អានតួអត្ថបទ

ពិភពលោក​កំពុង​ព្រមព្រៀង​បំពាក់​ប្រព័ន្ធ​​​កំណត់​ទីតាំង​យន្តហោះ​ដោយ​ផ្កាយរណប

យន្តហោះ​ម៉ាឡេស៊ី MH ៣៧០ ហោះ​ចេញ​ពី​ក្រុងកូឡាឡាំពួរ​ទៅ​កាន់​ក្រុង​ប៉េកាំង​ ដែល​បាន​បាត់ដាន​ឈឹង​កាលពីថ្ងៃទី ៨ ខែ​មីនា ឆ្នាំ២០១៤ ស្ថិត​ជា​អាថ៌​កំបាំងដ៏​ចម្លែក​មួយ​នៃ​ប្រវត្តិ​អាកាសចរណ៍​ស៊ីវិល​ពិភពលោក។ ដើម្បី​កុំ​ឱ្យ​ហេតុការណ៍​សោកនាដកម្មបាត់​យន្តហោះ​​នេះ​កើត​ឡើង​​ជាថ្មី​​ទៀត សហគមន៍​អន្តរជាតិ​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​បំពាក់​ប្រព័ន្ធ​កំណត់​ទីតាំង​យន្តហោះ​ដោយ​ផ្កាយ​រណប​ លើ​គ្រប់​យន្តហោះ​ទាំង​អស់។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​អាមេរិក នៅថ្ងៃ​ម្សិលមិញ។

ពិភពលោក​កំពុង​ព្រមព្រៀង​បំពាក់​ប្រព័ន្ធ​ផ្កាយ​រណប​កំណត់​ទីតាំង​ហោះហើរ​របស់​យន្តហោះ
ពិភពលោក​កំពុង​ព្រមព្រៀង​បំពាក់​ប្រព័ន្ធ​ផ្កាយ​រណប​កំណត់​ទីតាំង​ហោះហើរ​របស់​យន្តហោះ © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អនាគត ទំនង​ជាគ្មាន​ទៀត​ទេ ហេតុការណ៍​បាត់​យន្តហោះ​ឈឹង​ ដូច​ករណី​យន្តហោះ​ម៉ាឡេស៊ី MH៣៧០ ព្រោះ​ក្រុមប្រទេសជាង​​១៦០ នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​បំពាក់​ប្រព័ន្ធ​កំណត់​ទីតាំង​លើ​គ្រប់​យន្តហោះ​ទាំង​អស់។ សន្ធិសញ្ញា​នេះ​នឹង​ចេញ​ជា​រូបរាង​នៅ​ដើម​សប្តាហ៍​ក្រោយ។

 

តាំ​ងពី​ថ្ងៃ​ចន្ទ​និង​រហូត​ដល់​ថ្ងៃទី ២៧ វិច្ឆិកា​នេះ ​តំណាង​ប្រតិភូ ជា​អ្នក​ឯកទេស​ជំនាញ​អាកាសចរណ៍ ជាអ្នក​​ការទូត​ មក​ពី​​ជាង​១៦០​ប្រទេស​ ​បាន​ជួប​ប្រជុំ​គ្នា​ នៅ​ទីក្រុង​ហ្សឺណែវ ក្នុង​សន្និសីទ​វិទ្យុ-ទូរគមនាគមន៍ (Radiocommunication)ពិភពលោក​។ សន្និសីទ​នេះ​ ត្រូវ​បាន​រៀប​ចំ​ធ្វើ​ជា​រៀង​រាល់​បី ឬ​បួន​ឆ្នាំ​ម្តង ក្រោម​ការ​ដឹកនាំ​របស់​អង្គការ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ ដែល​ជា​ស្ថាប័ន​មួយ​របស់​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក និង​មាន​ឯកទេស​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍។

​នា​ឱកាស​សន្និសីទ​អន្តរជាតិលើក​នេះ​ ប្រធានបទ​​នៃ​ការ​ពិភាក្សា​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​តាមដាន​ការ​ហោះហើរ​របស់​យន្តហោះ​នីមួយៗ កំរិត​ពិភពលោក​តែ​ម្តង។ យន្តហោះ​MH៣៧០ បាន​បាត់​ដាន​ឈឹងពី​អេក្រង់​រ៉ាដា កាលពី​ថ្ងៃ​ទី ៨ មីនា ឆ្នាំ​២០១៤ វេលា​ម៉ោង​១​និង​២០​នាទី​យប់ បន្ទាប់​ពី​បាន​ហោះ​ចេញ​ពី​ក្រុង​កូឡាឡាំពួរ​បាន​បន្តិច សំដៅ​ក្រុង​ប៉េកាំង​ប្រទេស​ចិន។ អ្នក​ឯកទេស​ប៉ាន់​ស្មាន​​ថា យន្តហោះ​ដែល​មាន​ផ្ទុក​អ្នក​ដំណើរ​និង​បុគ្គលិក​ ២៣៩​នាក់ទំនង​ជា​បានធ្លាក់​ក្នុង​មហាសមុទ្ទ​ឥណ្ឌា​ ជិត​ឆ្នេរ​សមុទ្ទ​អូស្ត្រាលី។ បំណែក​ស្លាប​យន្តហោះ​មួយ​ដុំ​ ដែល​ទើប​ត្រូវ​រក​ឃើញ​ កាលពី​ខែ​កក្កដា​កន្លងទៅ​ថ្មីៗ​នេះ នៅ​ក្បែង​កោះ​រ៉េអ៊ុយនីញ៉ុង​ បញ្ជាក់​បន្ថែម​អំពី​សម្មិតិកម្ម​​នៃ​ការ​ធ្លាក់​យន្តហោះ តែ​មិន​បាន​ផ្តល់​ចម្លើយ​ថា​ ធា្លក់​នៅ​ទី​ណា​ឡើយ។

បើ​តាម​លោក​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​ហ្សឺណែវ ដែល​ប្រធាន​ក្រុម​ប្រតិភូអាមេរិក​ ក្នុង​សន្និសីទ​អន្តរជាតិ​នេះ ពិភពលោក​កំពុង​​តែ​រក​ឃើញ​ដំណោះស្រាយ​​មួយ​ទាក់​ទង​នឹង​ការ​តាមដាន​​ការ​ហោះហើរ​របស់​យន្តហោះ ដោយ​នឹង​មាន​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ បំពាក់​ប្រព័ន្ធ​ផ្កាយ​រណប​កំណត់​ទីតាំង​យន្តហោះ​។ សហគមន៍​អន្តរជាតិ​បាន​យល់​ស្រប​គ្នា​អំពី​ភាព​ចាំបាច់​នៃ​ការ​អនុញ្ញាត​ដាក់​ប្រព័ន្ធ​ផ្កាយ​រណប​ឱ្យ​តាមដាន​​ការ​ហោះហើររបស់​យន្តហោះ។

ប្រព័ន្ធ​ផ្កាយ​រណប​កំណត់​ទីតាំងហោះហើរ

អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ ចង់​ដាក់​បង្ខំ​ឱ្យ​គ្រប់​យន្តហោះ​នឹង​ត្រូវ​មាន​បំពាក់​ប្រព័ន្ធ​នេះ ជា​ចាំបាច់​ ​ចាប់​ពី​ចុង​ឆ្នាំ​២០១៦​ទៅ។

តាម​រយៈ​ប្រព័ន្ធ​ផ្កាយ​រណប​កំណត់​ទីតាំង​នេះ គេ​នឹង​អាច​តាម​​​ដាន​ការ​ហោះហើរ​របស់​​យន្តហោះ នៅ​គ្រប់​ទិសទី គ្រប់​ម៉ោង​ និង​គ្រប់​​កាលៈទេសៈ​។ ​គេ​នឹង​បានទទួល​ព័ត៌មានកំណត់​ទីតាំង​ហោះហើរ​​នៅ​រាល់​គ្រប់នាទី និង​ដោយ​ជាក់ស្តែង​តែ​ម្តង។​ ​

សព្វ​ថ្ងៃ​នេះ យន្តហោះ​ក៏​មាន​បំពាក់​ប្រព័ន្ធ​កំណត់​ទីតាំង​ហោះហើរ​ដែរ តែ​ជា​ប្រព័ន្ធ​រ៉ាដា ចាប់​ពី​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​លើ​ដី ដែល​មាន​សមត្ថភាព​ចាប់​ទីតាំង​ហោះហើរ​នៅ​មាន​កំរិត។ នៅពេល​​យន្តហោះ​ទៅ​ឆ្លង​សមុទ្ទ ឬ​មហាសមុទ្ទ​ទៅ​ឆ្ងាយ​ពី​ឆ្នេរ ឬហោះ​ក្នុង​រយៈ​កម្ពស់​​ទាប​ជ្រុលពេក​ ប្រព័ន្ធ​រ៉ាដា​មិន​អាច​ចាប់​បាន ហើយ​ជួនកាល​យន្តហោះ​ហោះ​ក្នុង​រយៈ​ពេល​ពីរ​បី ឬជាច្រើន​ម៉ោង ​ ក្នុង​ដែនអាកាស​មួយ​ដែល​គ្មាន​ប្រព័ន្ធ​រ៉ាដា​សោះ។

ប៉ុន្តែ​ជាមួយ​នឹង​ប្រព័ន្ធ​ថ្មី​នេះ​ គ្មាន​ទៀត​ទេ ពាក្យ​បាត់​​យន្តហោះ​ពី​ភ្នែក ! នៅ​ក្នុង​ករណី​​​ធម្មតា យន្តហោះ​នឹងបញ្ជូន​​ព័ត៌មាន​ ទៅ​ឱ្យ​ប្រព័ន្ធ​ផ្កាយ​រណប ដែលរួច​មក​​ផ្ទេរ​ព័ត៌មាន​ទាំងអស់​​ ដោយ​ភ្លាមៗទៅ​ឱ្យ​ការិយាល័យ​ត្រួតពិនិត្យ​និង​ថែទាំ​យន្តហោះ​របស់​ក្រុមហ៊ុន នៅ​លើ​ដី។ ក្នុង​ករណី​មាន​ហេតុការណ៍​មិន​ធម្មតា​អ្វី​កើត​ឡើង ដូចជា មាន​ភ្លៀង​ព្យុះ​រន្ទះ ឬ​ម៉ូទ័រ​ណាមួយ​ឆេះ​ យន្តហោះ​ផ្តល់​សញ្ញា​ញាប់ឡើងៗ ហើយ​ផ្កាយរណប​ ​​​បញ្ជូន​ព័ត៌មាន មក​ដី រាល់​គ្រប់​មួយ​នាទី​ម្តងៗ​។

​​វិធានការ​នេះ មិន​មែន​ និង​មិន​អាច​បញ្ចៀស​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​មាន​ហេតុការណ៍​​កើតឡើង ជា​យថាហេតុណា​មួយ ភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​អាច​នឹង​ដឹង​បាន​ភ្លាម​ថា​យន្តហោះ​នោះ​ធ្លាក់​នៅ​កន្លែង​ណា ធ្លាក់​បុក​លើ​ដី លើ​ទឹកត្រង់ណា។ ដូច្នេះ​ការ​ធ្វើ​អន្តរាគមន៍ក៏​បាន​លឿន ក្តី​សង្ឃឹម​ថា​នឹង​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្សក៏​មាន​ច្រើន ឬ​ក៏​ឆាប់​រក​ឃើញ​​បំណែក​យន្តហោះ​ និង​ជាពិសេស​ទៅ​ទៀត គឺ​មិន​ខាត​ពេល​វេលា​តាម​ស្វែង​រក​ មិន​បាន​សម្រេច​ដូច​ការ​បាត់​យន្តហោះ​ម៉ាឡេស៊ី​MH៣៧០​ទៀត។

ក្រៅ​អំពី​ការ​បំពាក់​ប្រព័ន្ធ​ផ្កាយ​រណប​កំណត់​ទីតាំងហោះហើរ​យន្តហោះ​នេះ អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ ចង់​ឱ្យតម្រូវ​ឱ្យ​​គ្រប់​យន្តហោះ​​មាន​បំពាក់​ប្រអប់​ខ្មៅ​ អាច​ខ្ទាត​ចេញ​ពី​យន្តហោះ​បាន នៅ​ពេលមាន​​ការ​ប៉ះទង្គិច ឬ​ផ្ទុះ​ឆេះ។ ប្រអប់​ខ្មៅ​នេះ​មិន​ត្រឹម​តែ​ធន់​នឹង​ភ្លើង​ទេ តែ​ត្រូវ​អណ្តែត​ទឹក​ទៀត។ តែ​វិធានការនេះ​នឹង​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​​គ្នា និង​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០២១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ