អានតួអត្ថបទ
សេដ្ឋកិច្ច-អឺរ៉ុប

អង្គការ OCDE​ ព្រមាន​ប្រាប់ថា​សេដ្ឋកិច្ច​អាចដើរ​ថយក្រោយ​នៅក្នុង​តំបន់​អឺរ៉ូ​

បើ​គ្មាន​ផែនការ​ត្រឹមត្រូវ​និង​សកម្មភាព​ឆាប់​រហ័ស​ពី​សំណាក់​អ្នកដឹកនាំ​នៃ​តំបន់​អឺរ៉ូ​ទេ​ ​ អង្គការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ OCDE ​ ទាញ​សញ្ញា​អាសន្ន​ប្រាប់ថា​ ​ មាន​រដ្ឋខ្លះ​នៅក្នុង​តំបន់​អឺរ៉ូ​អាច​ធ្លាក់​ទៅក្នុង​សភាព​ធនក្ស័យ។​ ហើយ​ធនាគារ​កណ្តាល​អឺរ៉ុប​ត្រូវមាន​តួនាទី​មួយ​ដ៏​សំខាន់​ក្នុងការ​ខ្ទប់ស្កាត់​កុំឲ្យ​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រីក​រាលដាល​ពេញពាស​តំបន់។  

អង្គការ OCDE ​ទាញ​​សញ្ញា​​អាសន្ន​​ប្រាប់ថា​​មាន​រដ្ឋខ្លះ​​នៅក្នុង​​តំបន់​​អឺរ៉ូ​​អាច​​ធ្លាក់​​ទៅក្នុង​​សភាព​​ធនក្ស័យ​
អង្គការ OCDE ​ទាញ​​សញ្ញា​​អាសន្ន​​ប្រាប់ថា​​មាន​រដ្ឋខ្លះ​​នៅក្នុង​​តំបន់​​អឺរ៉ូ​​អាច​​ធ្លាក់​​ទៅក្នុង​​សភាព​​ធនក្ស័យ​ © REUTERS / Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ OCDE ​បាន​ប្រមាណ​ថា​ ​ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​នៃ​១៧​ប្រទេស​ក្នុង​តំបន់​​អឺរ៉ូ​ដែល​គ្រោងថា​មាន​២%​នៅ​ឆ្នាំ២០១២​អាច​ធ្លាក់​មកនៅ​ត្រឹម​០,២%​តែ​ប៉ុណ្ណោះ។​ តើ​ទាំងនេះ​បណ្តាល​មកពី​មូលហេតុអ្វី?

 
មូលហេតុ​ដែល​នាំឲ្យ​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​នៃ​តំបន់​អឺរ៉ូ​នៅ​ឆ្នាំ២០១២​ធ្លាក់​ចុះបែបនេះ​មានច្រើន៖

ទី១-​ ការជាប់​ជំពាក់​ប្រាក់បំណុល​ដ៏​ច្រើន​មហិមា​ដោយ​ប្រទេស​សមាជិក​នៃ​តំបន់​អឺរ៉ូ។
ទី២-​ ការបារម្ភ​និង​ការបាត់បង់​ទំនុកចិត្ត​របស់​ប្រជាជន​ក្នុង​ការ​ទិញដូរ​ហូបចុក។
ទី៣-​ ការបាត់បង់​ទំនុកចិត្ត​របស់​សហគ្រាស​ក្នុង​ការ​បោះទុន​ធ្វើ​វិនិយោគ​ដើម្បី​អភិវឌ្ឍ​សកម្មភាព​របស់​ខ្លួន។
ទី៤-​ ចំនួន​អ្នក​ឥតការងារ​ធ្វើ​កើន​កាន់តែ​ច្រើនឡើងៗ​ ​ ដែលមាន​រហូត​ដល់ទៅ​៤៥លាននាក់​នៅក្នុង​តំបន់​អឺរ៉ូ។
ទី៥-​ បី​ប្រទេស​ដែល​ទន់ខ្សោយ​ជាងគេ​ក្នុង​តំបន់​អឺរ៉ូ​អាច​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ “អវិជ្ជមាន”​នៅឆ្នាំ២០១២​ ដែល​ក្នុងនោះមាន៖​ប្រទេស​អ៊ីតាលី(-០,៥%)​ ​ ប្រទេសក្រិក(-៣%)​ ​ ប្រទេស​ព័រទុយហ្កាល់(-៣,២%)។
ទី៦-​ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​សំខាន់​ជាងគេ​នៅក្នុង​តំបន់​អឺរ៉ូ​ដែលជា​ក្បាល​ម៉ាស៊ីន​ជួយ​អូសទាញ​សេដ្ឋកិច្ច​ក្នុងតំបន់​ ​ នៅឆ្នាំ២០១២​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​​អាល្លឺម៉ង់​មានត្រឹមតែ​០,៦%​ ​ ហើយ​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​បារាំង​មាន​តែ​០,៣%​ប៉ុណ្ណោះ។

មូលហេតុ​អស់​ទាំងនេះហើយ​ដែល​បណ្តាល​ឲ្យ​អង្គការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ OCDE ​ ទាញ​សញ្ញា​អាសន្ន​ប្រាប់ថា​ ​ សេដ្ឋកិច្ច​នៃ​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​អាច​ជួប​នឹង​ដំណើរ​ដើរថយក្រោយ​ ​ ហើយ​មាន​រដ្ឋខ្លះ​នៅក្នុង​តំបន់​អឺរ៉ូ​អាច​ធ្លាក់​ទៅក្នុង​សភាព​ធនក្ស័យ​ផងទៀត។​ ទាំងនេះ​អាច​តម្រូវ​ឲ្យ​ប្រទេស​ទន់ខ្សោយ​ទាំងនោះ​បង្ខំខ្លួន​ចាកចេញ​ពី​តំបន់​អឺរ៉ូ។

នៅក្នុង​បរិបទ​ដ៏​តានតឹង​បែបនេះ​ ​ សកម្មភាព​ដែល​ចាំបាច់​បន្ទាន់​គឺ​ធ្វើការ​ខ្ទប់ស្កាត់​កុំ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​រីក​រាលដាល​ដល់​ប្រទេស​ដទៃទៀត។​ ដូច្នេះ​ តួនាទី​ទាំងនេះ​ពិតជា​តួនាទី​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​ដែល​ត្រូវ​ផ្តល់​មធ្យោបាយ​និង​ឥណទាន​គ្រប់គ្រាន់​ដើម្បី​ប្រយុទ្ធ​ទប់ទល់​នឹង​បញ្ហា​កង្វះ​ហិរញ្ញប្បទាន​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច។​ ធនាគារ​កណ្តាល​អឺរ៉ុប​អាច​មាន​សកម្មភាព​តែ​ម្នាក់ឯង​ឬមួយ​ក៏​អាចមាន​ជំនួយ​ពី​សំណាក់​ “មូលនិធិ​អឺរ៉ុប​សម្រាប់​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​”​ Fonds Européen de Stabilité Financière ។

គួរបញ្ជាក់ថា​ ​ អាទិភាព​ដ៏​សំខាន់​ចម្បង​គឺ​ត្រូវ​សើរើ​រៀបចំ​ឡើងវិញ​នូវ​រចនា​សម្ព័ន្ធ​នៅក្នុង​វិស័យ​ធនាគារ​ ​ ហើយនិង​ធ្វើការ​ចាក់​បញ្ចូល​សាច់ប្រាក់​ចូល​មូលធន​ធនាគារ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ចៀស​ឲ្យ​ផុត​ពី​បញ្ហា​កង្វះ​ឥណទាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ