អានតួអត្ថបទ
បារាំង

មួយខែ​គត់ ដែល​ប៉ារីស​រង​ភេរវកម្ម សម្លាប់មនុស្ស​១៣០​នាក់

១៣​វិច្ឆិកា ១៣​ធ្នូ ២០១៥។ នៅថ្ងៃ​អាទិត្យ​ទី ១៣​ធ្នូ គឺ​មាន​រយៈពេល​មួយខែ​គត់ ​ដែល​ទីក្រុង​ប៉ារីស​រង​ការវាយប្រហារ​ភេរវកម្ម ដែល​​បាន​សម្លាប់​មនុស្ស ១៣០​នាក់។ ភេរវកម្ម​ដ៏​សាហាវ ដែល​បាន​សម្លាប់​មនុស្ស​មក​ពី​១៩​ប្រទេស ជា​ស្នាដៃ​របស់​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម ដែល​មាន​វត្តមាន​ នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ នៅក្រោយ​ភេរវកម្ម ការស៊ើបអង្កេត និង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ក្រុមភេរវកម្ម​របស់​ប៉ូលិស​បារាំង បាន​ឈាន​ទៅ​ដល់​ការបើក​ការស៊ើប​អង្កេត ស្វែងរក ក្រុមជីហាត នៅ​ថ្នាក់​អន្តរជាតិ។

ទាហាន​ បារាំង ដើរ​ល្បាត​នៅ​កន្លែង​ទេសចរណ៍​ សារមន្ទីរ​Louvre ក្នុង​ក្រុង​ប៉ារីស ក្រោយ​ភេរវកម្ម​វាយប្រហារ​ប៉ារីស ដែល​សម្លាប់​មនុស្ស​១៣០​នាក់ កាលពី​ថ្ងៃទី ១៣​វិច្ឆិកា ២០១៥
ទាហាន​ បារាំង ដើរ​ល្បាត​នៅ​កន្លែង​ទេសចរណ៍​ សារមន្ទីរ​Louvre ក្នុង​ក្រុង​ប៉ារីស ក្រោយ​ភេរវកម្ម​វាយប្រហារ​ប៉ារីស ដែល​សម្លាប់​មនុស្ស​១៣០​នាក់ កាលពី​ថ្ងៃទី ១៣​វិច្ឆិកា ២០១៥ ©. REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​នៅ​យប់​ថ្ងៃ​សុក្រ​ទី ១៣​វិច្ឆិកា នឹង​នៅ​ចារ​ជាប់ ក្នុង​ខួរក្បាល​របស់​ប្រជាជន ក្នុង​ប្រទេស​បារាំង។ នៅ​យប់​នោះ ក្នុង​រយៈពេល តែ​៣៣​នាកទី ក្រុមភេរវជន​អត្តឃាត បាន​​បាញ់​រះ និង​ចុច បំផ្ទុះ​ខ្សែក្រវ៉ាត់ គ្រាប់បែក សម្លាប់​មនុស្ស ១៣០​នាក់ នៅ​៧​កន្លែង​ផ្សេងគ្នា នៅ​សង្កាត់​ប្រជុំជន ក្នុង​ក្រុង​ប៉ារីស។

 
ជា​សរុប ភេរវជន​៩​នាក់​បាន​ស្លាប់ ប៉ុន្តែ ប៉ូលិស​អាច​កំណត់​អត្តសញ្ញាណ​បាន​តែ​ ៦​នាក់ ប៉ុណ្ណោះ ដោយសារ​តែ​ឧក្រិដ្ឋជន​ភាគច្រើន​ធ្វើ​ភេរវកម្ម​អត្តឃាត ដែល​បំផ្លាញ​ខ្ទេច រូបរាង​កាយ និង​ធ្វើ​ឲ្យ​គេ​ពិបាក​កំណត់​អត្តសញ្ញាណ។ ក្នុង​ចំណោម​ភេរវជន​ដែល​ប៉ូលិស​កំណត់​អត្តសញ្ញាណ មាន​៥​នាក់​ជាជនជាតិ​បារាំង និង​ម្នាក់ ជាជនជាតិ​ប៊ែលហ្ស៊ិក ដើមកំណើត​ម៉ារ៉ុក ដែល​ភាគច្រើន​បាន​ចេញ​ទៅ​ប្រយុទ្ធ​ជាមួយ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ប៉ូលិស​បារាំង​កំពុង​ស៊ើបអង្កេត​បន្ត​លើ​អត្តសញ្ញាណ​របស់​ភេរវជន​ និង​តាមរក​ភេរវជន​ម្នាក់​ទៀត ដែល​កំពុង​រត់គេច​ខ្លួន​បាត់​ស្រមោល​នៅ​ឡើយ។

ភេរវកម្ម​នៅ​កណ្តាល​ក្រុង​ប៉ារីស បាន​ប៉ះពាល់​មិន​ថា ផ្នែក​ផ្លូវចិត្ត​ប្រជាជន ប៉ុន្តែ វា​ប៉ះពាល់​ផងដែរ នយោបាយ​សន្តិសុខ និង​សេដ្ឋកិច្ច​របស់​ប្រទេស​បារាំង។ នៅ​មួយថ្ងៃ​ក្រោយ​ភេរវកម្ម ប្រធានាធិបតី​បារាំង លោក​ហ្រ្វង់ស័រ ហូឡង់ បាន​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិតនៅ ក្នុង​ភាពអាសន្ន ដែល​ក្រោយមក ត្រូវ​បាន​ពន្យារពេល​សម្រាប់​រយៈពេល​៣​ខែ។ ប៉ូលិស ទាហាន រាប់ម៉ឺននាក់ ត្រូវ​បាន​ពង្រាយ ការពារ​សន្តិសុខ នៅ​តាម​កន្លែង​សាធារណៈ។ វិធានការ​ពង្រឹង​សន្តិសុខ នៅក្រោយ​ភេរវកម្ម នឹង​ធ្វើ​ឲ្យ​រដ្ឋ​បារាំង ចំណាយ​លុយ​៨៥០​លាន​អឺរ៉ូ នៅ​ឆ្នាំ ២០១៦។ នៅ​ទិដ្ឋភាព​សេដ្ឋកិច្ច ភេរវកម្ម​កណ្តាល​ក្រុង​ប៉ារីស​ធ្វើ​ឲ្យ​សកម្មភាព​ទេសចរណ៍​ថយចុះ ២៤​ភាគរយ ក្នុង​រយៈពេល​១​ខែ​នេះ ដោយសារ​តែ​ក្រុមទេសចរ​បរទេស​បាន​ប្តូរទិសដៅ ពីប៉ារីស ដោយសារ​ខ្លាច​ការវាយប្រហារ​ភេរវកម្ម។

មួយវិញទៀត ភេរវកម្ម​កណ្តាល​ក្រុង​ប៉ារីស ដែល​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ចេញមុខ​ប្រកាស​ទទួល​ខុសត្រូវ បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​បារាំង បើក​ប្រតិបត្តិការ​តាម​ផ្លូវអាកាស វាយប្រហារ​ទៅលើ​ទីតាំង​របស់ក្រុមជីហាត នៅ​ប្រទេស​ស៊ីរី។ ភេរវកម្ម​នៅ​យប់​ថ្ងៃទី ១៣​វិច្ឆិកា បាន​ធ្វើ​ឲ្យ​បារាំង​ធ្វើ​យុទ្ធនាការ​ការទូត បញ្ចុះបញ្ចូល​ឲ្យ​ប្រទេស​នៅ អឺរ៉ុប អាមេរិក អារ៉ាប់ និង​រុស្ស៊ី រួមគ្នា ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម​ដែល​ជាក្រុម​ភេរវនិយម គ្រោះថ្នាក់​បំផុត សម្រាប់​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ