អានតួអត្ថបទ
ម៉ាឡេស៊ី

បាត់​យន្តហោះ​ម៉ាឡេស៊ី MH៣៧០៖ម៉ាឡេស៊ី អូស្រ្តាលី និង​ចិន​ប្រកាស​​ពង្រីក​វិសាលភាព​នៃ​ការ​ស្វែង​រក

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មេសា​នេះ រដ្ឋអំណាច​នៃ​ប្រទេស​ម៉ាឡេស៊ី អូស្រ្តាលី និង​ប្រទេស​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​ពង្រីក​វិសាលភាព​នៃ​ការ​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី​មួយ​គ្រឿង​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ជាង ១ឆ្នំា​មុន ប្រសិន​បើ​ប្រតិបត្តិការ​​ស្វែង​រក​សព្វថ្ងៃ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ​នោះ។ គួរ​រម្លឹក​ជូន​ថា យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន Malaysia Airlines ដែល​មាន​ជើង​ហោះហើរ​លេខ MH៣៧០ បាន​បាត់​ខ្លួន​សូន្យឈឹង​តំាង​ពី​ថ្ងៃទី៨ មីនា ឆ្នំា ២០១៤ ជាមួយ​នឹង​អ្នកដំណើរ​ចំនួន ២៣៩នាក់។

ពី​ឆ្វេង​ទៅ​ស្តំា គឺ​រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​អូស្រ្តាលី សមភាគី​ម៉ាឡេស៊ី និង​សមភាគី​ចិន ថ្ងៃទី១៦ មេសា
ពី​ឆ្វេង​ទៅ​ស្តំា គឺ​រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​អូស្រ្តាលី សមភាគី​ម៉ាឡេស៊ី និង​សមភាគី​ចិន ថ្ងៃទី១៦ មេសា Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្រោយ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​កូឡាឡំាពួរ​ថ្ងៃ​នេះ​ដែល​ថ្នាក់ដឹក​នំា​ទំាង ៣ប្រទេស គឺ​ម៉ាឡេស៊ី អូស្រា្តលី និង​ចិន​បាន​ចេញ​ផ្សាយ​សេចក្តីជូនដំណឹង​រួម​មួយ​ដោយ​បញ្ជាក់​ថា ប្រសិន​បើ​ប្រតិបត្តិការ​ស្វែង​រក​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​បច្ចុប្បន្ន​មិន​បាន​ផ្តល់​លទ្ធផល​អ្វី​ទេ នោះ​ពួក​គេ​នឹង​ពង្រីក​វិសាលភាព​នៃ​ការ​ស្វែង​រក​លើ​ផ្ទៃក្រឡា​សមុទ្រ​ឲ្យ​ដល់​ទំហំ ១២០ ០០០​ម៉ែត្រក្រឡា។ លោក​រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី​បាន​ថ្លែង​នៅ​ក្រោយ​ជំនួប​ជាមួយ​សមភាគី​អូស្រ្តាលី និង​ចិន​ថា ការ​សម្រេច​ពង្រីក​វិសាលភាព​នៃ​ការ​ស្វែង​រក​បាន​ធ្វើ​ឡើង ដោយ​ផ្អែក​លើ​អនុសាសន៍​របស់​ក្រុមប្រឹក្សា​អ្នកជំនាញ​នៃ​ក្រុម​យុទ្ធសាស្រ្ត​ស្រាវជ្រាវ។ សព្វ​ថ្ងៃ​នេះ ប្រតិបត្តិការ​ស្វែង​រក​កំពុង​ធ្វើ​ឡើង​លើ​ផ្ទៃក្រឡាទឹកសមុទ្រ​ទំហំ ៦០ ០០០គីឡូម៉ែត្រក្រឡា ហើយ​នៅ​ពេល​ខាង​មុខ​នឹង​ត្រូវ​គុណ​បន្ថែម​ទ្វេដង គឺ​ទំហំ ១២០ ០០០​គីឡូម៉ែត្រក្រឡា។

សូម​រម្លឹក​ជូន​ឡើង​វិញ​ថា យន្តហោះ​មួយ​គ្រឿង​ប្រភេទ​ប៊ូអ៊ីង ៧៧៧ របស់​ក្រុមហ៊ុន Malaysia Airlines ដែល​មាន​ជើង​ហោះហើរ​លេខ MH៣៧០ និង​ដែល​បាន​ហោះ​ពី​ទីក្រុង​កូឡាឡាំពួរ​ទៅ​កាន់​ទីក្រុង​ប៉េកំាង​ជាមួយ​នឹង​អ្នកដំណើរ​សរុប ២៣៩នាក់​ក្នុង​ថ្ងៃទី៨ មីនា ឆ្នំា ២០១៤ បាន​បាត់​ដំណឹង​ឈឹង បន្ទាប់​ពី​ហោះ​ឡើង​បាន ១ម៉ោង។ គិត​មក​ដល់​ថ្ងៃ​នេះ គឺ​មាន​រយៈពេល​ជាង ១ឆ្នំា​មក​ហើយ​ដែល​ការ​ស្វែង​រក​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​ប៉ែកខាងត្បូង​មហាសមុទ្រ​ឥណ្ឌា​ដែល​គេ​គិត​ថា​ជា​តំបន់​ដែល​យន្តហោះ​នោះ​បាន​ធ្លាក់។ តែ​ថ្នាក់ដឹកនំា​ទំាង ៣ប្រទេស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ពង្រីក​វិសាលភាព​នៃ​ការ​ស្វែង​រក​ទ្វេដង​នឹង​ត្រូវ​បន្ថែម​ពេល​ស្វែង​រក​ចំនួន ១ឆ្នំា​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ជូន​ថា កាល​ពី​ថ្ងៃទី៨ មីនា​កន្លង​ទៅ​ដែល​ជា​ថ្ងៃ​ខួប ១ឆ្នំា​នៃ​ការ​បាត់​យន្តហោះ ក្រុមអ្នកជំនាញ​ឯករាជ្យ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​មិន​បាន​ផ្តល់​មូលហេតុ​ច្បាស់លាស់​ជុំវិញ​ការ​បាត់​ខ្លួន​យន្តហោះ​ទេ។ ហេតុផល​ដែល​ថ្នាក់ដឹកនំា​ផ្នែក​ស៊ើបអង្កេត​បាន​ផ្តល់​ពេល​នេះ​គឺ​ថា ប្រហែល​ជា​បរិមាណ​ខ្យល់​អុកស៊ីសែន​បាន​ធា្លក់​ចុះ​ខ្លំាង​រហូត​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ទំាង​អស់​សន្លប់​បាត់​ស្មារតី ហើយ​គឺ​ពីឡុត​ស្វ័យប្រវត្តិ​ជា​អ្នក​បន្ត​បើក​យន្តហោះ​រហូត​ដល់​ធ្លាក់​ក្នុង​សមុទ្រ​ដោយសារ​តែ​អស់​សំាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ