ន័រវែសទើសទាល់ចិត្តនឹងអាមេរិក រឿងផ្តល់រង្វាន់ដល់Snowden
Edward Snowden ត្រូវទទួលពានរង្វាន់ ថ្មីមួយទៀត នៅថ្ងៃសៅរ៍ទី ៥ កញ្ញានេះ ពីប្រទេសន័រវេស។ តែអតីតបុគ្គលិករបស់ភ្នាក់ងារសម្ងាត់អាមេរិក NSA ដែលធ្លាប់បើកកកាយលម្អិតអំពីកម្មវិធីចារកិច្ចឈ្លបការណ៍ទ្រង់ទា្រយធំ មិនអាចធ្វើដំណើរមកប្រទេសនេះបានឡើយ ដោយខ្លាចប្រឈមនឹងការចាប់ខ្លួន។ ន័រវែស ប្រទេសម្ចាស់ពានរង្វាន់ណូបែលសន្តិភាពហាក់ដូចជាកំពុងរងសម្ពាធខ្លាំងពីសំណាក់ សហរដ្ឋអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៧
ប្រធានបណ្ឌិតសភា Bjørnson គ្រោងនឹងប្រគល់ពានរង្វាន់ ដល់លោក Edward Snowden នៅថ្ងៃនេះ តែកៅអីនឹងនៅទំនេរគ្មានម្ចាស់ពានអង្គុយចាំទទួលឡើយ។ លោកអាចតាមដានសកម្មភាពផ្តល់ពានតាមរយៈវីដេអូ ពីប្រទេសរុស្ស៊ីដែលលោកកំពុងជ្រកកោនតែប៉ុណ្ណោះ។
ន័រវែស បានប្រកាសផ្តល់ពានរង្វាន់នេះ ដើម្បីឧទ្ទិសដល់ស្នាដៃរបស់លោក Edward Snowden ដែលបានបង្ហាញថា ការឈ្លបយកការណ៍តាមប្រព័ន្ធអ៊ីនធ័រនែតជាក្រុម អាចជាការគំរាមកំហែងដល់សេរីភាព។ ប៉ុន្តែអាជ្ញាធរន័រវែស បានបដិសេធមិនធានារ៉ាប់រងដល់សុវត្ថិភាពអតីតភ្នាក់ងារអាមេរិករូបនេះទេ ហើយក៏មិនហ៊ានអះអាងថាត្រូវធ្វើយ៉ាងដូចម្តេចដែរ ប្រសិនបើ Edward Snowden ដាក់ជើងជាន់ដីន័រវែស។
ទង្វើបែបនេះ បានធ្វើន័រវែសរងការរិះគន់បរិហារ ថាមិនរក្សាតម្លៃប្រទេស ដែលពិភពលោកតែងចាត់ទុកជាគំរូប្រជាធិបតេយ្យពិតៗ។ អ្វីដែលអាក្រក់ និងដែលរដ្ឋាភិបាលន័រវែសមិនចង់ឃើញចេញ គឺប្រសិនបើ Edward Snowden បានទទួលពានរង្វាន់ណូបែលសន្តិភាព ហើយត្រូវមកទទួលរង្វាន់នេះនៅខែក្រោយ នៅអូស្លូ។ ពេលនោះអាជ្ញាធរន័រវែសពិតជានឹងមិនត្រូវធ្វើខ្លួន និងធ្វើមុខយ៉ាងណាដាក់ពិភពលោកឡើយ។ Snowden ធ្លាប់ជាប់ជាបេក្ខជនសម្រាប់ពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០១៤ ម្តង និងស្នើឈ្មោះយឺតយ៉ាវម្តងនៅ២០១៣។
ថ្វីបើគណៈកម្មការណូបែល ធ្វើការដោយឯករាជ្យ ប៉ុន្តែការលូកលាន់នយោបាយពីសំណាក់សហរដ្ឋអាមេរិក បានធ្វើសំណាងជាប់ជ័យលាភីរបស់អតីតចារកិច្ចអាមេរិករួមតូច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ