អានតួអត្ថបទ
យេម៉ែន

អង្គការ​សហប្រជាជាតិ​ជម្លៀសជាបន្ទាន់​មន្រ្តី​របស់ខ្លួន​ចេញ​ពី​​យេម៉ែន​

ស្ថានការណ៍​កាន់តែ​ច្របូកច្របល់​ក្នុង​ប្រទេស​យេម៉ែន នៅ​បីថ្ងៃ​ក្រោយ អារ៉ាប៊ី សាអូឌីត បើក​ការវាយប្រហារ​តាម​ជើងអាកាស​ទៅលើ​ក្រុម​ឧទ្ទាម ហ៊ូទី្ស ដែល​រហូតមកដល់​ពេលនេះ បាន​ប្រើ​កម្លាំង​យោធា ចូល​កាន់កាប់​ទឹកដី ​យេម៉ែន​មួយផ្នែក​ធំ។ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី ២៨ មីនា បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ និង​មន្រ្តី​ទូត​បរទេស ប្រមាណ​២០០​នាក់ ត្រូវបាន​ជម្លៀស ដឹកចេញ​ជា​បន្ទាន់​ពី​អាកាសយានដ្ឋាន ទីក្រុង​សាណា។ ចំណែក​លោក​មែនស៊ូ ហាឌី ប្រធានាធិបតី​ស្របច្បាប់​យេម៉ែន​បាន​សម្រេច​មិន​ទាន់​ត្រលប់​ចូល​ប្រទេស​វិញ និង​បន្ត​ស្ថិតនៅ​ទីក្រុង​រីយ៉ាដ។ 

ក្រុមឧទ្ទាម​ហ៊ូទី្ស​ដែល​ចូល​កាន់កាប់​ទីក្រុង​សាណា ប្រឆាំង​នឹង​ការវាយប្រហារ​ជើងអាកាស​របស់​អារ៉ាប៊ី សាអូឌីត នៅថ្ងៃ​ទី ២៦ មីនា
ក្រុមឧទ្ទាម​ហ៊ូទី្ស​ដែល​ចូល​កាន់កាប់​ទីក្រុង​សាណា ប្រឆាំង​នឹង​ការវាយប្រហារ​ជើងអាកាស​របស់​អារ៉ាប៊ី សាអូឌីត នៅថ្ងៃ​ទី ២៦ មីនា REUTERS/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​កំពូល​នៃ​ក្រុមប្រទេស​អារ៉ាប់ ក្នុង​ប្រទេស​អេហ្ស៊ីប ព្រះចៅ សាល់ម៉ាន ស្តេច​ប្រទេស​អារ៉ាប៊ី សាអូឌីត​បាន​និយាយថា ប្រតិបត្តិការ​ទ័ព​អាកាស​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត និង​ចូលរួម​ពី​ប្រទេស​អារ៉ាប់​ចំនួន​៩​នឹង បន្ត​ធ្វើ នៅក្នុង​យេម៉ែន រហូត​ដល់​សន្តិសុខ​ត្រូវ​បាន​ធានា​ឡើងវិញ ក្នុង​ប្រទេស​នេះ។

 
តាំងពី​ថ្ងៃ​ព្រហស្បតិ៍ ទីក្រុង​រីយ៉ាដ ដែល​មាន​ព្រំដែន​យ៉ាងវែង​ជាមួយ​ប្រទេស​យេម៉ែន បាន​បើក​ប្រតិបត្តិការ​យោធា​ ​វាយប្រហារ​ទៅលើ​ទីតាំង​សំខាន់ៗ​របស់​ពួកឧទ្ទាម​ហ៊ូទី្ស ដែល​ទើប​ចូល​គ្រប់គ្រង​ទីក្រុង​សាណា និង​បណ្តេញ​ប្រធានាធិបតី ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ ចេញ​ពីអំណាច កាលពី​ដើម​ឆ្នាំនេះ។ ពួក​ឧទ្ទាម​ហ៊ូទី្ស​ដែល​ធ្លាប់​កាន់កាប់​ទឹកដី​ប៉ែកខាងជើង​យេម៉ែន ជាប់ព្រំដែន អារ៉ាប៊ី សាអូឌីត ជា​ក្រុមប្រដាប់​អាវុធ ​និកាយ​ស្ហ៊ីអ៊ីត ដែល​តែង​ប្រយុទ្ធប្រឆាំង​នឹង​រដ្ឋាភិបាល ក្នុង​បុព្វេហេតុ​ប្រឆាំង​អំពើពុករលួយ និង​បក្សពួក​និកាយ​ស៊ុននីត​និយម។

តាំងពី​ខែ​កញ្ញា​ឆ្នាំមុន ក្រុមឧទ្ទាម​ហ៊ូទី្ស បាន​ត្រូវរ៉ូវ​គ្នា​ឡើងវិញ ជាមួយ​អតីត​សត្រូវ​របស់ខ្លួន គឺ​អតីត​ប្រធានាធិបតី យេម៉ែន លោក​សាឡេស។ ក្រុមហ៊ូទី្ស​វាយចូល​កាន់កាប់​ទីក្រុង​បាន​យ៉ាង​ឆាប់រហ័ស ដោយសារ​តែ​ក្រុម​ទាហាន​រដ្ឋាភិបាល ដែល​នៅតែ​ស្ម័គ្រស្មោះ​នឹង​អតីត​ប្រធានាធិបតី​សាឡេស​បើកដៃ​ឲ្យដែរ។

មាន​ហេតុ​ផល​ច្រើន​យ៉ាង ដែល​ធ្វើ​ឲ្យ​អារ៉ាប៊ី សាអូឌីត​បើក​ការវាយប្រហារ​នៅក្នុង​ប្រទេស​យេម៉ែន។ ដោយប្រកាស​បើក​ប្រតិបត្តិការ មួយ​ដែល​មាន​ឈ្មោះ ថា ព្យុះផ្តាច់ព្រ័ត្រ អារ៉ាប៊ី សាអូឌីត ចង់​ទប់ទល់​នឹង​ការឈ្លានពាន​របស់​អ៊ីរ៉ង់ ដែល​ទីក្រុង​រីយ៉ាដ​ចោទ​ថា បាន​ជួយ គាំទ្រ​ក្រុម​ហូទី្ស ដើម្បី​ពង្រីកដែនអំណាច​អ៊ីរ៉ង់ ក្នុង​ប្រទេស​យេម៉ែន។ ការពង្រីក​ឥទ្ធិពល​របស់​អ៊ីរ៉ង់ នៅក្នុង​ប្រទេស​ជិតខាង​របស់ខ្លួន កំពុង​ក្លាយ​ជា​កង្វល់​របស់​អារ៉ាប៊ី សាអូឌីត មិនចាញ់​នឹង​ការគំរាមកំហែង​របស់​ក្រុមជីហាត និង​ពួកអាល់កៃដា ដែល​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​យេម៉ែន។ តាម​អ្នកទទួល​ខុសត្រូវ​ផ្នែក​ការទូត​របស់​ប្រទេស​អារ៉ាប់ នៅ​សមុទ្រ​ពែរ្ស៍ អារ៉ាប៊ី សាអូឌីត សម្រេច​ធ្វើ​អន្តរាគមន៍ ទ័ព​នៅយេម៉ែន បន្ទាប់​ពី​ផ្កាយរណប​របស់ខ្លួន​បង្ហាញ​ពី​ការតាំងទី កាន់តែច្រើន នៃ​កាំជ្រួច មីស៊ីល នៅក្នុង​ទឹកដី​យេម៉ែន ក្បែរព្រំដែន​ភាគខាងត្បូង របស់​អារ៉ាប៊ី សាអូឌីត និង​បន្ទាប់ពី ប្រធានាធិបតី​យេម៉ែន គឺ​លោក​ហាឌី ដែល​ខ្លួនគាំទ្រ ត្រូវ​បាន​ផ្តួល​ចេញ​ពី​អំណាច។

ម្យ៉ាងទៀត គេ​ប៉ាន់​ប្រមាណ​ថា មាន​កងទ័ព​អ៊ីរ៉ង់ សមាជិក​អេស្បូឡា និង​ពួកជីវពល អ៊ីរ៉ាក់ និកាយ​ស្ហ៊ីអ៊ីត ប្រមាណ ៥ពាន់​នាក់ កំពុង​ប្រយុទ្ធ​ជួយ​ក្រុមឧទ្ទាម​ហ៊ូទី្ស។ មន្រ្តីទូត​របស់​ក្រុមប្រទេស​អារ៉ាប់ ដែល​សុំ​មិន​បញ្ចេញឈ្មោះ បាន​និយាយ​ថា គេ​អាច​ធ្វើ​ប្រតិបត្តិការ​យោធា​វាយ​ទៅលើ​ក្រុម​ហ៊ូទី្ស​ដល់​ទៅ ៦ខែ និង​បាន​ត្រៀម​រួចហើយ ដើម្បី​ទប់ទល់​នឹង​ប្រតិកម្មយោធា​ណាមួយ​ពី​ប្រទេស​អ៊ីរ៉ង់។ ប្រទេស​អ៊ីរ៉ង់ មិន​ដែល​បាន​ប្រកាស​ជា​ផ្លូវការ​គាំទ្រ​ក្រុមហ៊ូទី្ស ប៉ុន្តែ បាន​ចេញ​មុខ​បរិហា​អន្តរាគមន៍​ទ័ពអាកាស​របស់​ប្រទេសអារ៉ាប់ ​ចំនួន ៩ នៅក្នុង​ប្រទេស​យេម៉ែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ