អានតួអត្ថបទ
អ.ស.ប.-អាកាសធាតុ

អ.ស.ប.៖ការ​សន្យា​របស់​ប្រទេស​ក្នុង​លោក​ដើម្បី​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​មិន​ទាន់​គ្រប់គ្រាន់

៣សប្តាហ៍ មុន​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​ឈាន​មក​ដល់ អង្គការ​សហប្រជាជាតិ (អ.ស.ប.) បាន​ទាញ​សញ្ញាអាសន្ន​ដោយ​យល់​ឃើញ​ថា ការ​សន្យា​របស់​ប្រទេស​ក្នុង​លោក​ដើម្បី​កាត់​បន្ថយ​ឧស្ម័នផ្ទះកញ្ចក់​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ អង្គការ​សហប្រជាជាតិ​បាន​យល់​ឃើញ​ថា ប្រទេស​នីមួយៗ​ត្រូវ​តែ​ចាត់វិធានការ​បន្ថែម​ទៀត​ដើម្បី​អាច​រក្សា​កំដៅ​ក្នុង​ភពផែនដី​មិន​ឲ្យ​កើន​លើស​ពី ២អង្សារ។

លោក Achim Steiner នាយក​កម្មវិធី​អង្គការ​សហប្រជាជាតិ​ដើម្បី​បរិស្ថាន
លោក Achim Steiner នាយក​កម្មវិធី​អង្គការ​សហប្រជាជាតិ​ដើម្បី​បរិស្ថាន http://www.unep.org
ផ្សាយពាណិជ្ជកម្ម

ការ​ទាញសញ្ញា​អាសន្ន​របៀប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​មួយ​របស់​កម្មវិធី​អង្គការ​សហប្រជាជាតិ​ដើម្បី​បរិស្ថាន។ លោក Achim Steiner នាយក​កម្មវិធី​អង្គការ​សហប្រជាជាតិ​ដើម្បី​បរិស្ថាន​បាន​គូស​បញ្ជាក់​ថា ការ​សន្យា​សព្វថ្ងៃ រួម​ផ្សំ​នឹង​វិធានការ​ជា​ច្រើន​ដែល​បាន​អនុម័ត​នា​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ គឺ​ជា​សក្ខីកម្ម​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ប្រកប​ដោយ​សុឆន្ទៈ និង​មហិច្ឆតា​របស់​ប្រទេស​នីមួយៗ​ក្នុង​ការ​ប្រឈម​ទប់​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស។ តែ​បញ្ហា​នៅ​ត្រង់​ថា ការ​សន្យា និង​ការ​ប្រឹងប្រែង​ទំាង​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ​ដើម្បី​អាច​ទប់​កំដៅ​នៅ​ក្នុង​ភពផែនដី​មិន​ឲ្យ​លើស​ពី ២អង្សារ​ដូច​ដែល​គ្រប់​គ្នា​ចង់​បាន​នោះ នេះ​ជា​បញ្ជាក់​បន្ថែម​របស់​លោក Achim Steiner។

តាម​របាយការណ៍​របស់​កម្មវិធី​អង្គការ​សហប្រជាជាតិ​ដើម្បី​បរិស្ថាន​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមអ្នកស្រាវជ្រាវ​អន្តរជាតិ​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចសន្យា​របស់​ប្រទេស​ទំាង ១៤៦ ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី១ តុលា​កន្លង​ទៅ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កំដៅ​នៅ​ក្នុង​បរិយាកាស​នឹង​ស្ថិត​ចម្លោះ​ពី ៣ ទៅ ៣,៥អង្សារ​នៅ​ក្នុង​រង្វង់​ឆ្នំា ២១០០។ ដូច្នេះ​ដើម្បី​អាច​ឲ្យ​កម្រិត​សីតុណ្ហភាព​ឲ្យ​នៅ​ត្រឹម ២អង្សារ​បាន ប្រទេស​នីមួយៗ​ត្រូវ​តែ​ចាត់​វិធានការ​បន្ថែម​ទៀត។ បើ​មិន​ដូច្នោះ​ទេ ក្រុម​អ្នកវិទ្យាសាស្រ្ត​បាន​ព្រមាន​ថា សីតុណ្ហភាព​ក្នុង​ភពផែនដី​លើស​ពី ២អង្សារ​នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ជា​ច្រើន​សម្រាប់​ពិភពលោក​ដែល​គ្មាន​ប្រទេស​ណា​មួយ​គេច​រួច​ទេ។

គួរ​ជម្រាប​ជូន​ថា របាយការណ៍​របស់​កម្មវិធី​អង្គការ​សហប្រជាជាតិ​ដើម្បី​បរិស្ថាន​បាន​ធ្លាក់​មក ៣សប្តាហ៍​មុន​ការ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង។ គឺ​ជា​សន្និសីទ​ដែល​ប្រទេស​ទំាង ១៩៥ ត្រូវ​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ​ដែល​នឹង​ត្រូវ​បន្ត​ពី​ពិធីសារ​ក្យូតូ​ចាប់​ពី​ឆ្នំា ២០២០ ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ