អានតួអត្ថបទ
បារំាង

កាសែតបារំាង​ទំាងអស់​ចេញផ្សាយ​ថ្ងៃទី៨ មករា​បាន​ចូលរួម​កាន់ទុក្ខ​ជាមួយ Charlie Hebdo

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ មករា​​នេះ គ្រប់​កាសែត​បារំាង​ទំាង​អស់​បាន​នំា​គ្នា​ផ្តោត​សំខាន់​លើ​ព្រឹត្តិការណ៍​បាញ់ប្រហារ​លើ​អ្នកកាសែត​របស់​ទស្សនាវដ្តី Charlie Hebdo ចំ​កណ្តាល​ទីក្រុង​ប៉ារីស។ កាសែត​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ដោយ​ក្តីគ្រាមក្រំ និង​កំហឹង​ក្តៅក្រហាយ។

កាសែតបារំាង​ទំាងអស់​ចេញផ្សាយ​ថ្ងៃទី៨ មករា​បាន​ចូលរួម​កាន់ទុក្ខ​ជាមួយ Charlie Hebdo
កាសែតបារំាង​ទំាងអស់​ចេញផ្សាយ​ថ្ងៃទី៨ មករា​បាន​ចូលរួម​កាន់ទុក្ខ​ជាមួយ Charlie Hebdo AFP PHOTO / ODD ANDERSEN
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​ជា Charlie » « យើង​ទំាង​អស់​គ្នា​ជា Charlie » នេះ​ជា​ចំណងជើង​ដែល​គ្រប់​កាសែត​ទំាង​អស់ មាន Libération Figaro L’Humanité Parisien l’Equipe La Voix du Nord La Montagne Télégramme ឬ​មួយ​ក៏ Nice-Matin ជា​ដើម​បាន​យក​មក​ចុះ​ផ្សាយ​នៅ​ទំព័រ​មុខ​របស់​ខ្លួន​ជាមួយ​នឹង​ផ្ទៃ​ពណ៌ខ្មៅ​ពេញ​មួយ​ទំព័រ​មុខ។ ផ្ទៃ​ពណ៌ខ្មៅ​ដែល​កាសែត​ចង់​សម្តែង​ការ​ចូល​រួម​កាន់​ទុក្ខ​​ជា​មួយ​ទស្សនាវដ្តី Charlie Hebdo ពិសេស​សហសេវិកតា​ទំាង ១២នាក់​ដែល​បាន​បាត់បង់​ជីវិត​ក្រោម​គ្រាប់​កំាភ្លើង​របស់​ពួក​ភេរវជន។

« គឺ​សេរីភាព​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត » នេះ​ជា​ចំណង​ជើង​របស់​កាសែត Le Figaro និង L’Humanité។ សេរីភាព​ដែល​កាសែត​បាន​លើក​ឡើង​ថា មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ក្នុង​ការ​និយាយ​ស្តី សិទ្ធិ​ក្នុង​ការ​សើចលេង​សប្បាយ និង​សិទ្ធិ​ផ្សេងៗ​ទៀត។ « Charlie Hebdo គឺ​ជា​ការ​សើច​ប្រកប​ដោយ​ឈ្លាសវៃ សើច​គ្មាន​មេត្តា ការ​ចំអក​បញ្ឈឺចិត្ត និង​ការ​ឡកឡាយ​ពោរពេញ​ដោយ​ក្តីសង្ឃឹម » នេះ​ជា​ចំណាប់​អារម្មណ៍​របស់​កាសែត La Libération។ សម្រាប់​កាសែត Le Parisien កាសែត​មួយ​នេះ​បាន​និយាយ​ចំ​ថា ការ​វាយប្រហារ Charlie Hebdo គឺ​ជា​ការ​វាយប្រហារ​លើ​និមិត្តរូប​នៃ​សិទ្ធិសេរីភាព​មនុស្សលោក សិទ្ធិ​និយាយស្តី សិទ្ធិ​សរសេរ និង​សិទ្ធិ​ធ្វើ​អត្ថាធិប្បាយ​ដោយ​សេរី។ Le Parisien បាន​បន្ត​ថា ការ​ដែល​ប្រជាពលរដ្ឋ​បារំាង​បាន​នំា​គ្នា​ចុះ​ផ្លូវ​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ Charlie Hebdo ពេល​នេះ ជា​សក្ខីកម្ម​មួយ​បញ្ជាក់​ថា អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​របស់​យើង​នៅ​ពេល​នេះ គឺ​ការ​បន្ត​បញ្ចេញ​មតិ​ទំាង​អស់​គ្នា ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ពួក​ឃាតករ​សម្លាប់​សេរីភាព និង​តម្លៃ​របស់​មនុស្ស​លោក​បាន​ឡើយ។

កាសែត Le Figaro ក៏​បាន​យល់​ឃើញ​ដូច Le Parisien ដែរ​ដោយ​បាន​សរសេរ​ថា ប្រឈម​នឹង​សង្រ្គាម កាតព្វកិច្ច​ដំបូង​ដែល​ត្រូវ​ធ្វើ គឺ​ការ​រួម​គ្នា​ជា​ធ្លុង​មួយ ដោយ​មិន​ប្រកាន់​ពូជសាសន៍ ការ​រើសអើង​នយោបាយ ឬ​សាសនា។ Le Figaro បាន​បញ្ចប់​ដោយ​សន្និដ្ឋាន​ថា នៅ​ពេល​ដែល​មាន​សង្រ្គាម​ផ្ទុះ​ហើយ គេ​ត្រូវ​តែ​យក​ឈ្នះ​លើ​សង្រ្គាម​នោះ​ឲ្យ​បាន។ ងាក​ទៅ​មើល​កាសែត Sud Ouest វិញ កាសែត​តំបន់​មួយ​នេះ​បាន​យល់​ឃើញ​ថា ពេល​វេលា​បាន​មក​ដល់​ហើយ​ដែល​ម្នាក់ៗ​ត្រូវ​ជ្រើសរើស រវាង​សេរីភាព ឬ​ការ​ស្អប់គ្នា រវាង​សន្តិភាព និង​សង្រ្គាម ឬ​ក៏​រវាង​លទ្ធិប្រជាធិបតេយ្យ និង​របបផ្តាច់ការ។ Sud Ouest បាន​ឆ្លើយ​ភ្លាម​ថា ទេ យើង​មិន​អាច​រស់នៅ​ក្រោម​ការ​គំរាមកំហែង​គួរ​ឲ្យ​ភ័យខ្លាច​បាន​ឡើយ។ ពេល​វេលា​បាន​មក​ដល់​ហើយ​ដែល​សាធារណរដ្ឋ​ត្រូវ​តែ​បង្ហាញ​សាច់ដុំ​របស់​ខ្លួន នេះ​ជា​ការ​សន្និដ្ឋាន​ចុង​ក្រោយ​របស់​កាសែត​ Sud Ouest៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ