អានតួអត្ថបទ
យេម៉ែន-រុស្ស៊ី

ម៉ូស្គូ​ច្រានចោល កាចោទប្រកាន់​របស់​យេម៉ែន​ដែល​ថា រុស្ស៊ី លួច​ផ្តល់​អាវុធ​ទៅ​ពួក​ឧទ្ទាម​ហ៊ូទី

ក្រសួង​ការបរទេស​រុស្ស៊ី ចាត់ទុក​ការចោទ​ប្រកាន់នេះ ពី​ខាង​រដ្ឋមន្ត្រី​ការបរទេស យេម៉ែន ដែល​ថា រុស្ស៊ី តាមរយៈ​យន្តហោះខ្លួន ហោះ​ទៅ​ជន្លៀស​ពលរដ្ឋរុស្ស៊ី និង​ពលរដ្ឋ នៃអតីត សាធារណរដ្ឋ​សូវៀត​ឯទៀត ចេញ​ពី​យេម៉ែន ដែល​កំពុង​ឆាបឆេះ ដោយ​ភ្លើង​សង្គ្រាម គឺឆ្លៀត​ដឹក ទៅ​ជាមួយ​ទាំងអាវុធ សម្រាប់​ផ្តល់​ឲ្យពួក​ឧទ្ទាម​ហ៊ូទី ថា​ជា សម្តី​ផ្តេសផ្តាស ចេញមក​ពីគំនិត រវើរវាយ មាន​លក្ខណៈ​បង្កហេតុ។  

សកម្មជន​ដើរតាម​ក្រុមហ៊ូទី្ស​ថ្កោលទោស​ការវាយប្រហារ​ទ័ពអាកាស​របស់​អារ៉ាប៊ី សាអូឌីត នៅ​យេម៉ែន
សកម្មជន​ដើរតាម​ក្រុមហ៊ូទី្ស​ថ្កោលទោស​ការវាយប្រហារ​ទ័ពអាកាស​របស់​អារ៉ាប៊ី សាអូឌីត នៅ​យេម៉ែន ©REUTERS/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ផ្លូវការ​នៃ​ក្រសួង​ការបរទេសរុស្ស៊ី លោក Alexandre Loukashevich ថ្លែង​ថា “ម៉ូស្គូ មិនបណ្តោយ​ឲ្យ​មាន​ការជ្រៀតជ្រែក​អ្វី​ណា​ពី​ខាងខ្លួន ទៅ​ក្នុងជម្លោះ​ក្នុង​ប្រទេស​យេម៉ែន ឡើយ។ ចំណែក​ពួកអ្នកតំណាង​របស់​អាជ្ញាធរ​ប្រទេស​នេះ គប្បី​ជាប់ដៃ រវល់ទៅ នឹង​ការជួយ សម្រាល​ទុក្ខ​វេទនា របស់​បណ្តាជន​ស៊ីវិល មិនមែន​រវល់​នឹង​ការបំផុស​មក​ជា​គំនិត​រវើរវាយ​ឡើយ។

 
គឺ​យ៉ាងនេះ ដែល​អ្នកការទូត​រុស្ស៊ី ធ្វើ​អត្ថាធិប្បាយ​ទៅលើ ដំណឹង​ផ្សព្វផ្សាយ ដោយ​មធ្យោបាយ ឃោសនា​មហាជន​នានា ស្តីអំពី​សេចក្តី​ថ្លែងការណ៍របស់ លោក រដ្ឋមន្ត្រី​ការបរទេស យេម៉ែន Riyad Yassin ដែល​ចោទ​រុស្ស៊ី ថា បានដឹក​អាវុធទៅ​ផ្គត់ផ្គង់​ដល់ពួកឧទ្ទាមហ៊ូទី តាម​យន្តហោះ ដែលហោះ​ទៅ​ជន្លៀស ពលរដ្ឋ រុស្ស៊ី ចេញពីយេម៉ែន”។ 

អ្នកការទូតរុស្ស៊ី​សង្កត់ធ្ងន់​ថា បើ​ប្រមុខ​ការទូត​យេម៉ែន ថ្លែង​យ៉ាងនេះមែន គឺមានន័យ​ថា ជាសម្តី ផ្តេសផ្តាស មិន​ទំនងសោះឡើយ មិនស្គាល់​នាទី​ទទួល​ខុសត្រូវ មាន​លក្ខណៈ​បង្កហេតុ ដែល មិនសម​នឹង​លើក​យកមក ធ្វើអត្ថាធិប្បាយ​ឡើយ។

លោក Loukashevich គូស​បញ្ជាក់ថា រុស្ស៊ី ក្នុងស្ថានភាព​មិនងាយស្រួល​ឡើយ ខំ​ត្រួសត្រាយ​ផ្លូវ ទៅជន្លៀស​មិនគ្រាន់​តែពលរដ្ឋខ្លួន​ប៉ុណ្ណោះទេ តែ​ក៏ទាំងពលរដ្ឋ​នៃ​ប្រទេសខ្លះ ដែល​ឥឡូវស្ថិត នៅក្នុង សម្ព័ន្ធ​ប្រឆាំងពួកហ៊ូទី ទៅផង។

អ្នកការទូត​រុស្ស៊ីទូន្មាន​រដ្ឋមន្ត្រី​ការបរទេស​យេម៉ែន ដែល​កំពុងលាក់​ខ្លួន​សម្ងំ នៅបរទេស “កុំខំ​ជាប់ ដៃ រវល់អី​នឹង​ការបំផុស​មក​ជា​គំនិតរវើរវាយ ដ៏គ្រោះថ្នាក់ តែ​គួរយកចិត្ត​ទុកដាក់លើ ទុក្ខ វេទនា​អ្នកស្រុក​យេម៉ែន ដែល​ធ្លាក់ខ្លួន​ស្លាប់ ក្នុងជម្លោះ​នៅទីនោះ អស់​រាប់រយ​នាក់ទៅ​ហើយ។

រុស្ស៊ី​សូមបញ្ជាក់​ជាថ្មី​ពី​ភាពចាំបាច់ ត្រូវ​សមិទ្ធិ​ឲ្យ​ចេញ​ជាផ្លែផ្កាទៅ នូវ គំនិត​ផ្តួចផ្តើម​របស់ខ្លួន ដែល​កំពុង​ទទួល​ការពិភាក្សាក្នុង ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប. ឲ្យមាន ការដកឃ្លា ឈប់បាញ់ ក្នុង​ប្រទេសយេម៉ែន ដើម្បី​ដឹកជំនួយមនុស្សធម៌​ទៅជួយ​ប្រទេសនោះ។

គួរនិយាយ​ថា នាប៉ុន្មានថ្ងៃ​ចុងក្រោយ យន្តហោះស៊ីវិល​រុស្ស៊ី បានជន្លៀស​ចេញ​ពី​ប្រទេស យេម៉ែន ដែល​កំពុង​ឆាបឆេះដោយ​ភ្លើងសង្គ្រាម គឺ ពលរដ្ឋខ្លួន និង ពលរដ្ឋ​អតីត​សាធារណរដ្ឋ សូវៀត ឯទៀត សរុបទៅ ជិត៧០០នាក់ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ