ការទូតបារាំងប្រឈមមុខនឹងមហាអំណាចថ្មីថ្មោងនៅទីក្រុងកាន
ជាទូទៅ ជំនួបកំពូលG២០ ជជែកពិភាក្សាពីសំណុំរឿងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប៉ុន្តែវាក៏ជាឱកាសមួយដែរ សម្រាប់ឲ្យពួកមេដឹកនាំធំៗក្នុងពិភពលោកឆ្លៀតជួបគ្នាជាទ្វេភាគី ដើម្បីលើកឡើងពីនយោបាយ ភូមិសាស្រ្តនយោបាយនិងសន្តិសុខអន្តរជាតិ។ នៅក្នុងន័យនេះ ប្រទេសបារាំងទំនងជាត្រូវប្រឈមមុខនឹងបណ្តាប្រទេសមហាអំណាចថ្មីថ្មោង។ មូលហេតុ គឺមកពីការទូតរបស់ទីក្រុងប៉ារីសនៅលើឆាកអន្តរជាតិកន្លងទៅថ្មីៗនេះ បានធ្វើឲ្យអាហ្វ្រិកខាងត្បូង ឥណ្ឌា និងប្រេស៊ីលមិនសប្បាយចិត្ត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៥:៤៤
មហាយក្សថ្មីថ្មោងចំនួនបី គឺអាហ្វ្រិកខាងត្បូង ឥណ្ឌា និងប្រេស៊ីលចោទបារាំងថា បានបន្លឹមបន្លំជំរុញឲ្យមានអន្តរាគមន៍យោធានៅប្រទេសលីប៊ី ដែលយោងទៅតាមពួកគេ មិនមែនជាសេចក្តីសម្រេចចិត្តពិតប្រាកដរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ទេ។ មហាអំណាចថ្មីថ្មោងទាំងបីមានជំហរនិងគោលការណ៍ដូចចិននិងរុស្ស៊ីដែរ នោះគឺការប្រឆាំងដាច់ខាតមិនឲ្យមានការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងនៃប្រទេសអធិបតេយ្យណាមួយក៏ដោយ នៅក្នុងលោក។ អ៊ីចឹងហើយ បានជាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បារាំងបានប្រឹងប្រែងស្តាទំនាក់ទំនងជាមួយប្រទេសធំៗទាំងបីឲ្យបានល្អប្រសើរឡើងវិញ និងឲ្យបានមុនការផ្តើមឡើងនៃជំនួបកំពូលG២០។ ពីព្រោះ បារាំងដែលជាប្រធានG២០មិនចង់ឲ្យមានភាពតានតឹងជាយថាហេតុកើតឡើងនៅពេលប្រជុំ និងចង់បានការគាំទ្ររបស់ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ដើម្បីអនុម័តសេចក្តីសម្រេចចិត្តសំខាន់ៗ នៅទីក្រុងCannes ក្នុងថ្ងៃនេះនិងថ្ងៃស្អែក។
ដូចគ្នាអ៊ីចឹងដែរ អាហ្វ្រិកខាងត្បូង ឥណ្ឌានិងប្រេស៊ីលអាក់អន់ចិត្តនឹងបារាំងមិនតិចទេ ដោយសារតែប្រទេសនេះមិនគោរពពាក្យសន្យារបស់ខ្លួន នៅក្នុងសំណុំរឿងកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខរបស់អ.ស.ប។ ប្រទេសបារាំងដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប និងដែលប៉ិនប្រសប់ខាងការទូតអន្តរជាតិយល់ដឹងថា អាហ្វ្រិកខាងត្បូង ឥណ្ឌា និងប្រេស៊ីលមានមហិច្ឆតាចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បដែរ។ ម្ល៉ោះហើយ តាំងពីឆ្នាំ២០០៧មកម្ល៉េះ រដ្ឋាភិបាលបារាំងបានសន្យាបា្រប់មហាអំណាចថ្មីថ្មោងទាំងបីនេះថា នឹងជួយជំរុញឲ្យមានកំណែទម្រង់នៅក្នុងអ.ស.ប ដើម្បីឲ្យពួកគេទទួលបាននៅទីបំផុត អសនៈអចិន្ត្រៃយ៍ម្នាក់មួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខ។ នៅឆ្នាំ២០១០ លោកប្រធានាធិបតីបារាំងSarkozy បានរហូតដល់ទៅប្រកាសថា កំណែទម្រង់អ.ស.បគឺជាសំណុំរឿងអាទិភាពមួយដែលបារាំងក្នុងឋានៈជាប្រធានG២០នៅឆ្នាំ២០១១ នឹងលើកយកមកដាក់នៅលើតុដើម្បីពិភាក្សា។ កាលណោះ លោកប្រមុខរដ្ឋបារាំងបានជូនជាទឡ្ហីករណ៍ថា ពិភពលោកបច្ចុប្បន្នមិនដូចពីមុនទេ មានមហាអំណាចថ្មីថ្មោងដែលកំពុងបន្តលេចត្រដែតឡើង ដូច្នេះមហាយក្សទាំងនេះ ត្រូវតែមានអំណាចខ្លាំងជាងមុននៅអ.ស.ប។ ក៏ប៉ុន្តែសម្រេចសម្រួចទៅ គ្មានឡើយប្រធានបទកំណែទម្រង់អ.ស.បនេះនៅក្នុងរបៀបវារៈនៃជំនួបកំពូលG២០នៅទីក្រុងCannes។
ដោយឡែក អាហ្វ្រិកខាងត្បូងដែលតាំងខ្លួនជាមហាអំណាចនៅអាហ្វ្រិកនិង ដែលក្នុងឋានៈជាចន្ទល់មួយដ៏មាំនៃសហភាពអាហ្វ្រិកបានបាក់មុខមិនតិចទេ ដោយសារតែប្រទេសបារាំង។ ម្យ៉ាង នៅក្នុងបញ្ហាប្រទេសកូតឌីវ័រ កន្លងទៅថ្មីៗនេះ លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូងJacob Zumba បានចេញមុខការពារលោកប្រធានាធិបតីLaurent Gbagboដែលបានក្រាញមិនព្រមចុះចេញពីតំណែង។ តែសម្រេចសម្រួចទៅ ស្រាប់តែបារាំងបានធ្វើអន្តរាគមន៍យោធាចូលចាប់ខ្លួនបុរសខ្លាំងនៃកូតឌីវ័ររូបនេះទៅវិញ។ ម្យ៉ាងទៀត នៅក្នុងបញ្ហាប្រទេសលីប៊ី អាហ្វ្រិកខាងត្បូងក៏បានបាក់មុខមិនតិចដែរដោយសារតែបារាំង។ ដំបូងឡើយ លោកJacob Zumbaដ៏មានទម្ងន់បានដើរតួនាទីជាអ្នកចរចាជាមួយKadhafi ពីព្រោះលោកចង់ឲ្យសហភាពអាហ្វ្រិកជាអ្នកដោះស្រាយគ្រប់បញ្ហាអាហ្វ្រិក។ ប៉ុន្តែនៅចុងបំផុត ស្រាប់តែកងទ័ពជើង អាកាសរបស់OTAN ដឹកនាំដោយបារាំង បានមកជួយពួកទ័ពឧទ្ទាមរំលំរបបរបស់Kadhafi ទៅវិញ។
និយាយរួម មហាអំណាចថ្មីថ្មោងទាំងបី អាហ្វ្រិកខាងត្បូង ប្រេស៊ីលនិងឥណ្ឌា ពិតមែនតែជាប្រទេសលទ្ធិប្រជាធិបតេយ្យដូចបស្ចិមលោក បែរជាមានជំហរដូចចិននិងរុស្ស៊ី ដែលជាប្រទេសកាន់អំណាចផ្តាច់ការ នៅលើឆាកអន្តរជាតិទៅវិញ។ ម្ល៉ោះហើយ មិនមែនមានតែបារាំងប៉ុណ្ណោះទេ សូម្បីតែអាមេរិកនិងអង់គ្លេស ក៏កំពុងប្រទាញប្រទង់ខ្លាំងជាមួយនឹងមហាអំណាចថ្មីថ្មោងទាំងបីដែរ។ នៅក្នុងបរិបទបែបនេះ គេរង់ចាំអុតមើលថា តើនឹងមានការប្រឆាំងខ្លាំងដែរឬទេនឹងគម្រោងសេចក្តីសម្រេចចិត្តសំខាន់ៗនៅទីក្រុងCannes ពីសំណាក់អាហ្វ្រិកខាងត្បូង ឥណ្ឌានិងប្រេស៊ីល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ