អានតួអត្ថបទ

បារាំង​បោស​សម្អាត​អ្នក​ផ្តាច់​ខ្លួន​ជ្រុល​និយមអ៊ីស្លាម​​នៅ​អាកាសយានដ្ឋាន

ភេរវកម្ម​នៅ​ប៉ារីស ថ្ងៃទី ១៣​វិច្ឆិកា បាន​បន្សល់​ទុក​នូវ​ផលវិបាកយ៉ាង​ច្រើន។ ប្រទេស​ស្ថិត​ក្រោម​ភាព​អាសន្ន​រយៈ​ពេល​បី​ខែ ប៉ូលិស​អាច​ធ្វើ​ការ​ឆែក​ឆេរ ចាប់​ខ្លួន បង្ឃាំង​នៅ​តាម​គេហដ្ឋាន បុគ្គល​សង្ស័យ​ ដោយ​មិន​រង់ចាំ​សេចក្តី​សម្រេច​របស់​តុលាការ។ នៅ​ថ្ងៃ​អាទិត្យ​នេះ ​អគ្គនាយក​ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន​ប៉ារីស បាន​បញ្ជាក់​ថា ​មាន​បុគ្គលិក​ក្នុង​តំបន់​​​សន្តិសុខ​របស់​អាកាសយានដ្ឋាន ​​ចំនួន​៧០​នាក់ ត្រូវ​បាន​ប៉ូលិស​ដក​ហូត​បណ្ណការងារ ព្រោះ​ពួក​គេ​មាន​ជាប់​ពាក់​ព័ន្ធ​ នឹង​ការ​ផ្តាច់​ខ្លួន​ជា​អ្នក​អ៊ីស្លាម​ជ្រុលនិយម។

អាកាសយានដ្ឋាន​ប៉ារីស បង្កើន​ទាហានដើរ​​ល្បាត​៥០%
អាកាសយានដ្ឋាន​ប៉ារីស បង្កើន​ទាហានដើរ​​ល្បាត​៥០% Reuters
ផ្សាយពាណិជ្ជកម្ម

និន្នាការ​ផ្តាច់​ខ្លួន​ជា​អ្នក​អ៊ីស្លាម​ជ្រុល​និយម និង​អ្នក​ជាប់​ក្នុង​បញ្ជី​S ជា​ជន​សង្ស័យ​គួរ​តាមដាន មាន​កប់​នៅ​ក្នុង​ស្ទើរ​គ្រប់​ស្ថាប័ន។ អាកាសយានដ្ឋានប៉ារីស តំបន់​ដ៏​រសើប​ដែល​ទាមទារ​ការ​រក្សា​សន្តិសុខ​ពិសេស​ មិន​បាន​គេច​ផុត​ពី​ក្រសែ​ភ្នែក​ប៉ូលិសទេ។ ក្នុង​រយៈ​ពេល​តែ​មួយ គិត​ចាប់​តាំង​ពី​ក្រោយ​ហេតុការណ៍​ភេរវកម្ម​ប៉ារីសមក មាន​បុគ្គលិក​ក្នុង​តំបន់​សន្តិសុខ​ពិសេស​នៃ​អាកាសយានដ្ឋាន​៧០​នាក់ ត្រូវ​បាន​ប៉ូលិស​ដក​ហូត​បណ្ណការងារ និង​ ឆែកឆេរ​​ទូរ​ឯកជន​នៅ​កន្លែង​ធ្វើការ​របស់​បុគ្គលិក​ជាង​៤០០០​នាក់។ ការ​ដក​ហូត​បណ្ណ​ក្រហម គឺ​មាន​ន័យ​ស្មើ​នឹង​ការ​​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាច​​​បណ្តេញ​ចេញបុគ្គលិក​នៅ​តំបន់​សន្តិសុខ​ពិសេស​របស់​អាកាសយានដ្ឋាន ​ពី​ការងារ​ ​ដោយ​ស្រប​ច្បាប់​សម្រាប់  និង​ប្តូរ​ទៅ​បញ្ឈរ​ជើង​នៅ​កន្លែងផ្សេង បើ​ជា​បុគ្គលិក​ក្រៅ​តំបន់សន្តិសុខ។

 

បច្ចុប្បន្ន​ ​​តំបន់​សន្តិសុខ​ពិសេស​របស់​អាកាសយានដ្ឋាន ត្រូវការ​បុគ្គលិក​ធ្វើ​ការ​ចំនួន​ ៨៥០០០​នាក់​ សម្រាប់​​ទទួល​ខុសត្រូវ​ខាង​ផ្នែក​ជញ្ជូន​​អីវ៉ាន់ វ៉ាលី ចាក់​សាំង​យន្តហោះ សម្អាត​ផ្លូវ​យន្តហោះ ឬ​ជា​ក្រុមអ្នក​ឆែកឆេរ​វ៉ាលី​យួរ​ដៃ (ពេល​ឆែក​ត្រូវ​មាន​វត្តមាន​ប៉ូលិស​បីនាក់)។
ភ្នាក់ងារ​ក្នុង​តំបន់​សន្តិសុខ​នេះ មាន​ពាក់​ផ្លាក​ការងារ ពណ៌​ក្រហម ! និង​បាន​ទទួល​ការ​បំពាក់បំប៉ន​ពិសេស ដូច​ជា​ត្រូវ​មាន​កាតព្វកិច្ច​ចេះ​សម្គាល់​ឥរិយាបថ​មិន​ប្រក្រតីរបស់អ្នក​រួម​ការងារ ដោយ​ត្រូវ​ឃ្លាំ​មើល​គ្នា​ទៅ​វិញ​ទៅមក។ មាន​ន័យថា​ អ្នក​ពាក់​បណ្ណ​ក្រហម ​ស្ថិតក្រោម​ការ​តាមដាន​រហូត។

ជា​ធម្មតា​ បណ្ណក្រហម​​មាន​សុពលភាព​បី​ឆ្នាំ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ប៉ូលិស​ប៉ារីស បា​នធ្វើ​តេស្ត​​ថ្មី​ឡើង​វិញ​ទាំង​អស់ ដោយ​មិន​គិត​អំពី​អាយុ​កាល​នៃ​អ្នក​ពាក់​បណ្ណ​ក្រហម​នេះ​ទេ។ ព្រោះ​សូម​បញ្ជាក់​ថា ភេរវកម្ម​ថ្ងៃទី ១៣​វិច្ឆិកា ចរាចរណ៍​​ផ្លូវ​អាកាស​បានធ្លាក់​ចុះ​អស់​៦% ឯ​ការ​រក្សា​សន្តិសុខ​វិញ អាកាសយានដ្ឋាន​បាន​ដំឡើងចំនួន​ទាហាន​​ដើរ​ល្បាត​ដល់​ទៅ​​៥០%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ