អានតួអត្ថបទ
ចិន

ចិន​ទើប​បាន​សម្ពោធ​ស្តូបមួយ​ឧទ្ទិស​ចំពោះ​ឃាតករ​សម្លាប់​នាយករដ្ឋមន្រ្តី​ជប៉ុន​ក្នុង​ឆ្នំា ១៩០៩

នៅ​ថ្ងៃ​អាទិត្យ ទី១៩ មករា​ម្សិលមិញ ប្រទេស​ចិន​បាន​បើក​សម្ពោធ​ស្តូប​មួយ​ដើម្បី​ឧទ្ទិស​ចំពោះ​វិញ្ញាណក្ខន្ធ​យុវជន​កូរ៉េខាងត្បូង​ម្នាក់​ដែល​ក្លាហាន​ហ៊ាន​បាញ់​សម្លាប់​នាយករដ្ឋមន្រ្តី​ជប៉ុន​កាល​ពី​ឆ្នំា ១៩០៩ ពោល​ឆ្នំា​ដែល​ជប៉ុន​បាន​ចូល​ឈ្លានពាន​វាតទី​នៅ​អាស៊ីឦសាន។ ទង្វើ​របស់​ចិន​ពេល​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ថ្មី​ជាមួយ​ជប៉ុន ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេសជិតខាង​ទំាងពីរ​កំពុង​ល្អក់កករ​ស្រាប់​ជុំវិញ​រឿង​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ។

ចិន​ទើប​បាន​សម្ពោធ​ស្តូបមួយ​ឧទ្ទិស​ចំពោះ​ឃាតករ​សម្លាប់​នាយករដ្ឋមន្រ្តី​ជប៉ុន​ក្នុង​ឆ្នំា ១៩០៩
ចិន​ទើប​បាន​សម្ពោធ​ស្តូបមួយ​ឧទ្ទិស​ចំពោះ​ឃាតករ​សម្លាប់​នាយករដ្ឋមន្រ្តី​ជប៉ុន​ក្នុង​ឆ្នំា ១៩០៩
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ថ្ងៃទី២៦ តុលា ឆ្នំា ១៩០៩ ដែល​យុវជន​កូរ៉េខាងត្បូង​ម្នាក់​ឈ្មោះ Ahn Jung-Geun បាន​ដក​កំាភ្លើង​បាញ់​សម្លាប់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន Hirobumi Ito ជា​ច្រើន​គ្រាប់​នៅ​ឯ​ស្ថានីយ៍រថភ្លើង​មួយ​ស្ថិត​ប៉ែក​ឦសាន​ប្រទេស​ចិន។ គឺ​នៅ​កន្លែង​ដដែល​នោះ​ឯង​ដែល​ជាង ១០០ឆ្នំា​កន្លង​មក ពោល​នៅ​ថ្ងៃ​អាទិត្យ ទី១៩ មករា ឆ្នំា ២០១៤ ម្សិលមិញ ដែល​រដ្ឋាភិបាល​ចិន​បាន​បើក​សម្ពោធ​ស្តូប​មួយ​សម្រាប់​ឧទ្ទិស​ចំពោះ​ភាព​ក្លាហាន​របស់​យុវជន​អ្នកជាតិនិយម​កូរ៉េខាងត្បូង Ahn Jung-Geun។ លោក Ahn Jung-Geun ដែល​ត្រូវ​បាន​ជប៉ុន​សម្លាប់​ដោយ​ព្យួរ ក កាល​ពី​ឆ្នំា ១៩១០។ សម្រាប់​ប្រទេស​ចិន ក៏​ដូច​ជា​កូរ៉េខាងត្បូង Ahn Jung-Geun គឺ​ជា​វីរជន​ម្នាក់​ក្នុង​ការ​ប្រឆំាង​នឹង​ការ​ឈ្លានពាន​របស់​ជប៉ុន។

ប្រតិកម្ម​ភ្លាម​នៅ​ថ្ងៃ​នេះ អ្នកនំាពាក្យ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​ថា Ahn Jung-Geun គឺ​ជា​ភេរវជន​ម្នាក់​ដែល​បាន​សម្លាប់​នាយករដ្ឋមន្រ្តី​ជប៉ុន និង​ថា ការ​សាងសង់​ស្តូប​មួយ​ដើម្បី​ឧទ្ទិស​ចំពោះ​យុវជន Ahn Jung-Geun មិន​មែន​ជា​ការ​រួមចំណែក​ក្នុង​ការ​ស្ថាបនា​ទំនាក់ទំនង​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​តំបន់​នោះ​ទេ។ ជាមួយ​គ្នា​នេះ អ្នកនំាពាក្យ​របស់​រដ្ឋាភិបាល​ជប៉ុន​រូបនោះ​ដដែល​បាន​រិះគន់ ទិតៀន​រដ្ឋាភិបាល​ចិន​ដែល​បាន​សម្រេច​តែ​ម្នាក់​ឯង​នៅ​ក្នុង​សំណុំរឿង​អតីតកាល​ដែល​បាន​កើត​មាន​តំាង​ពី​សតវត្ស​មុន​ម្ល៉េះ។ ជា​ចម្លើយ​តប​វិញ កាសែត​ផ្លូវការ​ចិន​បាន​យល់​ឃើញ​ថា ស្តូប​ជា​កិត្តិយស​ដល់​យុវជន Ahn Jung-Geun មិនមែន​ក្នុង​គោលដៅ​បញ្ឈឺ​ចិត្ត​នរណា​ម្នាក់​ទេ តែ​ដើម្បី​លាតត្រដាង​រឿង​ប្រវត្តិសាស្រ្ត​នៅ​អាស៊ីឦសាន។

អ្វី​ជា​ការ​កត់សម្គាល់ ការ​បើកសម្ពោធ​ស្តូប​ឧទ្ទិស​ចំពោះ​យុវជន Ahn Jung-Geun ពី​សំណាក់​ប្រទេស​ចិន​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស៊ីនហ្សូ អាបេ​បាន​ស្នើ​ឲ្យ​មាន​ជំនួប​ត្រីភាគី​​ជប៉ុន ចិន និង​កូរ៉េខាងត្បូង​ក្នុង​គោលដៅ​ជម្រះបញ្ជី​រឿង​ប្រវត្តិសាស្រ្ត​ឲ្យ​បាន​ដាច់​ស្រេច។ រឿងប្រវត្តិសាស្រ្ត​ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ជប៉ុន និង​ចិន និង​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង​កំពុង​បន្ត​ល្អក់កករ​មក​ដល់​សព្វថ្ងៃ។ សូម​ជម្រាប​ជូន​ថា ក្រៅ​ពី​ចិន និង​កូរ៉េខាងត្បូង ជប៉ុន​ខ្លួន​ឯង​ក៏​តែងតែ​បាន​ឆ្កឹះកកាយ​រឿង​ប្រវត្តិសាស្រ្ត​ដើម្បី​បញ្ឆេះ​កំហឹង​ចិន និង​កូរ៉េខាងត្បូង​ដែរ ពិសេស​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនំា​ជប៉ុន​នៅ​វិហារ​យ៉ាស៊ូគូនី​ដើម្បី​គោរព​វិញ្ញាក្ខន្ធ​ចំពោះ​ជនរងគ្រោះ​ជប៉ុន ២លាន ៥សែន​នាក់​នៅ​ក្រោយ​ឆ្នំា ១៩៤៥ និង​ដែល​ក្នុង​​នោះ ក៏​មាន​ឧក្រិដ្ឋជន​សង្រ្គាម ១៤នាក់​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ