស់​គាត់​ត្រូវ​តុលាការ​បញ្ជា​ឲ្យ​គេ​ចាប់​ដាក់ឃុំ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​សម្លាប់​ជនជាតិ​អង់គ្លេស​ម្នាក់។ លើកនេះ បក្ស​កុម្មុយនិស្ត​ចិន​ប្រញាប់​ចាត់​វិធានការ​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​របស់​លោក Xi Jinping ដែល​ជាអនាគត​របស់​ប្រធានាធិបតី​ចិន ត្រូវ​ប្រលាក់ប្រឡូស​នឹង​រឿង​អាស្រូវ។ គោលដៅ​តែមួយ គឺ​របប​កុម្មុយនិស្ត​ចិន ចង់​បង្ហាញ ទៅប្រជាជន និង​អន្តរជាតិ​ថា អនាគត​មេដឹកនាំ​របស់​ចិន គឺជា​មនុស្ស​ស្អាតស្អំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ