អានតួអត្ថបទ
បែលហ្ស៊ិក-បារាំង

ភេរវកម្ម​ក្រុង​ប៉ារីស៖​រក​ឃើញ​ស្នាម​ម្រាមដៃ Salah Abdeslam ក្នុង​ទីក្រុង​ព្រុចសែល

នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក ព្រះរាជអាជ្ញា​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី៨ មករា​ពី​ការ​រក​ឃើញ​វត្តមាន​ស្នាមម្រាមដៃ​ជន Salah Abdeslam នៅ​ក្នុង​ផ្ទះ​មួយ​ក្នុង​ទីក្រុង​ព្រុចសែល​កាល​ពី​ថ្ងៃទី១០ ធ្នូ ឆ្នាំ ២០១៥។ Salah Abdeslam គឺ​ជា​ជនសង្ស័យ​បង្ក​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ទី១៣ វិច្ឆិកា​កន្លង​ទៅ។ ទន្ទឹម​គ្នា​នេះ ប៉ូលិស​បែលហ្សិក​ក៏​បាន​រក​ឃើញ​ជាតិ​ស្លាកស្នាម​ផ្ទុះ និង​ខ្សែក្រវ៉ាត់​ចំនួន ៣ខ្សែ​ដែល​អាច​ជា​ប្រើ​សម្រាប់​ដាក់​ជាតិ​ផ្ទុះ​ពាក់​ជាប់​នឹង​ខ្លួន។

Salah Abdeslam ជនសង្ស័យ​ដែល​កំពុង​គេចខ្លួន​ក្នុង​អំពើ​ភេរវកម្ម​​វាយប្រហារ​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី១៣ វិច្ឆិកា ២០១៥
Salah Abdeslam ជនសង្ស័យ​ដែល​កំពុង​គេចខ្លួន​ក្នុង​អំពើ​ភេរវកម្ម​​វាយប្រហារ​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី១៣ វិច្ឆិកា ២០១៥ AFP PHOTO / POLICE NATIONALE
ផ្សាយពាណិជ្ជកម្ម

ផ្ទះ​ដែល​ប៉ូលិស​បែលហ្ស៊ិក​បាន​ចូល​ឆែកឆេរ​កាល​ពី​ថ្ងៃ​ទី១០ ធ្នូ​ស្ថិត​ក្នុង​តំបន់ Schaerbeek ដែល​ជា​តំបន់​ដ៏​ប្រជាប្រិយ​មួយ​ក្នុង​ទីក្រុង​ព្រុចសែល។ គេ​អាច​និយាយ​បាន​ថា វត្តមាន​ស្នាម​ម្រាមដៃ​របស់​ជន Salah Abdeslam ដែល​ប៉ូលិស​បែលហ្ស៊ិក​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី១០ ធ្នូ​កន្លង​ទៅ គឺ​ជា​ស្លាកស្នាម​ថ្មី​ចុង​ក្រោយ​របស់​ជន​សង្ស័យ​បង្ក​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា។ គួរ​រម្លឹក​ជូន​ថា នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា ពោល​មួយ​ថ្ងៃ​ក្រោយ​ភេរវកម្ម គេ​ប្រហែល​ជា​បាន​ឃើញ​រូប Salah Abdeslam ក្នុង​ពេល​បេសកកម្ម​ត្រួតពិនិត្យ​រថយន្ត​ពី​សំណាក់​ប៉ូលិស​បារាំង​នៅ​ប៉ែក​ខាង​ជើង។

នៅ​ពេល​នោះ រូប Salah Abdeslam កំពុង​ជិះ​ឡាន​ជាមួយ​មិត្តភក្តិ​ពីរ​នាក់ គឺ​ឈ្មោះ Hamza Attou និង​ឈ្មោះ Mohamed Amri ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​បែលហ្ស៊ិក។ សព្វថ្ងៃ​នេះ ជន​ទាំង​ពីរ​រូប​គឺ Hamza Attou និង Mohamed Amri កំពុង​ជាប់​ឃុំឃាំង​នៅ​បែលហ្ស៊ិក​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​បែលហ្ស៊ិក។ ព្រះរាជអាជ្ញា​បែកហ្ស៊ិក​បាន​ឲ្យ​ដឹង​ថា ស្នាម​ម្រាមដៃ​របស់ Salah Abdeslam ប្រហែល​ជា​មាន​តាំង​ពី​មុន​ថ្ងៃ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​ថ្ងៃទី១៣ វិច្ឆិកា​ទៅ​ទៀត តែ​ក្នុង​រយៈ​ពេល​នោះ ក៏​អាច​មាន​ការ​បោសសំអាត​នៅ​ក្នុង​ផ្ទះ​នោះ​ដែរ។

គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​ក្រុម​អ្នកស៊ើបអង្កេត​សង្ស័យ​ថា រូប Salah Abdeslam អាច​ត្រឡប់​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​នោះ​នៅ​ក្រោយ​ភេរវកម្ម​ថ្ងៃទី១៣ វិច្ឆិកា​ក្នុង​ទីក្រុង​ប៉ារីស ព្រោះ​ថា មាន​អ្នក​រួម​គំនិត​ម្នាក់​ឈ្មោះ Ali Oulkadi បាន​ជូន​រូប Salah Abdeslam ទៅ​ទម្លាក់​នៅ​តំបន់​ Schaerbeek ក្នុង​ថ្ងៃទី១៤ វិច្ឆិកា។ ក្រៅ​ពី​ការ​រក​ឃើញ​ស្នាម​ម្រាមដៃ​របស់ Salah Abdeslam ក្រុម​អ្នកស៊ើបអង្កេត​បែលហ្ស៊ិក​ក៏​បាន​រក​ឃើញ​ស្លាកស្នាម​ជាតិផ្ទុះ ព្រម​ទាំង​ខ្សែក្រវ៉ាត់​ចំនួន ៣ ដែល​អាច​ប្រើ​សម្រាប់​ផ្ទុកជាតិ​ផ្ទុះ​ពាក់ជាប់​នឹង​ខ្លួន។

សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​ផ្ទះ​នោះ​មិនមែន​ជា​ទីកន្លែង​ផលិត​គ្រឿង​ផ្ទុះ​ដែល​ក្រុម​ភេរវជន​បាន​ប្រើ​វាយប្រហារ​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា​ទេ ឬ​យ៉ាង​ណា?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ