អានតួអត្ថបទ
យេម៉ែន

ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែរ្ស​កំពុង​ស្វែង​រក​ទ័ណ្ឌកម្ម​ប្រឆំាង​យេម៉ែន​ពី​ក្រុមប្រឹក្សាសន្តិសុខ

ថ្ងៃ​ព្រហស្បតិ៍ ទី២ មេសា​នេះ បាន​ឈាន​ចូល​ថ្ងៃ​ទី៧ ដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ដឹក​នំា​ប្រតិបត្តិការ​វាយប្រហារ​ផ្លូវអាកាស​លើ​ក្រុម​ឧទ្ទាម​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន។ រីឯ​កម្លំាង​របស់​ហ៊ូទី្ស​ក៏​ហាក់​ដូច​ជា​កំពុង​រំកិល​ទៅ​មុខ​ឆ្ពោះ​ទៅ​វាយ​យក​ទីក្រុង​អាដេន​ដែល​ជា​ទីក្រុង​សំខាន់​ទី២​របស់​យេម៉ែន។ ទន្ទឹម​គ្នា​នេះ AQPA ដែល​ជា​សាខា​អាល់កៃដា​ក្នុង​តំបន់​ក៏​បាន​វាយប្រហារ​លើ​ពន្ធនាគារ​មួយ​ស្ថិត​ប៉ែក​អាគ្នេយ៍​ប្រទេស​ដោយ​បាន​រំដោះ​អ្នកទោស​ចេញ​ពី​គុក​ជាង ៣០០នាក់។ នៅ​ឯ​ទីស្នាក់ការ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក​វិញ ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែរ្ស​បាន​ព្យាយាម​រក​ទ័ណ្ឌកម្ម​ដាក់​លើ​ប្រទេស​យេម៉ែន។

គំនរ​ថ្ម​ផ្ទះសម្បែងក្រោយ​ការ​ទម្លាក់​គ្រាប់បែក​ពី​កម្លំាង​អារ៉ាប់​នៅ​យេម៉ែន
គំនរ​ថ្ម​ផ្ទះសម្បែងក្រោយ​ការ​ទម្លាក់​គ្រាប់បែក​ពី​កម្លំាង​អារ៉ាប់​នៅ​យេម៉ែន REUTERS/Naiyf Rahma
ផ្សាយពាណិជ្ជកម្ម

ផ្ទំាងស៊ីប​ជា​អាទិភាព​របស់​កម្លំាង​អារ៉ាប់​ដឹកនំា​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត គឺ​កម្ទេស ឬ​ក៏​យ៉ាង​ហោច​ណាស់ ធ្វើ​ឲ្យ​កម្លំាង​ឧទ្ទាម​ហ៊ូទី្ស​និកាយ​ឈីអ៊ីត​ចុះ​ខ្សោយ។ តែ​ប្រតិបត្តិ​វាយប្រហារ​ពេញ​មួយ​សប្តាហ៍​កន្លង​មក បែរ​ជា​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​យ៉ាង​ច្រើន និង​កំពុង​ធ្វើ​ឲ្យ​ពួក​ឧទ្ទាម​ហ៊ូទី្ស​ឡើង​ចាង​កាន់​តែ​ខ្លំាង​ទៅ​វិញ។ គួរ​រម្លឹក​ជូន​ថា ពួក​ហ៊ូទី្ស​កំពុង​កាន់​អំណាច​ដែល​ពួក​គេ​វាយដណ្តើម​បាន​ពី​លោក​ប្រធានាធិបតី​ស្របច្បាប់​ហាឌី​ដែល​បច្ចុប្បន្ន​កំពុង​ភៀសខ្លួន​ជ្រកកោន​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ខណៈ​នេះ ពួក​ហ៊ូទី្ស រួម​ជាមួយ​សម្ព័ន្ធមិត្ត​របស់​គេ និង​ក្រុមប្រដាប់អាវុធ​ដែល​បន្ត​ស្មោះត្រង់​នឹង​អតីត​ប្រធានាធិបតី​ធា្លក់​ពី​អំណាច​អាប់ដាឡា សាឡេ​កំពុង​ប្រយុទ្ធ​ទល់​នឹង​កម្លំាង​របស់​លោក​ហាឌី​ដើម្បី​ដណ្តើម​កាន់កាប់​ទីក្រុង​អាដេន​ដែល​ជា​ទីក្រុង​ធំទី២ របស់​យេម៉ែន។

ស្ថានការណ៍​វឹកវរ​នៅ​យេម៉ែន​ផ្តល់​ឱកាស​ល្អ​ដល់​អាល់កៃដា និង​អង្គការ​រដ្ឋអ៊ីស្លាម

យេម៉ែន​បាន និង​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ពីរ​ខុស​គ្នា ទី១ គឺ​វិបត្តិនយោបាយ​ផ្ទៃក្នុង​រវាង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ហាឌី​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ និង​ក្រុមឧទ្ទាម​ហ៊ូទី្ស​និកាយ​ឈីអ៊ីត​ដែល​គេ​អាច​ចាត់​ទុក​ជា​កម្លំាង​នយោបាយ​ផ្ទៃក្នុង​មួយ និង​វិបត្តិទី២ គឺ​វិបត្តិ​ដែល​បង្ក​ចេញ​ពី​ចលនា​អាល់កៃដា AQPA និង​អង្គការ​រដ្ឋអ៊ីស្លាម។ នៅ​ថ្ងៃ​នេះ ក្រុម AQPA បាន​បើក​ការ​វាយប្រហារ​លើ​ពន្ធនាគារ​មួយ​ក្នុង​ខេត្ត Moukalla ស្ថិត​ប៉ែក​អាគ្នេយ៍​ប្រទេស​ដោយ​បាន​រំដោះ​អ្នកទោស​ជាង ៣០០នាក់ ក្នុង​នោះ ​មាន​ម្នាក់​ជា​មេកើយ​របស់​គេ​ឈ្មោះ Khalet Batarfi ដែល​បាន​ជាប់​ក្នុង​គុក​នោះ​អស់​ជាង ៤ឆ្នំា។

ក្រៅ​ពី​វាយប្រហារ​លើ​ពន្ធនាគារ ក្រុម AQPA ក៏​បាន​វាយប្រហារ​ក្នុង​ថ្ងៃ​តែ​មួយ​លើ​ស្ថាប័ន​មួយ​ចំនួន​ក្នុង​ខេត្ត Moukalla ដដែល ដូច​ជា​ធនាគារ ស្នងការដ្ឋាន​នគរបាល ឬ​មួយ​ក៏​មន្ទីរ​របស់​ក្រសួង​ស៊ើបការសម្ងាត់​ជា​ដើម។ ដូច្នេះ​ឃើញ​ថា ស្ថានការណ៍​វឹកវរ​ផ្ទៃក្នុង​សព្វថ្ងៃ​នេះ​បាន និង​កំពុង​ផ្តល់​ឱកាស​យ៉ាង​ល្អ​ដល់​ក្រុម AQPA និង​អង្គការ​រដ្ឋអ៊ីស្លាម។ ពិត​ណាស់​ថា ក្រុម AQPA និង​អង្គការ​រដ្ឋអ៊ីស្លាម គឺ​ជា​ចលនា​ភេរវនិយម​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេស​យេម៉ែន និង​សហគមន៍​អន្តរជាតិ។ តែ​ដើម្បី​អាច​បង្រ្កាប​ពួក​នេះ​បាន គេ​ត្រូវ​តែ​រក​ដំណោះស្រាយ​នយោបាយ​ផ្ទៃក្នុង​ឲ្យ​យេម៉ែន​ជា​មុន​សិន ពោល​កិច្ចព្រមព្រៀង​នយោបាយ​មួយ​រវាង​ក្រុមឧទ្ទាម​ហ៊ូទី្ស និង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ហាឌី។

ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែរ្ស​កំពុង​ប្រឈម​មុខ​នឹង​ប្រទេស​រុស្ស៊ី

នៅ​ទីស្នាក់ការ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែរ្ស​ដែល​មាន​សមាជិក ៦ប្រទេស គឺ​អារ៉ាប៊ីសាអូឌីត គូវ៉ែត បារ៉ែន អេមីរ៉ាអារ៉ាប់រួម កាតា និង​ប្រទេស​អូម៉ង់​កំពុង​ស្វែង​រក​សេចក្តីសម្រេចចិត្ត​មួយ​សម្រាប់​ប្រទេស​យេម៉ែន។ សេចក្តីសម្រេចចិត្ត​ជា​អាទិភាព គឺ​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​កិច្ចសន្ទនា​នយោបាយ​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង។ បន្ទាប់​មក ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែរ្ស​ក៏​ចង់​ឲ្យ​មាន​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​ហាម​លក់​អាវុធ​ទៅ​ឲ្យ​យេម៉ែន​ដើម្បី​ដាក់​គំនាប​លើ​ពួក​ហ៊ូទី្ស​ដែរ។

តែ​ឧបសគ្គ​ដែល​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែរ្ស​កំពុង​ជួប​ប្រទះ​ពេល​នេះ គឺ​ការ​ជំទាស់​ពី​ភាគី​រុស្ស៊ី​ដែល​ជា​សមាជិក​អចិន្រ្តៃយ៍​ម្នាក់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។ទីក្រុង​ម៉ូស្គូ​បាន​ប្រឆំាង​ដាច់​ខាត​លើ​ទ័ណ្ឌកម្ម​ហាម​លក់​អាវុធ​ទៅ​ឲ្យ​យេម៉ែន​ជា​លក្ខណៈ​ទូទៅ និង​ចង់​បាន​ទ័ណ្ឌកម្ម​មួយ​ដោយ​សំដៅ​ចំៗ​លើ​បុគ្គល​ដោយ​ហាម​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស ឬ​បង្កកផ្អាប់​ទុក​ទ្រព្យសម្បត្តិ។ គួរ​បញ្ជាក់​ថា រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត​​របស់​ប្រទេស​អ៊ីរ៉ង់ និង​ដែល​អ៊ីរ៉ង់​បាន​ចេញ​មុខ​គំាទ្រ​ចលនា​ឧទ្ទាម​ហ៊ូទី្ស​ជា​ចំហ​នៅ​យេម៉ែន។ កន្លង​មក ទីក្រុង​តេហេរ៉ង់​ថែម​ទំាង​បាន​ថ្កោលទោស​លើ​ប្រតិបត្តិការ​យោធា​របស់​អារ៉ាប៊ីសាអូឌីត​នៅ​យេម៉ែន និង​ព្រមាន​ទុក​ជាមុន​ពី​ផលវិបាក​នៅ​ពេល​ខាង​មុខ។

សូម​ជម្រាប​ជូន​ថា អន្តរាគមន៍​យោធា​ដឹកនំា​ដោយ​អារ៉ាប៊ីសាអូឌីត​នៅ​យេម៉ែន​ត្រូវ​បាន​ប្រទេស​ខ្លះ​ចាត់​ទុក​ជា​រឿង​ខុស​ច្បាប់ និង​ជា​​ការ​ឈ្លានពាន​លើ​បូរណភាព​ដែនដី​យេម៉ែន។ តែ​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែរ្ស​បាន​អះអាង​ជា​ថ្មី​ថា ប្រតិបត្តិការ​របស់​គេ​ជា​ប្រតិបត្តិការ​ស្រប​ច្បាប់ ព្រោះ​មាន​ការ​ហៅ​ឲ្យ​ជួយ​ពី​លោក​ប្រធានាធិបតី​យេម៉ែន​ហាឌី និង​ថា បេសកម្ម​របស់​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែរ្ស​នៅ​អង្គការ​សហប្រជាជាតិ​ពេល​នេះ​មិនមែន​ដើម្បី​សុំការ​គំាទ្រ​ជា​ផ្លូវការ​ពី​ក្រុមប្រឹក្សាសន្តិសុខ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ