អានតួអត្ថបទ
ហ្វីលីពីន-ចិន

ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង៖ ​តុលាការ​ក្រុងឡាអេ​ប្រកាស​សាលក្រម​ថ្ងៃអង្គារ

តុលាការ​ក្រុងឡាអេ​នឹង​ប្រកាស​សេចក្តីសម្រេច​របស់ខ្លួន នៅថ្ងៃ​អង្គារសប្តាហ៍ក្រោយ ជុំវិញ​បណ្តឹង​របស់​ហ្វីលីពីន ដែល​ប្តឹង​ចិន​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ សេចក្តីសម្រេច​ដែល​គេ​កំពុងតែ​ទន្ទឹង​រង់ចាំ ហើ​យដែល​អាច​នឹង​ធ្វើ​ឲ្យ​ភាពតានតឹង​នៅ​ក្នុង​តំបន់​​កាន់តែ​កើនឡើង​ថែមទៀត។

វិមាន​សន្តិភាព នៅ​ទីក្រុង​ឡាអេ ប្រទស​ហូឡង់ ដែល​ជា​ទីស្នាក់ការ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល
វិមាន​សន្តិភាព នៅ​ទីក្រុង​ឡាអេ ប្រទស​ហូឡង់ ដែល​ជា​ទីស្នាក់ការ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល
ផ្សាយពាណិជ្ជកម្ម

៣ឆ្នាំ​ក្រោយ​ពី​បាន​ចាប់ផ្តើម​នីតិវិធី ទៅតាម​បណ្តឹង​របស់​ហ្វីលីពីន និង​ក្រោយ​ពី​បាន​បើក​សវនាការ​ចំនួន ២លើក ព្រមទាំង​ពិនិត្យ​ឯកសារ​ភស្តុតាង​ប្រមាណ​ជា​ជិត ៤ពាន់​ទំព័រ
តុលាការ​អចិន្ត្រៃយ៍​នៃ​អាជ្ញាកណ្តាល​ ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​ទីក្រុង​ឡាអេ ហើយ​ដែល​ជា​តុលាការ​អន្តរជាតិ​ចំណាស់​ជាងគេ​បំផុត​នោះ គ្រោង​នឹង​ប្រកាស​សេចក្តីសម្រេច​របស់​ខ្លួន នៅថ្ងៃ​អង្គារ វេលាម៉ោង ១១ព្រឹកម៉ោង​ក្នុង​ប្រទេស​ហូឡង់ ត្រូវ​នឹង​ម៉ោង ៤រសៀល ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកជំនាញ​ខាង​ច្បាប់​សមុទ្រ​អន្តរជាតិ ហើយ​ដែល​បាន​តាមដាន​រឿងក្តីនេះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអែហ្វប៉េ​ថា តុលាការ​ក្រុងឡាអេ​ទំនង​ជា​នឹង​កាត់សេចក្តី​ឲ្យ​ហ្វីលីពីន​ជា​អ្នក​ឈ្នះ​ចិន បើទោះបីជា​មិន​គ្រប់​ចំណុច​ទាំងអស់ ក៏​ទៅលើ​ចំណុច​ភាគច្រើន​ដែរ នៅ​ក្នុង​ចំណោម​ការ​ទាមទារ​របស់​ហ្វីលីពីន។

សំណួរ​ដែល​កំពុងតែ​ចោទឡើង​នៅពេលនេះ គឺ​នៅត្រង់​ថា តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ក្រោយ​ការ​ប្រកាស​សេចក្តីសម្រេច​នេះ?

ជាគោលការណ៍​ច្បាប់ ទាំង​ហ្វីលីពីន និង​ទាំង​ចិន សុទ្ធតែ​មាន​កាតព្វកិច្ច​គោរព​ទៅតាម​សេចក្តិសម្រេច​របស់​តុលាការ​ក្រុងឡាអេ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​វិញ វា​គឺ​ជា​រឿងស្មុគស្មាញ ដោយសារ​តែ​តុលាការ​មិនមាន​យន្តការ​ក្នុងការ​ចាប់បង្ខំ​ឲ្យ​រដ្ឋ​គោរព​ទៅតាម​សេចក្តីសម្រេច​របស់​ខ្លួន។

កាលពីថ្ងៃ​អង្គារ​ដើមសប្តាហ៍​នេះ លោក ឌុយទែរតេ ប្រធានាធិបតី​ថ្មី​របស់​ហ្វីលីពីន បាន​ព្យាយាម​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​ចិន​ទុកជាមុន ដោយ​បាន​លើកឡើង​ថា ហ្វីលីពីន​ត្រៀម​ខ្លួន​ចរចា​ជាមួយ​ចិន នៅ​ក្នុងករណី​ដែល​តុលាការ​ក្រុងឡាអេ​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ។ រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន​វិញ​អះអាង​ថា ហ្វីលីពីន​នឹង​សុខចិត្តសហការ​ជាមួយ​ចិន ដើម្បី​ចែកគ្នា​ធ្វើ​អាជីវកម្ម​លើ​ធនធាន នៅ​ក្នុង​តំបន់​ជាប់ជម្លោះ។

ក៏ប៉ុន្តែ​ ចិន​វិញ​បាន​ប្រកាស​តាំង​ពីដើម​រួចជាស្រេច​ទៅហើយ​ថា ខ្លួន​នឹង​មិន​ទទួលស្គាល់​សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ​នោះទេ ដោយ​នៅតែ​អះអាង​ដោយទទូច​ថា តំបន់​ដែល​ហ្វីលីពីន​ទាមទារ​នោះ គឺ​ជា​ទឹកដី​របស់ចិន ដោយ​គ្មាន​ជាប់ជម្លោះ​អ្វី​ទាំងអស់ ហើយ​ នៅ​មុនពេល​ដែល​តុលាការ​ប្រកាស​សាលក្រម ចិន​បាន​បញ្ចេញ​សាច់ដុំ តាមរយៈ​​សមយុទ្ធ​ទ័ព​ជើងទឹក​ទ្រង់ទ្រាយ​ធំ ដែល​បើក​ធ្វើ តាំង​ពីថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជាប់ជម្លោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ