អានតួអត្ថបទ
សហភាពអឺរ៉ុប-ភេរវកម្ម

សភាសហភាព​អឺរ៉ុប​អនុម័ត​ច្បាប់​បង្កើត​​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​ផ្លូវ​អាកាស ​PNR

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៤ ​មេសា ​សភា​សហភាព​អឺរ៉ុប ​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​មួយ ​ស្តីពី​ការ​បង្កើត​តារាង​បញ្ជី​ទិន្ន័យ​នៃ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស ​ចេញចូល​ទូទាំង​អឺរ៉ុប។ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ អាច​មាន​សិទ្ធិ​ចែក​រំលែក​ទិន្ន័យ​នេះ​ ជាមួយ​គ្នា​ទៅ​វិញ​ទៅមក ​ដើម្បី​ធ្វើការ​តាមដាន​ទៅ​លើ​បុគ្គល​ណា​​ ដែល​អាច​ត្រូវ​គេ​សង្ស័យ ​ថា​ជា​បណ្តាញ​ភេរវកម្ម។

សមាជិកសភាអឺរ៉ុប ​លើកដៃ​បោះឆ្នោត​លើច្បាប់​បង្កើ់ត​បញ្ជី​ឈ្មោះ​អ្នកដំណើរ​ផ្លូវ​អាកាសPNR
សមាជិកសភាអឺរ៉ុប ​លើកដៃ​បោះឆ្នោត​លើច្បាប់​បង្កើ់ត​បញ្ជី​ឈ្មោះ​អ្នកដំណើរ​ផ្លូវ​អាកាសPNR REUTERS/Vincent Kessler
ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល​៥ឆ្នាំ​មក​ហើយ ​ ដែល​ច្បាប់​នេះ ​ត្រូវ​បាន​ដាក់​ស្នើ​ដោយ​គណកម្មការ​អឺរ៉ុប​ ប៉ុន្តែ​នៅ​ជាប់​គាំង​គ្មាន​នរណា​អនុម័ត​នៅ​សភា​អឺរ៉ុប។ ពួក​ភេរវជន​ ដែល​បាន​បង្ករ​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស ​និង​នៅ​ក្រុង​ព្រុចសែល ​បាន​ធ្វើ​ដំណើរ​ចេញចូល​ដោយ​សេរី​ ពី​ស៊ីរី​ តួកគី ​អ៊ីរ៉ាក់ ​ឆ្លង​មក​អឺរ៉ុប ​ដើម្បី​រៀបចំ​ធ្វើ​ភេរវកម្ម។ ទើប​តែ​ពេល​នេះ ​ សភា​សហភាព​អឺរ៉ុប​ បាន​ភ្លឺ​ភ្នែក ​ ហើយ​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​នេះ។

 
ច្បាប់​នេះគឺ​ធ្វើឡើង​ដើម្បី​បង្កើត​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​ផ្លូវ​អាកាស​ទាំងអស់ ​ទូទាំង​សហភាព​អឺរ៉ុប​ ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ​Passenger Name Record ​(PNR) ។ ចាប់​ពី​ពេល​នេះ​ទៅ​ ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ មាន​កាតព្វកិច្ច​ផ្តល់ជូន​នូវ​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​ទាំងអស់​របស់​ខ្លួន ​ទៅ​ដល់​អាជ្ញាធរ​ប្រទេស​នីមួយៗ។ ហើយ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់​ មាន​សិទ្ធិ​ចែក​រំលែក​ទិន្ន័យ​នេះ ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ធ្វើ​បែប​នេះ ​ ដើម្បី​តាម​ដាន​សកម្មភាព ​ការ​ធ្វើ​ដំណើរ​ របស់​ជន​ណា ​ដែល​ចេញ​ចូល​ទៅ​កាន់​តំបន់​គ្រោះថ្នាក់ ​ដូច​ជា​ស៊ីរី ​អ៊ីរ៉ាក់ ​រឺ​តួកគី​ជាដើម។
 
ឆ្លងកាត់​បទពិសោធន៍​ជូចត់ ​ភេរវកម្ម​ផ្ទួនៗ​នៅ​ក្រុង​ប៉ារីស ​ក្នុង​ឆ្នាំ​២០១៥ ​និង​ថ្មីៗ​នេះ ​នៅ​ក្រុង​ព្រុចសែល ​បារាំង​និង​ប៊ែកហ្សិក ​បាន​ជំរុញ​ឲ្យ​សភា​អឺរ៉ុប​ធ្វើការ​អនុម័ត​ច្បាប់​នេះ ​ឲ្យ​បាន​ឆាប់​ជា​ទី​បំផុត។​ ជា​ការពិត​ណាស់ ​បើ​សិន​ច្បាប់​នេះ ​ត្រូវ​បាន​គេ​អនុម័ត​តាំង​ពី​យូរ​ណាស់​មក​ហើយ ​ ម្លេះគេ​អាច​តាម​ដានដឹង​ពី​ជន​ណា​ ដែល​ធ្លាប់​ធ្វើ​ដំណើរ​ចេញចូល​ញឹកញាប់ ​ទៅ​ស៊ីរី​ និង​តួកគី ​ដែល​អាច​ជា​មុខ​សញ្ញា​ភេរវកម្ម។

គួរ​រំលឹក​ផង​ដែរ​ថា ​ការ​ដែល​មាន​ការ​រាំង​ស្ទះ​អស់​រយៈ​ពេល​៥​ឆ្នាំ​ មិន​អនុម័ត​ច្បាប់​នេះ ​ គឺ​ដោយសារ​សមាជិក​សភា​អឺរ៉ុប​ ព្យាយាម​ការពារ​ខ្លាចក្រែង​ច្បាប់​នេះ ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់ ​ ដោយ​រំលោភ​ទៅលើ​សិទ្ធិ​សេរីភាព​បុគ្គល ​របស់​អ្នក​ធ្វើ​ដំណើរ​ម្នាក់ៗ។ សមាជិក​សភា​អឺរ៉ុប​ មួយ​ចំនួន​ បាន​ទាមទារ​ឲ្យ​មាន​ការ​ការពារ​ដល់​ការ​សំងាត់​នៃ​ទិន្ន័យ​ ដែល​គេ​ប្រមូល​បាន ​មិន​ឲ្យ​បែក​ខ្ចខ្ចាយ ​រឺ​ប្រើប្រាស់​ដោយ​ប្រាសចាស​ពី​កម្មវត្ថុ​ដើម។​ យ៉ាងណាមិញ ​អត្ថបទ​ច្បាប់​ផ្សេងទៀត​ ​ដែល​មាន​ខ្លឹមសារ​គ្រប់គ្រង​ការ​ប្រើប្រាស់​ទិន្ន័យ ​PNR​ នេះ​ក៏​ត្រូវ​បាន​អនុម័ត​ដោយ​សភា​អឺរ៉ុប​ផង​ដែរ​ នៅថ្ងៃ​ជាមួយ​គ្នា​ ដើម្បី​ជា​ការ​ធានា​ដល់​សមាជិក​សភា​អឺរ៉ុប​ ដែល​ព្រួយ​បារម្ភ​ខ្លាចក្រែង​មាន​ការ​រំលោភ​លើ​សិទ្ធិ​បុគ្គល​ របស់​អ្នក​ដំណើរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ