អានតួអត្ថបទ
ជប៉ុន

អតីត​ស្រីទាសករ​ផ្លូវភេទ​សម័យ​សង្គ្រាម​លោក ទាមទារ​សំណង​​ពី​ជប៉ុន

អតីត​ស្ត្រី​ទាសករ​ផ្លូវភេទ ៦​នាក់ ដែល​បាន​មក​ចូល​រួម​ប្រជុំ​ជាមួយ​សកម្មជន​អន្តរជាតិ​ នៅ​ទីក្រុង​តូក្យូ​ ថ្ងៃ​សៅរ៍​ទី ៣១​ឧសភានេះ បាន​ទាមទារ​ឱ្យ​ជប៉ុន​សុំ​ទោស​ជា​ផ្លូវការ​ ចំពោះ​ទោស​កំហុស​អតីតកាល របស់​ពលទាហាន​ក្នុង​សម័យ​សង្គ្រាម។ សំណុំ​រឿង​ដែល​បន្ត​បំពុល​ទំនាក់ទំនង​ជប៉ុន ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​ ជាពិសេស​កូរ៉េខាង​ត្បូង ឱ្យ​ល្អក់កករ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ
លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ Reuters/Paul Hackett
ផ្សាយពាណិជ្ជកម្ម

 

សន្និសីទ​សាមគ្គី​អាស៊ី បាន​រៀប​ចំឡើង ១២​ដង​រួច​មក​ហើយ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ជប៉ុន ឱ្យ​ទទួល​ស្គាល់​កំហុស​របស់​ទាហាន​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម ដែល​បាន​ចាប់​បង្ខំ​ស្ត្រី​​ ក្នុង​ប្រទេស​ក្រោម​អាណានិគម​ មក​ធ្វើជា​ទាសករ​បំរើ​ផ្លូវភេទ​​ និង​ដើម្បី​ ស្វែង​រក​វិធីសាស្ត្រ​ ជួយ​រដ្ឋាភិបាល​ជប៉ុន​ឱ្យ​ទទួល​ស្គាល់​កំហុស និង​ វិធានការ​ដែល​នាំ​ឱ្យ​ការ​សុំ​ទោស​ក្លាយ​ជា​សកម្មភាព​ពិត។

នៅ​លើក​នេះ មាន​ស្ត្រី​ជា​អតីត​ទាសករ​ ៦​រូប មក​ពី​កូរ៉េខាង​ត្បូង ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ម្នាក់​ជា​កូន​ស្រី​របស់​អតីតទាសករ​ជាតិ​ចិន បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​តូក្យូ ក្នុង​ថ្ងៃ​សៅរ៍​ទី ៣១​ឧសភា ដើម្បី​​​ទាមទារ​ការ​សុំ​ទោស និង​ ប្រាក់​សំណង​ ដល់​អតីត​ទាសករ​ផ្លូវភេទ​ទាំង​ឡាយ។ កាលពី​ឆ្នាំ​១៩៩៣ រដ្ឋាភិបាល​ជប៉ុន​​បាន​ចេញ​សេចក្តី​ប្រកាស​សុំ​ទោស​ ចំពោះ ទង្វើ​ចាប់​បង្ខំ​ស្ត្រី​ឱ្យ​បំរើ​ផ្លូវ​ភេទ​ទាហាន ប៉ុន្តែ​មិន​ទទួល​ស្គាល់​ជា​ដាច់ខាត​ថា​រដ្ឋាភិបាល​មាន​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ទាសករ​​ផ្លូវភេទ។ ជា​ហេតុធ្វើ​ឱ្យ​ភាគី​រង​គ្រោះ​យល់​ថា​ជា​ការ​សុំ​ទោស​មិន​ស្មោះត្រង់។

សំណុំ​រឿង​ទាសករ​ផ្លូវ​ភេទ​ ដ៏​ចម្រូង​ចម្រាស​នេះ ចាប់​កកើក​ឡើង​វិញ បន្ទាប់​ពី​រដ្ឋាភិបាល​អភិរក្ស​និយម​ជប៉ុន ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ល្បី​ខាងជាតិ​និយម ស៊ីនហ្សូ អាបេ បាន​ប្រកាស​ កាលពី​ខែ​កុម្ភៈ ថា​ចង់​សើរើ​មើល​ឡើង​វិញ​ ថា​តើ​គួរ​កែប្រែ​ការ​សុំ​ទោស ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៣ ឬ​យ៉ាង​ណា។ បន្ថែម​ពី​លើ​នេះ​ទៀត នៅ​ថ្ងៃពុធ​សប្តាហ៍​នេះ លោក អាបេ ​បានបង្កើត​ក្រុម​អ្នក​ឯកទេសមួយ​ ដើម្បី​សិក្សា សេចក្តី​ថ្លែង​ការណ៍​សុំទោស​ជា​ផ្លូវការ ឆ្នាំ​១៩៩៣ ថា​ពិត​ជា​ឈរ​លើ​មូលដ្ឋានច្បាស់​លាស់​ ត្រឹមត្រូវ តាម​​ប្រវត្តិសាស្ត្រ​និង​តាម​ហេតុការណ៍​មែន​ឬ​អត់។

​គេ​មិន​ទាន់​អាច​ដឹង​បាន​ទេ ថា​តើ​ការ​សិក្សា​របស់​តូក្យូ​ ដែល​ផ្អែក​លើ​សក្ខីកម្ម​របស់​ស្ត្រី​​ជា​ទាសករ​ផ្លូវ​ភេទ ១៦​រូប ភាគច្រើនបាន​ស្លាប់​បាត់​ជីវិត​ទៅ​ហើយ នឹង​មាន​លទ្ធផល​បញ្ច្រាស​នឹង​សេចក្តី​ប្រកាស​សុំ​ទោស​កាលពី​ឆ្នាំ​១៩៩៣​ឬ​យ៉ាងណា​ទេ។ ប៉ុន្តែ​ប្រហែល​ជា​ដល់​ពេលវេលា​ត្រូវ​ជម្រះ​បញ្ជី​ឱ្យ​ដាច់​ស្រលះ​ហើយ ព្រោះ​កាលពី​ខែ​មុន នា​ឱកាស​ទស្សនកិច្ច​នៅ​អាស៊ី លោក​ប្រធានាធិបតី​អាមេរិក បាន​ប្រកាសចាត់​ទុក ការ​ចាប់​បង្ខំ​ស្ត្រី​ឱ្យ​បម្រើ​ផ្លូវ​ភេទ ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ ដ៏​សាហាវ​ព្រៃផ្សៃ​មួយ។ អ្នកប្រវត្តិសាស្រ្ត​សំខាន់ៗ​ជាច្រើន​យល់ថា នៅ​ក្នុង​សម័យសង្រ្គាមលោក មាន​ស្រ្តី​ប្រមាណ​ជា ២០ម៉ឺននាក់ ចិន ឥណ្ឌូណេស៊ី ហ្វីលីពីន ​តៃវ៉ាន់ និង​ភាគច្រើន​មក​ពី​កូរ៉េ ត្រូវ​បាន​ជប៉ុន​ចាប់បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​បម្រើ​ផ្លូវភេទ​ដល់​ទាហាន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ