អានតួអត្ថបទ
បារាំង-អង្គការ​រដ្ឋ​អ៊ីស្លាម

ពួក​ជីហាត​ចូល​ទៅ​បំផ្លាញ ទូរទស្សន៍​ជាតិ​បារាំង​ប៉ុស្តិ៍​លេខ​៥ ​TV5Monde​ តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា

ទូរទស្សន៍​ជាតិ​បារាំង​ ប៉ុស្តិ៍​លេខ​៥​TV5Monde ​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ទូរទាំង​ពិភពលោក ​ត្រូវ​បាន​អាក់ខាន​ការ​ផ្សាយ​របស់​​ខ្លួន​ទាំង​ស្រុង ​កាល​ពី​យប់​ថ្ងៃ​ពុធ ​ទី ​៨មេសា ​ដោយសារ​តែ​មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ ជា​ចោរ​ព័ត៌មានវិទ្យា ​បាន​ចូល​ទៅ​បំផ្លាញ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​នេះ។ ក្រៅ​ពី​បង្អាក់​កម្មវិធី​ផ្សាយ ​​ក្រុមចោរ​បាន​ចូល​ទៅ​បញ្ឈប់​ដំណើរការរបស់​គេហទំព័រ​អ៊ីនធើនែត​ របស់​ទូរទស្សន៍​បារាំង​ទៀត​ផង។ ក្រុមចោរ​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​នេះ ​បាន​អះអាង​ថា​ ពួក​គេ​ជា​បក្សពួក​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។

បន្ទប់​បច្ចេកទេស​ផ្សាយ​របស់​ទូរទស្សន៍ ​TV5Monde នៅទី​ក្រុង​ប៉ារីស
បន្ទប់​បច្ចេកទេស​ផ្សាយ​របស់​ទូរទស្សន៍ ​TV5Monde នៅទី​ក្រុង​ប៉ារីស AFP/Pierre Verdy
ផ្សាយពាណិជ្ជកម្ម

នៅ​ល្ងាច​ថ្ងៃ​ពុធ ​ទី ​៨ ​មេសា ​ម៉ោង​ប្រមាណ​ជា ​១០​យប់​ ទូរទស្សន៍​ជាតិ​បារាំង​ប៉ុស្តិ៍​លេខ៥ ​TV5 Monde ដែល​មាន​កម្មវិធី​ផ្សាយ​ទូទាំង​ពិភពលោក ​ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​ តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ​ដោយ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ​ប៉ុន្តែ​គេ​ដឹង​យ៉ាង​ច្បាស់​ថា ​ជា​​មនុស្ស​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។

 
លោក​Yves Bigot អគ្គ​នាយក​ស្ថានីយ៍​ទូរទស្សន៍​​ ​បាន​ធ្វើ​សន្និសីទ​កាសែត​ភ្លាមៗ​ក្រោយ​ហេតុការណ៍​នេះ។ យោង​តាម​ប្រសាសន៍​របស់​លោក ​ក្រុម​ចោរ​ព័ត៌មានវិទ្យា ​បាន​ចូល​ទៅ​វាយ​បំផ្លាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រូបភាព​របស់​ទូរទស្សន៍។ អស់​រយៈពេល​ជា​ច្រើន​ម៉ោង ​ទូរទស្សន៍​មាន​តែ​កញ្ចក់​ខ្មៅ គ្មាន​រូប​គ្មាន​សំឡេង​អ្វី​ទាំង​អស់។ ក្រៅពី​កាត់​ផ្តាច់​ការ​ផ្សាយ ​ក្រុមចោរ​បាន​ចូល​ទៅ​គ្រប់គ្រង​ទាំង​ស្រុង​ លើ​គេហទំព័រ​អ៊ីនធើនែត​របស់​ទូរទស្សន៍​ ព្រម​ទាំង​ទំព័រ​ Facebook ​និង​ទំព័រ​ Tweeters ​របស់​ទូរទស្សន៍​នេះ​ទៀត​ផង។

នៅ​លើ​ទំព័រ​Facebook ​ក្រុម​ចោរ​បាន​ប្តូរ​រូបថត ​ដោយ​បាន​ដាក់​រូបថត​របស់​ពួក​ជីហាត​អ៊ីស្លាម។ បន្ទាប់​មក​ទៀត ​ពួក​ចោរ​បាន​ចែក​រំលែក​ឯកសារ​ ​ ទាក់​ទិន​នឹង​ប្រវត្តរូប​សង្ខេប​របស់​នាយ​ទាហាន​បារំាង​មួយ​ចំនួន ​ដែល​បាន​ចូលរួម​បេសកកម្ម​នៅ​តំបន់​ដើម​បូព៌ា ​ក្នុង​ការ​កម្ទេច​ពួក​ជីហាត។ លោក ​នាយក​ទូរទស្សន៍​បាន​បន្ថែម​ថា ​នៅ​លើ​ទំព័រ ​Facebook ​ក៏​ដូច​ជា​ Tweeters ​ពួក​ចោរ​បាន​សរសេរ​សារ ​បង្ហោះ​ថា ​នេះ​ជា​ការ​តបស្នង​ នូវ​អ្វី​ដែល​រដ្ឋាភិបាលា​បារាំង​បាន​ធ្វើ​ទៅ​លើ​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម។ ពួក​បាន​វា​បាន​គំរាម​ថា ពួកវា​នឹង​សងសឹក​លើ​រដ្ឋាភិបាល​របស់​លោក​ហូឡង់ ​ដែល​បាន​បញ្ជូន​ទាហាន​ទៅ​ធ្វើ​សង្រ្គាម​នៅ​អ៊ីរ៉ាក់​ និង​នៅ​ស៊ីរី។ សារ​មួយ​ចំនួន​ទៀត​បាន​សរសេរ​ថា ​ពួកវា​នឹង​មិន​ទុក​ឲ្យ​ក្រុម​គ្រួសារ ​របស់​ទាហាន​ដែល​បាន​ចូលរួម​បេសកកម្ម​នៅ​ដើមបូព៌ា​​ទាំង​អស់​ រស់​នៅ​បាន​សុខ​ទេ។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក ​នៅ​ក្នុង​វេលា​យប់ ​រំលង​ចូល​ថ្ងៃ​ព្រហស្បតិ៍ ​ក្រុម​អ្នក​ជំនាញ​បាន​ដណ្តើម​យក ​ទំព័រ Facebook និង​ Tweeters ​មក​កាន់​កាប់​បាន​វិញ។ ប៉ុន្តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​កម្មវិធី​ផ្សាយ​របស់​ទូរទស្សន៍​ នៅ​មិន​ទាន់​ដំណើរ​បាន​ល្អ​ជា​ដូច​ធម្មតា​ទេ។ ទូរទស្សន៍​អាច​គ្រាន់តែ​ចាក់​ផ្សាយ​កម្មវិធី​មួយ​ចំនួន​តូច​ ដែល​បាន​ថត​ទុក​រួច​មក​ហើយ ​ឯ​ការ​ផ្សាយ​ផ្ទាល់​ និង​កម្មវិធី​ព័ត៌មាន ​នៅ​មិន​ទាន់​អាច​ដំណើរការ​បាន​នៅ​ឡើយ​ទេ ​ហើយ​នៅ​តំបន់​ខ្លះ ​គេ​មិន​អាច​បើក​មើល​ប៉ុស្តិ៍​ទូរទស្សន៍​នេះ​ បាន​នៅ​ឡើយដែរ។ លោក​នាយក​ទូរទស្សន៍​បាន​បញ្ជាក់​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​ បាន​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ដែល​គេ​ត្រូវ​​ចំណាយ​ពេល​ អាច​ច្រើន​ថ្ងៃ​ដើម្បី​ជួស​ជុល ​មុន​នឹង​អាច​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ។

សូម​បញ្ជាក់​ផង​ដែរ​ថា ​ទូរទស្សន៍ ​TV5 Monde ​គឺ​ជា​បណ្តាញ​ទូរទស្សន៍​អន្តរជាតិ​ជា​ភាសា​បារាំង​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៨៤។ ទូរទស្សន៍​នេះ ​ធ្វើ​ការ​ផ្សព្វផ្សាយ​នៅ​ពាសពេញ​ពិភពលោក ​ដោយ​មាន​ផ្ទះ​ប្រមាណ​ជា​ ​២៥៧​លាន​គ្រួសារ​ ​ដែល​បើក​មើល​ឃើញ​ប៉ុស្តិ៍​ទូរទស្សន៍​នេះ។ TV5 Monde ​គឺ​ជា​បណ្តាញ​ទូរទស្សន៍​អន្តរជាតិ​ ធំ​បំផុត​លំដាប់​ទីពីរ ​បន្ទាប់​ពី​បណ្តាញ​ទូរទស្សន៍ ​MTV ​របស់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ