អានតួអត្ថបទ
បេឡារុស-សហភាពអឺរ៉ុប

“សង្គ្រាមការទូត “ រវាង​បេឡារុសនិង​សហភាព​អឺរ៉ុប​

ជាចម្លើយ​តបនឹង​ទណ្ឌកម្ម​ថ្មីពី​ខាង​សហភាពអឺរ៉ុប​ រដ្ឋាភិបាល​បេឡារុសម្សិលមិញ​បានកោះហៅ​ទូតខ្លួន​ចេញពីក្រុង​ Bruxelles​ និងពី​ប្រទេស​ Pologne ​ហើយ​សម្រេច​បញ្ជូន​ចេញ​ពី​បេឡារុសនូវ​អ្នកការ​ទូត​ជាន់ខ្ពស់​ពីរនាក់ដែរ​របស់អឺរ៉ុប។​ ជាប្រតិកម្ម​បកវិញ​ សហភាព​អឺរ៉ុប​ក៏​កោះហៅ​ចេញពី​ទីក្រុង​ Minsk​ ទៅវិញ​ ឯកអគ្គ​រដ្ឋទូត​នៃគ្រប់តែ​២៧ប្រទេស​សហភាពអឺរ៉ុប។

“សង្គ្រាមការទូត “ ​រវាង​​បេឡារុស​និង​​សហភាព​​អឺរ៉ុប​​
“សង្គ្រាមការទូត “ ​រវាង​​បេឡារុស​និង​​សហភាព​​អឺរ៉ុប​​ © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​បញ្ឆេះ​ភាពតានតឹង​ងំជាប់​អស់៥ឆ្នាំ​ចុងក្រោយ​ ឲ្យផ្ទុះ​ឥឡូវនេះ​ទៅជា ​”សង្គ្រាមការទូត”​ ​គឺមកពី​ថ្ងៃអង្គារ​ម្សិលមិញ​ថ្នាក់ដឹកនាំ​សហភាពអឺរ៉ុប​ដែលមាន​ទីស្នាក់ការ​នៅក្រុង​ Bruxelles​ បាន​រាប់បញ្ចូល​ពួកអ្នកមុខ​អ្នកការ​បេឡារុស្ ​ចំនួន២១នាក់​ទៀត​ទៅក្នុង​ ”បញ្ជីខ្មៅ” ​ដែលហាម​មិនឲ្យ​ធ្វើដំណើរ​ចូលក្នុង​សហភាពអឺរ៉ុប។

 
ក្នុង​ចំណោម​២១នាក់នោះ​ ១៩នាក់​ជាចៅក្រម​ដែល​បានកាត់​ទោស​ពួកប្រឆាំង​នៅបេឡារុស្​ឲ្យជាប់​ពន្ធនាគារ​តែ​តាមលេស​នយោបាយ​សុទ្ធសាធ​ ហើយ២នាក់​ទៀត​ជាមន្ត្រី​មហាផ្ទៃ​ ដែល​ជាប់ឈ្មោះ​ប្រឡាក់​ក្នុងការ​ធ្វើបាប​ពួកប្រឆាំង​គ្មាន​ប្រណីឡើយ។

រាប់ទាំង​២១នាក់នេះ​ផង​ “បញ្ជីខ្មៅ”​នៃមន្ត្រី​បេឡារុស្​ដែល​មិនអាច​ទទួល​ទិដ្ឋាការ​ចូល​ក្នុង​ដែនដី​សហភាព​អឺរ៉ុប​ គឺឡើង​ដល់​ ២២៩នាក់ ក្នុងនោះ​មាន​លោកប្រធានាធិបតី​បេឡារុស្​ Alexandre​ Loukachenko​ និងកូន​ប្រុសពីរ​នាក់​របស់គាត់។ ​ប្រាកដណាស់​ បូក​ទាំង​ពួកមន្ត្រី ​ដែលជំនិតៗ​បំផុត​នឹងរូប​គាត់​ហើយដែល​សុទ្ធតែ​ត្រូវ​ទីក្រុង​ Bruxelles ​ទម្លាក់​ទៅលើ​នូវ​នាទី​ទទួល​ខុសត្រូវ​ចំពោះ​ការបង្ក្រាប​ពួកអ្នក​ដែលហ៊ាន​ប្រឆាំង​ទល់នឹង​លទ្ធផល​នៃការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០០៤​, ២០០៦ ​,២០១០ ​និង​ ចំពោះ​ការបំបិទ​សិទ្ធិសេរីភាព​នៅបេឡារុស្។​ ទណ្ឌកម្ម​ក៏​ប្រមើលថា​ ផ្អាប់ទុក​លុយ​ដែលពួក​មន្ត្រី​បេឡារុស្​ទាំងនោះ ផ្ញើ​នៅតាម​ធនាគារ​អឺរ៉ុប។

ក្រសួង​ការបរទេស​បេឡារុស្ ​ដោយ​ចាត់ទុក​ថាជា​”ការ​មិនអាច​ទទួល​យកបាន”​ រាល់​ទណ្ឌកម្ម​និង​គំនាប​មកលើ​បេឡារុស្​ បានថ្លែងថា​ចាប់ពីអំណើះ​តទៅ ​គឺហាម​មិនឲ្យ​ធ្វើ​ដំណើរ​ចូល​បេឡារុស្​ឡើយ​នូវ​មន្ត្រីណា​របស់​សហភាពអឺរ៉ុប​ដែលជា​មេចូកចែវ​ ដាក់​ទណ្ឌកម្ម​ទល់​នឹង​បេឡារុស្។​ ភាគី​បេឡារុស្ ​ក៏ព្រមាន​ ចាត់​វិធានការ​ផ្សេងៗ​ទៀត​ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិរបស់ខ្លួន។

ចំណែក​ឧត្តម​តំណាង​របស់​សហភាព​អឺរ៉ុប​ខាងកិច្ចការ​បរទេស និង​នយោបាយ​សន្តិសុខ​ លោកស្រី​ Catherine​ Ashton ​ថ្លែងថា ការកោះ​ហៅ​ឯកអគ្គរដ្ឋទូត​ទាំង​២៧​ប្រទេស​របស់​សហភាព​អឺរ៉ុប​ឲ្យចាកចេញ​ ពីក្រុង​ Minsk​ គឺជា​”សញ្ញា​នៃ​សាមគ្គីភាព​ និងឯកភាព​ធ្លុងមួយ”​ ទល់នឹង​ការទាមទារ​របស់​ភាគី​បេឡារុស្​ឲ្យឯកអគ្គ​រដ្ឋទូត​ប៉ូឡូញ​ និង​ប្រមុខ​បេសកកម្ម​របស់​សហភាព​អឺរ៉ុប​ចាកចេញ​ពី​ទីក្រុង Minsk។

ជាការកត់​សម្គាល់​រូបលោក​ Alexandre​ Loukachenko​ ដែល​កាន់​តំណែង​ជាប្រធានាធិបតី​នៅបេឡារុស្​តាំងពី​ឆ្នាំ ១៩៩៤​មក​ ហើយ​ដែលល្បី​ខាង​បង្ក្រាប​យ៉ាងចាស់ដៃ​ទៅលើ​រាល់​នរណា​ ដែល​ហ៊ានចេញ​មុខ​ប្រឆាំង​នឹងគាត់​តែង​ត្រូវ​មជ្ឈដ្ឋាន​នយោបាយ​បស្ចិមលោក​ឲ្យ​ឈ្មោះថា​ជា​“អ្នកកាន់​អំណាចផ្តាច់ការ​តែម្នាក់ឯងគត់​ ដែល​នៅសល់​នៅទ្វីបអឺរ៉ុប”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ