អានតួអត្ថបទ
បារាំង

ភេរវកម្ម​ប៉ារីស៖រក​ឃើញ​អត្តសញ្ញាណ​ភេរវជន​ទី៣ ដែល​វាយប្រហារ​ក្នុង​សាលប្រគំតន្រ្តី​ក្រុង​ប៉ារីស

នៅ​ក្នុង​ប្រទេស​បារំាង ជិត ១ខែ​ក្រោយ​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស និង​ជាយ​ក្រុង​ប៉ារីស​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៣០នាក់ និង​របួស​ជាង ៣០០នាក់​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា​មក ការ​ស៊ើបអង្កេត​បាន​និង​កំពុង​បន្ត​ធ្វើ ពិសេស​តាម​រក​ចាប់​ជនដៃដល់​ដែល​កំពុង​គេចខ្លួន និង​ស្វែង​រក​អត្តសញ្ញាណ​ពិត​របស់​ភេរវជន​ដែល​ស្លាប់​នៅ​ក្នុង​បទអន្តរាគមន៍​របស់​ប៉ូលិស។ នៅ​ថ្ងៃ​ពុធ ទី៩ ធ្នូ​នេះ ប៉ូលិស​ទើប​បាន​ទម្លាយ​ឲ្យ​ដឹង​នូវ​អត្តសញ្ញាណ​របស់​ភេរវជន​ទី៣ ចុង​ក្រោយ​ដែល​បាន​វាយប្រហារ​នៅ​ក្នុង​សាលប្រគំតន្រ្តី​ឈ្មោះ​បាតាក្លង់​ស្ថិត​ក្នុង​ទីក្រុង​ប៉ារីស​នា​ថ្ងៃទី១៣ វិច្ឆិកា​កន្លង​ទៅ។

Foued Mohamed-Aggad ភេរវជនទី៣ ដែល​វាយប្រហារនៅ Bataclan ក្រុង​ប៉ារីស
Foued Mohamed-Aggad ភេរវជនទី៣ ដែល​វាយប្រហារនៅ Bataclan ក្រុង​ប៉ារីស @_DavidThomson
ផ្សាយពាណិជ្ជកម្ម

មាន​ភេរវជន​ទាំង​អស់ ៣នាក់​ដែល​គេ​ដឹង​ថា បាន​ចូល​ទៅ​វាយប្រហារ​នៅ​ក្នុង​សាលប្រគំតន្រ្តី​ឈ្មោះ​បាតាក្លង់​ក្រុង​ប៉ារីស​នា​យប់​ថ្ងៃទី១៣ វិច្ឆិកា​កន្លង​ទៅ និង​ដែល​កាលណោះ បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ៩០នាក់ និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ ចំណែក​ភេរវជន​ទំាង ៣នាក់​ក៏​បាន​ស្លាប់​គ្មាន​សល់​ម្នាក់ តែ​រហូត​មក​ដល់​ពេល​នេះ គឺ​ទើប​មាន​ភេរវជន​តែ ២នាក់​គត់​ដែល​គេ​បាន​ស្គាល់​អត្តសញ្ញាណ។ ភេរវជន​ទី១​មាន​ឈ្មោះ Samy Amimour និង​ភេរវជន​ទី២ មាន​ឈ្មោះ Ismaël Omar Mostefaï។

ទីបំផុត​នៅ​ថ្ងៃ​នេះ និង​បន្ទាប់​ពី​បាន​ស៊ើបអង្កេត​ជិត ១ខែ​មក ក្រុម​ប៉ូលិស​ទើប​បាន​ទម្លាយ​ឲ្យ​ដឹង​នូវ​អត្តសញ្ញាណ​របស់​ភេរវជន​ទី៣ ដែល​មាន​ឈ្មោះ​ថា Foued Mohamed-Aggad មាន​អាយុ ២៣ឆ្នាំ និង​ជា​ជនជាតិ​បារាំង​មាន​ដើមកំណើត​នៅ​ក្នុង​ទីក្រុង Strasbourg។ Aggad មាន​បងប្អូនប្រុស ៣នាក់ និង​ដែល​ឱពុក និង​ម្តាយ​បាន​លែងលះ​គ្នា​តាំង​ពី​ឆ្នាំ ២០០៧។ នៅ​ដំណាច់​ឆ្នាំ ២០១៣ Aggad និង​បងប្អូនប្រុស ៣នាក់ រួម​ទាំង​មិត្តជិតស្និត​ចំនួន ៨នាក់​ផ្សេង​ទៀត​រស់ក្នុង​ស្រុក​តែ​មួយ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ប្រយុទ្ធ​ក្នុង​ប្រទេស​ស៊ីរី។

នៅ​ប៉ុន្មាន​ខែ​ក្រោយ​ពី​ទៅ​ដល់​ប្រទេស​ស៊ីរី បងប្អូនប្រុស​ពីរ​នាក់​របស់ Aggad និង​មិត្តជិតដិត​ម្នាក់​ក៏​បាន​ចោល​ឆ្អឹង​ក្នុង​តំបន់​ប្រយុទ្ធ​នៅ​ស៊ីរី ចំណែក​បងប្រុស​ច្បង​របស់ Aggad រួម​ទាំង​មិត្តជិតស្និត​ចំនួន ៧នាក់​ផ្សេង​ទៀត​ក៏​បាន​សម្រេច​ចិត្ត​វិល​មក​កាន់​ប្រទេស​បារាំង​វិញ​នា​ខែ​កុម្ភៈ និង​មីនា ឆ្នាំ ២០១៤ ហើយ​ក៏​ត្រូវ​បាន​ប៉ូលិស​ចាប់​ឃុំ​ទាំង​អស់​ក្នុង​ខែ​ឧសភា។ គឺ​លើកលែង​តែ​ជន Aggad ម្នាក់​ឯង​គត់​ដែល​បាន​សម្រេច​ចិត្ត​បន្ត​ស្ថិត​ក្នុង​ប្រទេស​ស៊ីរី។

ពី​ប្រទេស​ស៊ីរី Aggad បាន​ឲ្យ​ដំណឹង​ជា​ប្រចាំថ្ងៃ​ដល់​ក្រុមគ្រួសារ​ក្នុង​ប្រទេស​បារាំង ពិសេស​ម្តាយ​របស់​គេ។ ម្តាយ​របស់​ខ្មោច Aggad ដែល​បាន​ប្រាប់​ឲ្យ​ដឹង​ថា Aggad មិន​ដែល​និយាយ​ប្រាប់​គាត់​ពី​ការងារ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ទេ។ នៅ​ក្នុង​ទំព័រ Facebook របស់​ខ្លួន Aggad បាន​បង្ហោះ​រូបថត​ភ្ជាប់​ជាមួយ​នឹង​ទង់​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី។ ភស្តុតាង​ទាំង​អស់​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋអំណាច​បារាំង​បាន​ដឹង និង​ស្គាល់​អត្តសញ្ញាណ Aggad យូរ​ណាស់​ដែរ តែ​ទីបំផុត​នា​យប់​ថ្ងៃ​ទី១៣ វិច្ឆិកា គឺ​ជន Aggad នេះ​ឯង​ដែល​បាន​រួម​សហការ​ជាមួយ​ជន​ផ្សេង​ចូល​មក​បង្ក​អំពើ​ភេរវកម្ម​យ៉ាង​សាហាវ​ក្នុង​ទីក្រុង​ប៉ារីស ពិសេស​នៅ​ក្នុង​សាលប្រគំតន្រ្តី​ឈ្មោះ​បាតាក្លង់​ក្រុង​ប៉ារីស។

បារាំង​រងគ្រោះ​ដោយ​ដង្កូវ​ចេញ​ពី​សាច់ឯង

សរុប​មក​ឃើញ​ថា ពួក​ភេរវជន​ដែល​បាន​បង្ក​អំពើភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​នា​ថ្ងៃ​ទី១៣ វិច្ឆិកា​កន្លង​ទៅ មាន​ភាគ​ច្រើន​ជា​ជនជាតិ​បារាំង​ដែល​រួម​សហការណ៍​ជាមួយ​ជនជាតិ​អឺរ៉ុប ពិសេស​ជនជាតិ​បែលហ្ស៊ិក។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា មាន​ភេរវជន​យ៉ាង​តិច ៨នាក់​ដែល​បាន​រៀបចំ​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស និង​ជាយក្រុង​ប៉ារីស​កាល​ពី​យប់​ថ្ងៃ​ទី១៣ វិច្ឆិកា ពោល​ការ​បាញ់​ប្រហារ​នៅ​ភោជនីយដ្ឋាន និង​ហាង​លក់កាហ្វេ​ក្រុង​ប៉ារីស នៅ​ម្តុំ​ពហុកីឡាដ្ឋាន Stade de France ស្ថិត​ក្នុង​តំបន់ Saint denis និង​នៅ​ក្នុង​សាលប្រគំតន្រ្តី​ឈ្មោះ​បាតាក្លង់​ក្រុង​ប៉ារីស។

គិត​មក​ដល់​ថ្ងៃ​នេះ មាន​ភេរវជន​ទាំង​អស់​ដែល​ក្រុម​ប៉ូលិស និង​អ្នកស៊ើបអង្កេត​បាន​ស្គាល់​អត្តសញ្ញាណ រាប់​ទាំង​អ្នក​ស្លាប់ និង​អ្នក​ដែល​កំពុង​រត់​គេច​ខ្លួន ពិសេស Salah Abdeslam ដែល​ជា​ជនជាតិ​បែលហ្សិក និង​ដែល​បារាំង រួម​ជាមួយ​អឺរ៉ុប​កំពុង​តាម​ចាប់​ខ្លួន​ជាង​គេ។ ជាក់ស្តែង ភេរវជន​ស្លាប់​ទាំង ៣នាក់​នៅ​ក្នុង​សាលប្រគំតន្រ្តី​ឈ្មោះ​បាតាក្លង់​ក្រុង​ប៉ារីស គឺ​ជា​ជនជាតិ​បារាំង​ទាំង​អស់។ នេះ ស បញ្ជាក់​ឲ្យ​ឃើញ​ថា ភេរវកម្ម​ក្នុង​ក្រុង​ប៉ារីស​ជា​ភេរវកម្ម​បង្ក​ឡើង​ដោយ​ដង្កូវ​ចេញ​ពី​សាច់​ឯង ពោល​មិនមែន​ដង្កូវ​ឆ្លង​ចូល​ពី​ខាង​ក្រៅ​ទេ។

សូម​ជម្រាប​ជូន​ថា មិនមែន​តែ​បារាំង​ទេ​ដែល​កំពុង​ទទួល​រង​ការ​គំរាម​ពី​ក្រុម​ភេរវជន​ចេញ​ពី​សាច់​ឯង ពោល​គឺ​សឹង​តែ​គ្រប់​ប្រទេស​ទាំង​អស់​ទៅ​ហើយ ពិសេស​គឺ​ក្រុមប្រទេស​លោក​ខាង​លិច។ ជា​រៀង​រាល់​ថ្ងៃ មាន​ក្រុម​យុវជន​បាន​ផ្តាច់​ខ្លួន​ទៅ​ចូលរួម​ជាមួយ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ ហើយ​ពួក​គេ​បាន​យក​គម្ពី​ទាំង​នោះ​មក​អនុវត្តន៍​នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ